កំពង់ចាម ៖ មានការរិះគន់ច្រើន ពីសំណាក់អ្នករកស៊ីដឹកឈើ តាមរ៉ឺមក ក៏ដូចជាខាងសមត្ថកិច្ចថា ឈ្មោះ ថេង ដែលជាភ្នាក់ងារផ្តល់ព័ត៌មាន ឲ្យអ្នកព័ត៌មានទូរទស្សន៍ក្នុងស្រុកមួយ បានយកឥទ្ធិពល ឈ្មោះទូរទស្សន៍នោះ ដើរប្រមូលលុយពីឈ្មួញរកស៊ីដឹកឈើតាមផ្លូវទឹក និងផ្លូវគោក តាមអំពើចិត្ត ក្នុង ខេត្តកំពង់ចាម ពិសេស គឺនៅតាមបណ្តោយដងទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម ។ ការរិះ គន់បែបនេះ បានលេចឮ ក្រោយពីមានការបង្ក្រាបទូកដឹកឈើអត់ច្បាប់ ១ គ្រឿង លួចដឹកឈើ ប្រភេទ សសរជ្រុងចំនួន ២២ ដើម នៅចំណុចមាត់ទន្លេ ភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ ចាម កាលពីម៉ោងជិតភ្លឺ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ ។
លោក យឹម អូន មេបញ្ជាការអាវុធហត្ថ ស្រុកកំពង់សៀម បានប្រាប់ឲ្យដឹងថា ខណៈដែលលោកចុះ បង្ក្រាបទូកឈើនោះ ភ្លាមៗ លោក បានទទួលព័ត៌មានពីម្ចាស់ទូកថា គេបានប្រាប់ឲ្យឈ្មោះ ថេង ជាអ្នក រត់ការ ។ លោក យឹម អូន បានឲ្យដឹងបន្ថែមថា កន្លងទៅ ស្ទើរតែគ្រប់ទូកដឹក គ្រួសារដែលមានបង្កប់ ឈើតិចតួចនៅបាតទូក ដឹកពីខេត្តក្រចេះ មកខេត្តកំពង់ចាម ឈ្មោះ ថេង នោះ តែងតែទំនាក់ទំនងបង្ខំ ឲ្យម្ចាស់ទូក បង់លុយឲ្យខ្លួនរត់ការ បើមិនដូច្នោះទេ ឈ្មោះ ថេង គម្រាមថតចុះផ្សាយលើទូរទស្សន៍ និង លើទំព័រកាសែត ។ ដូច្នេះ ម្ចាស់ទូក មានការខ្លាចផង ទើបបង់លុយឲ្យឈ្មោះ ថេង រត់ការ ហើយលុយ ដែលទទួលបានមិនដឹងថា ឈ្មោះ ថេង យកទៅរត់ការឲ្យអ្នកណានោះទេ ។
ជាមួយគ្នានេះដែរ ឈ្មោះ ស្នា ដែលជាឈ្មួញ រកស៊ីដឹកឈើតាមរ៉ឺម៉ក បន្តិចបន្តួច បានរៀបរាប់ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា កន្លងទៅថ្មីៗនេះ នៅពេលដែលខ្លួន ដឹកឈើ ពីស្រុកស្ទឹងត្រង់ យកមកលក់ឲ្យតាមដេប៉ូ នៅស្រុកកំពង់សៀម ឈ្មោះ ថេង តែងតែទៅឃាត់រ៉ឺម៉ក ដោយមិនបាន បញ្ជាក់ថា ខ្លួនជាសមត្ថកិច្ចខាងណានោះទេ ហើយបានទារឲ្យរូបគាត់បង់លុយ ក្នុងរ៉ឺមកដឹកឈើ១គ្រឿង ៣ម៉ឺនរៀល ដើម្បីយកទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធ ។ ឈ្មោះ ស្នា បានឲ្យដឹងទៀតថា ដោយការភ័យខ្លាច គាត់បានបង់លុយឲ្យឈ្មោះ ថេង គ្រប់ជើង ប៉ុន្តែ ក្រោយមកគាត់បានដឹងថា លុយទាំងអស់ ឈ្មោះ ថេង មិនបានយកទៅឲ្យសមត្ថកិច្ចណាទេ គឺយកដាក់ហោប៉ៅរបស់ខ្លួនឯងប៉ុណ្ណោះ ទើបគាត់សុំឲ្យឈ្មោះ ថេង ជួយបន្ធូបន្ថយលុយខ្លះ ប៉ុន្តែឈ្មោះ ថេង មិនព្រម និងបានគម្រាមគាត់ថា បើដឹកឈើទៀត ឈ្មោះ ថេង និងចាប់រ៉ឺម៉ករបស់គាត់ ទើបរយៈពេលប៉ុន្មានថ្ងៃនេះ គាត់មិនហ៊ានដឹកឈើទៅលក់ឲ្យដេប៉ូទៀតទេ ។ ឈ្មោះ ស្នា ក៏បានឲ្យដឹងទៀតថា រ៉ឺម៉កដឹកឈើ គ្នាគាត់មាន ៣គ្រឿង ហើយពេលដឹកឈើមកលក់ម្តងៗ ត្រូវបង់លុយឲ្យឈ្មោះ ថេង ចំនួន៩ ម៉ឺនរៀល ។ជាងនេះទៅទៀតនោះ ប្រភពដដែលនេះ បាន បង្ហើបឲ្យដឹងថា ឈ្មោះ ថេង បានដើរប្រមូលលុយពីអ្នករកស៊ីដឹកឈើជាច្រើនទៀត នៅក្នុងទឹកដីស្រុក ស្ទឹងត្រង់ ដោយមិនដឹងថា ឈ្មោះ ថេង មានតួនាទីជាអ្វីនោះទេ គ្រាន់តែដឹងថា ជាបណ្តាញយកព័ត៌ មានឲ្យអ្នកព័ត៌មានទូរទស្សន៍ក្នុងស្រុកមួយតែប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយទាក់ទិនទៅនឹងការរិះគន់ ឈ្មោះ ថេង ចំៗខាងលើនោះ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចរកការបំភ្លឺពីឈ្មោះ ថេង នោះបានទេ ៕