ភ្នំពេញ ៖ ក្រសួងការងាររបស់កម្ពុជា បានស្នើឱ្យរដ្ឋាភិបាលចិន ជួយផ្តល់ជំនួយបន្ថែម សម្រាប់បង្កើត មជ្ឈមណ្ឌលការងារថ្មីចំនួន ១៨ កន្លែង ឱ្យបានគ្របដណ្តប់គ្របរាជធានី-ខេត្ត ដើម្បីផ្តល់ភាពងាយ ស្រួល ក្នុងការផ្តល់សេវាកម្ម រកការងារធ្វើជូនប្រជាពលរដ្ឋតាមជនបទ កាន់តែទូលំទូលាយឡើង ។
សំណើនេះ បានលើកឡើង ដោយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជា ជីវៈ ក្នុងជំនួបជាមួយលោក ស៊ិន ចាងស៊ីង (Xin ChangXing) អនុរដ្ឋមន្រ្តី ក្រសួងធនធានមនុស្ស និង សន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃចន្ទ ទី៨ ខែ សីហា នេះ ស្របពេលដែល លោកចាងស៊ីង បានធ្វើទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅកម្ពុជា ដើម្បីត្រួត ពិនិត្យ លើកគម្រោង សហប្រតិបត្តិការ ILOChina South-South ស្តីពី “ការពង្រីកសេវា ការងារ និង លើកកម្ពស់ព័តមាន ទីផ្សារការងារនៅកម្ពុជា” ។
បើតាមផ្តល់ដំណឹង ដោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមសារអេឡិចត្រូនិកមួយនៅថ្ងៃនេះ បានឱ្យដឹងថា ក្នុងជំនួបនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំតាមរយៈ លោក Xin Chang Xing សុំឱ្យរដ្ឋាភិបាលចិន ជួយបង្កើត មជ្ឈមណ្ឌលការងារចំនួន ១៨បន្ថែមទៀត ដើម្បីផ្សព្វផ្សាយ និងផ្តល់សេវាការងារ ឱ្យបាន គ្រប់ទូទាំង២៥ រាជធានី-ខេត្ត ។
ទន្ទឹមនឹងនេះ លោក អ៉ិត សំហេង ក៏បានស្នើសុំរដ្ឋាភិបាលចិន ពិចារណាផ្តល់នូវជំនួយឥតសំណង ឬ ហិរញ្ញប្បទានអនុគ្រោះដល់កម្ពុជា ដើម្បីមកកសាងជាវិទ្យាស្ថាន បច្ចេកទេស និងពង្រឹងវិស័យ បណ្តុះ បណ្តាលវិជ្ជាជីវៈនៅកម្ពុជាផងដែរ ។
លោក ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសកម្ពុជា មាន មជ្ឈមណ្ឌលការងារ ចំនួន៧កន្លែងរួចហើយ នៅតាមបណ្តារាជធានី-ខេត្ត អាទិភាព របស់កម្ពុជា ក្នុង នោះ មាននៅភ្នំពេញ បាត់ដំបង សៀមរាប ស្វាយរៀង កំពត តាកែវ និងកំពង់ចាមជាដើម ។
លោកបានបន្ថែមថា មជ្ឈមណ្ឌលការងារទាំងនេះ នឹងផ្តល់សេវាប្រឹក្សាការងារ ក៏ដូចជា ជួយស្វែងរក ការងារ ជូនប្រជាពលរដ្ឋ សម្រាប់តែក្នុងប្រទេសប៉ុណ្ណោះ ហើយថា បើសិនជា មានមជ្ឈមណ្ឌល ការ ងារគ្រប់រាជធានី-ខេត្តមែននោះ នឹងជំរុញឱ្យប្រជាពលរដ្ឋ កាន់តែងាយស្រួល ក្នុងការទទួល បានសេវា ការងារថែមទៀត បើទោះបីជាបច្ចុប្បន្ន ការផ្តល់សេវាប្រឹក្សា និងរកការងារធ្វើ បានទៅដល់ ស្រុក-ឃុំ តាមរយៈកិច្ចសហការពីអាជ្ញាធរមូលដ្ឋានក៏ដោយ ។
ទោះជាយ៉ាងណា ខាងភាគីចិនមិនទាន់យល់ព្រមភ្លាមៗ ចំពោះសំណើនេះ នៅឡើយទេ ។ បើតាម លោក ចាងស៊ីង ក្នុងជំនួបនៅព្រឹកមិញ បានអះអាងថា ភាគីចិននឹងទទួលយក សំណើររបស់កម្ពុជា ទៅ សិក្សា ហើយនឹងឆ្លើយតបវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ៕