ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៧ និងព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងភរិយា ក្រុមប្រឹក្សាខណ្ឌ រួមមនឹងមន្រ្តីសាលាខណ្ឌ, មន្រ្តីសាលាសង្កាត់ចាក់អង្រែក្រោម និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ទៀត បានចូលរួមសូត្រមន្ត ស្តាប់ធម៌ទេសនា ក្នុងពិធីកាន់បិណ្ឌក្នុងវេនទី១០ នៅវត្តចាក់អង្រែក្រោម ។
ក្នុងឱកាសចូលរួម កាន់បិណ្ឌនៅវេនទី១០នេះ លោកអភិបាលខណ្ឌ និង ភរិយាព្រមទាំងពុទ្ធបរិស័ទទាំងអស់ បាននាំ យកចង្ហាន់ ទេយ្យទាន វេរភត្តហា ប្រគេនព្រះសង្ឃ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតា បីតា ជីដូន ជីតា ញាតិការទាំង៧ សណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខហើយនោះ ព្រមទាំងបានពូនភ្នំខ្សាច់ ដើម្បីរំដោះកម្មពៀរវេរាផងទាំងពួង ដែលមានពីមុនមក ហើយទទួលយកនូវកុសលផលបុណ្យ ដែលបានកើតឡើងពីការធ្វើ បុណ្យទាន នាឱកាស បុណ្យភ្ជុំបិណ្ឌនេះ។
នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី បានប្រគេន បច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃ រួមមាន អង្ករ ១០បាវ, មី ១០កេស, ទឹកសុទ្ធ ១០កេស, ទឹកត្រី ១០កេស, ទឹកស៊ីអ៊ីវ ១០កេស, ភេសជ្ជ: ១០កេស និងថវិកា ២លានរៀល ។
ដោយឡែករដ្ឋបាល និងក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម បានចូលរួមប្រគេនដល់វត្ត ចាក់អង្រែក្រោម នូវអង្ករ ២បាវ, ទឹកសុទ្ធ ៤កេស, ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ មី ៣កេស ទឹកក្រូច ៤កេស ស្ករស ១បាវ និងតែ ៥៥កញ្ចប់ ។
ព្រះគ្រូចៅអធិការវត្តចាក់អង្រែក្រោម ក្នុងនាមព្រះសង្ឃ និង គណៈកម្មាការវត្ត បានថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌ និងភរិយា និងចៅសង្កាត់ចាក់អង្រែក្រោម ព្រមទាំងមន្រ្តីសាលាខណ្ឌ, សាលាសង្កាត់ និងពុទ្ធបរិស័ទជិត ឆ្ងាយទាំងអស់ ដែលបានចូលរួមធ្វើបុណ្យកាន់បិណ្ឌ និង បានចូលរួមចាប់មគ្គផល ទៅតាមកម្លាំង សទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងឱកាសបុណ្យ កាន់បិណ្ឌភ្ជុំបិណ្ឌនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា ក៏ដូចជាការអភិវឌ្ឍន៍ទីវត្តអារាម ឲ្យកាន់តែរីកចំរើន សម្រាប់ តម្កល់ទុកក្នុងវិស័យព្រះ ពុទ្ធសាសនាអស់កាលអង្វែង តរៀងទៅ ។
គួរបញ្ជាក់ថា៖ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមប្រពៃណីនៃ ព្រះពុទ្ធសាសនា ដ៏សំខាន់បើតាម ជំនឿ តរៀងមក បុណ្យនេះគេធ្វើឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនទៅ វិញ្ញាណក្ខ័ន្ធ បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការ ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ រួមនឹងវិញ្ញានក្ខ័ន្ធ របស់វីរៈបុព្វបុរសអ្នកស្នេហាជាតិ សូមឱ្យ ទទួលបាននូវមនុញ្ញផល និងទៅសោយសុខក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ហើយងាកក្រោយឱ្យពរជ័យ ដល់អ្នកដែលកំពុងរស់រាន មានជីវិត នាសព្វថ្ងៃនេះ ឱ្យទទួលបាននូវ សេចក្តីសុខ និងសេចក្តីរីកចំរើនគ្រប់ប្រការ ៕