ភ្នំពេញ ៖ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន និងក្រុមគ្រួសារ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ ប្រធានផ្សារ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ អញ្ជើញចូលរួមដាក់ បិណ្ឌទី៥ នៅវត្តស្រះចក ជាការចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនា និងជាទម្លាប់របស់ប្រជា ពលរដ្ឋខ្មែរ ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ តាំងពីដើមរៀងមកនោះ ។
លោក គួច ចំរើន ក្រុមគ្រួសារ និងមន្ត្រីសាលាខណ្ឌ បាននាំទេយ្យទាន ដូចជាគ្រឿងឧបភោគ បរិភោគ និង ថវិកាមួយចំនួនប្រគេនព្រះសង្ឃ នៅវត្តស្រះចកផងដែរ ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុង វត្ត ។
សូមបញ្ជាក់ថា អំណោយជាទេយ្យ ដែលលោកអភិបាលខណ្ឌ និងអំណោយចូលរួមរបស់សង្កាត់ទាំង១១ និងផ្សារទាំង៣ របស់ខណ្ឌដូនពេញ ប្រគេនដល់ព្រះសង្ឃនៅវត្តស្រះចក រួមមាន លុយខ្មែរជាង ៣លានរៀល លុយដុល្លារ ២៣០ដុល្លារ អង្ករ ៥បាវ មីយើង ១០កេះ ទឹកសុទ្ធ ១០កេះ ទឹកក្រូច ១០កេះ ។
ការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ តាំងពីបិណ្ឌថ្ងៃទី១ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននាំគ្នាទៅ ដាក់បិណ្ឌនៅវត្ត ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរតាំងពីដើមរៀងមកនោះ ក្នុងគោលបំណងឧទ្ទិស កុសលផលបុណ្យជូន ជីដូនជីតា និងញាតិការទាំង ៧សន្តាន ដែលបានលាចាកលោកទៅនោះ ៕