ភ្នំពេញៈ នៅទីស្តីការក្រសួងសង្គមកិច្ច នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាព ពិធីចែកសញ្ញាបត្រ មធ្យមបច្ចេកទេសផ្នែក វិស្វកម្មឧបករណ៍ សិប្បនិមិត្មនិងរណប ជូនដល់និស្សិតជំនាន់ទី១៩ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ដោយមាន ការអញ្ជើញ ចូលរួម ពីសំណាក់ ឯកអគ្គរដ្ឋទូត លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការអង្គការ សិស្សានុសិស្ស សរុបប្រមាណ១៧០នាក់។
យោងតាមរបាយការណ៍ របស់លោកសាណែត វឌ្ឍនា នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានឲ្យដឹងថា វិទ្យាស្ថានជាតិសង្គមកិច្ច បានធ្វើការបណ្តុះបណ្តាល លើជំនាញបរិញ្ញបត្រសង្គមកិច្ច បរិញ្ញបត្រកិច្ចគាំពារសង្គម បិរញ្ញាបត្រវិស្វកម្ម ឧបករណ៍សិប្បនិមិត្ម និងរណបបរិញ្ញបត្រសង្គមវិទ្យា ។ល។ លើសពីនេះ វិទ្យាស្ថាន នឹងពង្រីក ជំនាញបួនបន្ថែនទៀត គឺបរិញ្ញាបត្រគោលនយោបាយសង្គម, បរិញ្ញាបត្រគោលនយោបាយសាធារណៈ, បរិញ្ញបត្រ គ្រប់គ្រងសារធារណៈ និង បរិញ្ញាបត្ររដ្ឋបាលសាធារណៈ ។ ជាក់ស្តែង ពេលនេះ និស្សិត ដែលទើបតែប្រឡង បញ្ចប់ការសិក្សា និងជាប់ជាស្ថាពរនាពេលនេះ មានចំនួន១៣នាក់ក្នុងនោះនិសិ្សតមកពីប្រទេសនេប៉ាល់២នាក់, ប្រទេសប៉ាគីស្ថាន២នាក់, ប្រទេសហ្វីលីពីន១នាក់និងនិស្សិត កម្ពុជា៨នាក់។ នេះបញ្ជាក់ពីការខិតខំប្រឹង ប្រែងរៀនសូត្រ របស់ប្អូនៗនិស្សិត ត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ISPO ( សហគមន៍អន្តរជាតិអវៈយវៈ សិប្បនិមិត្មនិងរណប) កម្រិត២ជុំវិញពិភពលោក។
មានមតិសំណេះសំណាលនាឱកាសនោះ លោកវង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃវិទ្យាស្ថានជាតិសង្គមកិច្ច និងអង្គការកម្ពុជាត្រាស្ត ក្នុងកិច្ចសហការបានយ៉ាងល្អ ក្នុងការអប់រំបណ្តុះបណ្តាលកន្លងមក ដោយផ្អែកលើបទដ្ឋាន និងកម្មវិធីសិក្សាច្បាស់លាស់។
លោករដ្ឋមន្រ្តីបានបន្តទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជារាជរដ្ឋាភិបាល បានផ្តល់អាទិភាព ដល់ការធ្វើសមាហរណកម្មជនពិការទៅក្នុងសង្គម ព្រមទាំងបង្កឱកាសឲ្យបងប្អូនជនពិការ មានសិទ្ធិទទួលបាន តម្រូវការចាំបាច់ជាមូលដ្ឋាន ក្នុងគោលបំណង ឲ្យជនពិការ គ្រប់រូបអាចមានលទ្ធភាព រកប្រាក់ចំណូលទ្រទ្រង់ជីវភាពរស់នៅដោយឯករាជ្យ ប្រកបដោយសេចក្តីថ្លៃថ្នូរ ។
លោករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍ល្អៗ ជាច្រើនដល់និស្សិតទាំងអស់ ក្នុងគោលបំណង ពង្រឹងស្មារតីក្មួយៗ ឲ្យខិតខំធ្វើខ្លួនក្លាយ ជាអ្នកបច្ចេកទេសដ៏ល្អ ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការ កសាង សមត្ថភាពជនពិការ និងជួយជំរុញលើកទឹកចិត្តពួកគេ ធ្វើយ៉ាងណាឲ្យគេមានលទ្ធភាពរស់នៅ ដោយឯករាជ្យ និងមានសិទ្ធិពេញលេញ ក្នុងការចូលរួមកសាងសង្គម និងប្រែក្លាយខ្លួនគេ ទៅជាសមាជិកសកម្មរបស់សង្គមជាតិ ។
ជាទីបញ្ចប់ លោក វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញប្រគល់សញ្ញាបត្រមធ្យមបច្ចេកទេស ផ្នែកវិស្វកម្មឧបករណ៍សិប្បនិមិត្ម និងរណប ដើម្បីអបអរសាទរដល់និស្សិតជំនាន់ទី១៩ ទាំង១៣នាក់ ប្រកបដោយសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ៕