Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចូលប្លន់ ផ្ទះដូរលុយ លក់មាស និងលក់ជី នៅស្រុកពារាំង យកអស់ជាច្រើន តែសមត្ថកិច្ច មិនទាន់ជឿ ទំហំនៃការបាត់

$
0
0

-សមត្ថកិច្ច រកឃើញម៉ូតូ២គ្រឿង ដែលក្រុមចោរ ប្លុងចោលនៅ ក្បែរផ្ទះជនរងគ្រោះ

ព្រៃវែង៖ ជនសង្ស័យ ចំនួន៤នាក់ ប្រដាប់ដោយ អាវុធ វែង ខ្លី និងម៉ូតូចំនួន២គ្រឿង បានចូលទៅធ្វើ សកម្មភាពប្លន់ អាជីវករ រកស៊ី ដូរលុយ លក់គ្រឿងអលង្កា និងលក់ជី ស្ថិតនៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលា ម៉ោងប្រមាណ ៥៖៣០នាទី ល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ដោយជនរងគ្រោះអះអាងថា បានបាត់ម៉ូតូមួយគ្រឿង លុយរៀល លុយបាត និងមាស អស់ជាច្រើន ខណៈសមត្ថកិច្ច មិនទាន់ជឿនៅឡើយ រង់ចាំការ ស្រាវជ្រាវបន្តទៀត។

ស្នងការរង នគរបាល ខេត្តព្រៃវែង លោកឧត្តមសេនីយ៍ សេង សុភក្រ្ត ដែលចុះទៅកាន់ កន្លែងកើតហេតុ ក្រោយមានសកម្មភាពប្លន់រយះជាង៤០នាទី បានថ្លែងថា ក្រុមចោរប្លន់ មានចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿងនិងមានអាវុធ ក្នុងដៃ ចំនួន៣ដើម (កាំភ្លើងខ្លី២ដើម និងកាំភ្លើងអាកា១ដើម) បានចូលទៅភ្ជង់ បុរសជាប្តី អាយុ៥៥ឆ្នាំ ក្នុងផ្ទះវីឡាមួយ នៅភូមិព្រៃព្នៅ ខណៈស្រ្តីជាប្រពន្ធ កំពុងដុតសំរាម នៅក្រោយផ្ទះ។

លោក សេង សុភក្រ្ត ក្រោយដកស្រង់សំដីរបស់ជនរងគ្រោះមកបន្តទៀតថា នៅពេលក្រុមចោរ ទាំងនេះចូលទៅភ្ជង់នោះ ពួកវាបានសម្លុត ទៅជនរងគ្រោះឲ្យប្រមូល លុយដុល្លារ និងគ្រឿងអលង្កា ព្រមទាំងទ្រព្យសម្បត្តិ ប្រគល់ទៅពួកវា តែជនរងគ្រោះឆ្លើយថាមានតែលុយខ្មែរ ។

លោកស្នងការរង បានបន្តថា នៅពេលនោះ ដោយភ័យខ្លាំងពេក និងត្រូវក្រុមចោរ វាយផងនោះ ជនរងគ្រោះ ក៏បានប្រមូលទ្រព្យសម្បត្តិ ទាំងលុយដុល្លារ លុយរៀល លុយបាត និងគ្រឿងអលង្កា យកទៅឲ្យពួកវាដើម្បីរួចផុតពីសេចក្តីស្លាប់ ។

បើតាមលោក សេង សុភក្រ្ត ជនរងគ្រោះប្រាប់ថា ទ្រព្យសម្បត្តិដែលបាត់បង់នោះ រួមមាន លុយខ្មែរជិត៥០០លានរៀល លុយបាត២លានបាត មាស៣០តម្លឹង លុយដុល្លារចំនួន៥០០០ដុល្លារ និងម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១១ មួយគ្រឿងទៀតផង ដោយសារតែ ជនសង្ស័យបានទុកម៉ូតូម៉ាក ស៊ីរូស កញ្ចាស់របស់ពួកគេនៅទីនោះ។

លោក សេង សុភក្រ្ត មិនទាន់ជឿទាំងស្រុង នូវការលើកឡើងរបស់ជនរងគ្រោះថា បានបាត់ទ្រព្យសម្បត្តិ ដែលមានទំហំដ៏ច្រើនបែបនេះឡើយ ពីព្រោះនៅមានចំណុចសង្ស័យ មួយចំនួនទៀត ដែលតម្រូវឲ្យសមត្ថកិច្ច របស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវបន្តទៀត។

លោកថា ចំពោះករណីនេះ ជនរងគ្រោះហាក់បីដូចជា មិនសូវសហការជាមួយ សមត្ថកិច្ចទៀតផង ខណៈពីដំបូង សមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះមិនព្រមជួបនោះឡើយ។

បើតាមលោក សេង សុភក្រ្ត សកម្មភាពប្លន់នេះ បានកើតឡើងខណៈជនរងគ្រោះ នៅតែ២នាក់ ប្តីប្រពន្ធ ហើយផ្ទះប្រជាពលរដ្ឋ ផ្សេងទៀតបានបិទទ្វារអស់ហើយនោះ។

យ៉ាងណាក៏ដោយ ជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ ដោយសារតែលោកចោរប្លន់ទាំងនោះ មិនបានបាញ់ ពោលគ្រាន់តែភ្ជង់ និងសម្លុត វាយបន្តិចបន្តួចតែប៉ុណ្ណោះ។

យោងតាម ប្រភពព័ត៌មានពី សមត្ថកិច្ច រហូតមកដល់ រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ជនសង្ស័យទាំង៤នាក់ ពុំទាន់ត្រូវ បានចាប់ខ្លួននៅឡើយទេ ហើយសមត្ថកិច្ចក៏ មិនទាន់អាចធ្វើ ការសន្និដ្ឋាន ដើម្បីកំណត់ អត្ដសញ្ញាណ នោះឡើយ ក៏ព្រោះតែជនរង គ្រោះ មិនបានចូលរួម សហការពេញដៃពេញជើង ប្រាប់ពីភិនភាគ ក្រុមចោរទាំងនោះជូន ដល់សមត្ថកិច្ច ។

លោកឧត្ដមសេនីយ៍ សេង សុភក្ដ្រ បានបញ្ជាក់នៅ រសៀលថ្ងៃទី៨ ខែកញ្ញាថា បើទោះបីកម្លាំងសមត្ថកិច្ច ទាំងក្រសួងមហាផ្ទៃ និងខេត្ដព្រៃវែង ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ ដូចជា អាវុធហត្ថ រួមសហការគ្នា មិនទាន់បាន ចាប់ខ្លួនក្រុមចោរប្លន់ ទាំងនេះក៏ដោយ ប៉ុន្ដែសមត្ថកិច្ច បាននឹងកំពុងខិតខំប្រឹងប្រែងធ្វើការ ស្រាវជ្រាវ ដើម្បីតាម ប្រមាញ់ពួកគេ ។

លោក សេង សុភក្ដ្រ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច របស់លោកបាន រកឃើញ ម៉ូតូពីរគ្រឿង ដែលក្រុមចោរ បន្សល់ទុកនៅ តាមផ្លូវ ក្រោយពីពួកគេបាន ធ្វើសកម្មភាព និងរត់គេច ខ្លួននោះ ដែលមួយគ្រឿង ជារបស់ ជនរងគ្រោះ ម៉ាកសេ១២៥ ស៊េរី ឆ្នាំ២០១១ និងម៉ូតូគ្រឿងទៀត ម៉ាកស៊ីរូស ជាកម្មសិទ្ធ របស់ពួកគេ ។

ជុំវិញសកម្មភាព ប្លន់ខាងលើនេះ លោកឧត្ដមសេនីយ៍ បានបង្ហាញពីការលំបាកនូវការ មិនចូលរួមសហការ របស់ជនរងគ្រោះ ដែល ជាម្ចាស់ផ្ទះ ហើយការរៀបរាប់ពីជនរងគ្រោះ នៅមានចំណុច សង្ស័យ ហើយប្រាប់មិនអស់ទៀតផង ។ លោកបន្ដថា ក្រោយការសួរនាំ រហូតមក ដល់ព្រឹកថ្ងៃទី៨ ខែកញ្ញានោះ ជនរងគ្រោះ បានអះអាងថា ជំពាក់លុយ ក្រុមហ៊ុនចំនួន ៤០ម៉ឺនដុល្លារ ។

ប៉ុន្ដែជនរងគ្រោះហាក់បីដូចជាលាក់លៀម ហើយនៅ ក្រោយកើតហេតុ ភ្លាមៗនោះ មិនឱ្យសមត្ថកិច្ច ចូលផ្ទះរបស់ ពួកគាត់ ហើយថែមទាំង ជេរប្រមាថកាត ទានមកលើសមត្ថកិច្ច ទៀតផង លុះព្រឹកឡើង ទើបអនុញ្ញាតឱ្យសមត្ថកិច្ច ប៉ុន្ដែរើស មុខ ចូលទៅសួរនៅក្នុងផ្ទះរបស់គាត់ ។

លោក សេង សុភក្ដ្រ បានបញ្ជាក់ថា ជន រងគ្រោះជាប្ដីឈ្មោះ កែ រិទ្ធ អាយុ៥៥ឆ្នាំ រីឯ ប្រពន្ធឈ្មោះ ឈាង វណ្ណី អាយុ៥០ឆ្នាំ ពួកគេ មានកូន៣នាក់ កូនពីរនាក់ មករៀននៅភ្នំពេញ រីឯកូនម្នាក់ទៀត ទៅរៀននៅទីរួមខេត្ដព្រៃ វៃង ដូច្នេះរាល់ថ្ងៃពួកគេរស់នៅតែពីរ នាក់ប្ដី ប្រពន្ធប៉ុណ្ណោះ៕


Viewing all articles
Browse latest Browse all 8042


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>