ភ្នំពេញ ៖ យុត្តិធម៌ពិតជាមាន ទីបំផុតអតីតឧត្តមសេនីយ៍ យោធាផ្កាយ២ ឈ្មោះ គីម ម៉ារិន្ថា ត្រូវបានតុលាការ រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ពីបទឃាតកម្មដ៏សាហាវព្រៃផ្សៃសម្លាប់ ប្រពន្ធចុង និងកូនស្រីអាយុ ៦ឆ្នាំរបស់ខ្លួន ហើយយកសពពួកគេទាំងពីរនាក់ ទៅបោះចោលនៅជ្រោះពេជ្រនិល ។
ជនសង្ស័យជាទាហានពាក់ផ្កាយ២ រូបនេះ និងជាប្រធានក្រុមហ៊ុន រថយន្តក្រុងដឹកជញ្ជូន GST ត្រូវបាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីត្រូវចាប់ខ្លួន កាលពីម្សិលមិញ នៅក្នុងទឹកដីថៃជាប់ព្រំដែនប្រទេសឡាវ ។
ក្រោយពីបញ្ជូនខ្លួនទៅដល់សាលាដំបូងរាជធានីភ្នំពេញ រួចមក ជនសង្ស័យរូបនេះ ត្រូវបានព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានធ្វើការសាកសួរ ហើយឈានទៅដល់ការចោទប្រកាន់ រួច បញ្ជូនសំណុំរឿងទៅកាន់លោកចៅក្រមស៊ើបសួរ ធី ឆៃ ហើយចេញដីកាឃុំខ្លួនតែម្តង នៅព្រឹកថ្ងៃដដែលនោះ ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះ ព្រះរាជអាជ្ញា រង លោក កែវ សុជាតិ បានបញ្ជាក់ថា " ខ្ញុំបានចោទប្រកាន់ជននេះ ពីបទឃាតកម្មគិតទុកជាមុន យោងតាមមាត្រា ២០០ ហើយទោសហ្នឹងប្រឈមការជាប់ពន្ធនាគារអស់មួយជីវិត" ។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ មួយរូបបានថ្លែងឲ្យដឹងថា បន្ទាប់ពីព្រះរាជអាជ្ញារង កែវ សុជាតិ ធ្វើការចោទ ប្រកាន់រួចហើយនោះ សំណុំរឿងដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនទូទៅមួយនេះ ត្រូវបានបញ្ជូនទៅ កាន់ចៅក្រមស៊ើបសួរ ហើយចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្តងទៅ ។
គួរបញ្ជាក់ថា អតីតឧត្តមសេនីយ៍នៅក្រសួងការពាររូបនេះ រួមជាមួយកូនប្រសាប្រុសរបស់ខ្លួន បានរៀបចំគម្រោង សម្លាប់ស្ត្រីជាប្រពន្ធចុង និងកូនស្រីអាយុ ៦ឆ្នាំ នៅទីស្នាក់ការក្រុមហ៊ុនរថយន្តក្រុង GST ក្បែរផ្សារធំថ្មី ខណ្ឌ ដូនពេញ កាលពីអំឡុងខែមីនា ឆ្នាំ២០១៤ កន្លងទៅ ហើយជនសង្ស័យបានប្រើកូនប្រសាយកសពពួកគេទាំង ពីរនាក់ ដាក់ចូលវ៉ាលី ដឹកតាមរថយន្តលុច្សស៊ីសទៅទម្លាក់ចោលនៅជ្រោះពេជ្រនិល រួចត្រូវបានអ្នកកាប់អុស ប្រទះឃើញ ។
ក្រោយធ្វើសកម្មភាពដ៏សាហាវព្រៃផ្សៃនេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃសហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដោយមានការដឹកនាំបញ្ជាតាមផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញារង កែវ សុជាតិ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានទៅដល់ការចាប់ខ្លួនពួកគេទាំងពីរនាក់ជាបន្ត បន្ទាប់ ។
សូមបញ្ជាក់ថា សពជនរងគ្រោះ ស្ដ្រីជាម្ដាយឈ្មោះ រ៉ា ដារី អាយុ៣០ឆ្នាំ និងកូនស្រី ឈ្មោះ គឹម ដាវិចដា អាយុ៦ឆ្នាំ ដែលរស់នៅផ្ទះលេខ ២០ ផ្លូវលេខ២៦៧ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ត្រូវបានអ្នកកាប់អុសនៅក្នុងព្រៃ ប្រទះ ឃើញស្លាប់ដោយធុំក្លិនស្អុយនៅក្នុងថង់បា្លស្ទិចរុំបិទជិត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ៕