ភ្នំពេញ ៖ អង្គការយល់ពីកម្ពុជា បានសម្ភោធអគារគម្រោង ឧត្តមសិក្សាមួយដើម្បី ផ្តល់ការស្នាក់នៅ និង ផ្តល់អហារូបករណ៍ ដល់និស្សិតក្រីក្រ នៅកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
អគារនោះមានកម្ពស់ ៤ជាន់ សម្រាប់ទទួលនិស្សិតក្រីក្រ នៅកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់ពួកគេឲ្យ ចូលសិក្សាថ្នាក់ឧត្តម ពិសេសដល់កុមារកំព្រា និងមានជីវភាពក្រីក្រ ។
លោក នឹម ថូត រដ្ឋលេខាធិការក្រសួង សង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ដែលបានចូលរួម សម្ពោធ អគារគម្រោងឧត្តមសិក្សា របស់អង្គការយល់ពីកម្ពុជា បានថ្លែងថា ការផ្តល់កន្លែងស្នាក់នៅ អាហារ និង ថ្លៃសិក្សាដល់និស្សិតក្រីក្រកម្ពុជា គឺជាការួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលពួកគេជាសិស្សក្រីក្រ មកពីបណ្តាខេត្ត និងគ្មានលទ្ធភាព បន្តការ សិក្សាដល់ថ្នាក់ឧត្តមសិក្សា ។
លោកថា “នេះជាការួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយការអប់រំដល់និស្សិតកម្ពុជា” ។
អគាររបស់អង្គការយល់ពីកម្ពុជា ដែលមានទីតាំងនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ បច្ចុប្បន្នទទួល បាននិស្សិតក្រីក្រចំនួន ២០នាក់ ដែលតាមគម្រោងជ្រើសរើស ផ្តល់និស្សិត ៨០នាក់ ៕