ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំពិធី ចុះកិច្ចព្រមព្រៀងសហប្រត្តិបត្តការ ចំនួន០៣ បន្ថែមទៀត ជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
ឯកឧត្តម ឌួង លាង បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងកំណើននិស្សិត ដែលចេះតែកើនឡើង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសាងសង់អគារទី៤ មួយខ្នងបន្ថែមទៀត មានកម្ពស់១៥ជាន់ ស្មើនឹង ៩២បន្ទប់ បំពាក់ដោយម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត និងមានសម្ភារ ឧបទ្ទេសទំនើបៗបំផុត សម្រាប់បម្រើការរៀននិងការបង្រៀន ដោយមានរៀបចំជា បន្ទប់ពិសោធន៍ផ្នែក បច្ចេកវិទ្យា, បន្ទប់រក្សាទិន្នន័យ, បន្ទប់គ្រប់គ្រងសុវត្ថិភាព, បន្ទប់ពិសោធន៍សណ្ឋាគារ, បន្ទប់ពិសោធន៍ ផ្នែកច្បាប់(បន្ទប់កាត់ក្តី), បន្ទប់ប្រជុំពីចំងាយ(Video Conference), សាលសន្និសីទ, ភោជនីដ្ឋាន និងកន្លែងហាត់ប្រាណ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៤ កន្លងទៅ។
ឯកឧត្តម សាកលវិទ្យាធិការ បានបន្ថែមទៀតថា ថ្ងៃនេះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានសមិទ្ធផលថ្មីចំនួន ០៣ទៀត គឺទី១ បានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ IBAS (International Business Academy of Scandinavia) ដែលជា សាកលវិទ្យាល័យនៅអឺរ៉ុប ដែលបានផ្តល់សេវាអប់រំ នៅក្នុងប្រទេសជាច្រើន នៅជុំវិញពិភពលោក ដើម្បីបណ្តុះបណ្តាលលើកម្មវិធី អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជាលក្ខណៈអន្តរជាតិ (International Master of Business Management) នៅសាកល វិទ្យាល័យ អាស៊ី អឺរ៉ុប យើង ដោយសិក្សាជាភាសាអង់គ្លេស ជាមួយសាស្រ្តាចារ្យជា ជនជាតិបរទេសសុទ្ឋសាទ ហើយពេលបញ្ចប់ ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រពី IBAS នៅអឺរ៉ុប ដោយប្រើប្រាស់ការសិក្សារយៈពេល តែមួយឆ្នាំ ប៉ុណ្ណោះ។
វគ្គសិក្សាថ្នាក់អនុបណ្ឌិតអន្តរជាតិនេះ នឹងចុះឈ្មោះចូលរៀនចាប់ពីថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៤តទៅ នឹងចាប់ផ្តើមចូលរៀននៅសប្តាហ៍ទី១ នៃខែតុលាឆ្នាំ២០១៤។ ទី២ បានចុះកិច្ចសន្យាទិញធានារ៉ាប់រង គ្រោះថ្នាក់ផ្សេងៗពី ក្រុមហ៊ុន ធានារ៉ាប់រង CVI សម្រាប់បុគ្គលិក និង និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ទាំងអស់ ឱ្យមានភាពកក់ក្តៅក្នុងការសិក្សា និងការបំពេញ ការងាររបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ទី៣ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនសិរីមង្គល ដោយផ្តល់អាហារូបករណ៍សិរីមង្គល សិក្សាឥតបង់ថ្លៃ ដោយមានភ្ជាប់ ការងារធ្វើរួចជាស្រេច សម្រាប់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងឆ្នាំសិក្សា ២០១៤-១៥ នេះចំនួន២០០កន្លែង។
ជាមួយនឹងសមិទ្ធផលថ្មីទាំង៣ខាងលើ និស្សិតសិក្សានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ពិតជា ទទួលបាននូវគុណភាពអប់រំកាន់តែប្រសើរ ព្រមទាំងទទួលបានភាពកក់ក្តៅថែមទៀត ព្រោះមានការធានារ៉ាប់រងគ្រោះថ្នាក់ផ្សេងៗ និងមានការងារធ្វើក្នុងពេលកំពុងសិក្សា ជាពិសេសនិស្សិត អាចសិក្សាជាមួយនឹងប្រព័ន្ធនៃការអប់រំ តាមស្តង់ដាអន្តរជាតិទៀតផង៕