កំពង់ស្ពឺៈ បុរសវ័យ៤២ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកសំរោងទង់ ធ្វើការឃាត់ខ្លួន និងបានយកមកសួរនាំ ក្រោយពីទទួលបាន ពាក្យបណ្តឹងពីជនរងគ្រោះ ថាបានចាប់រំលោភរូបនាង នៅក្នុងផ្ទះរហូតបានសម្រេច បន្ទាប់ពីជនសង្ស័យ ផឹកស្រាស្រវឹង ជាមួយឪពុករបស់នារីរងគ្រោះ ។ ហេតុការណ៍ការនេះបានកើតឡើង កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅស្រុកសំរោងទង់ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើ ឈ្មោះ អ៊ុំ ពិធូ ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង់ ខេត្តកំពង់ស្ពឺ។ ចំណែកនារីរងគ្រោះមានឈ្មោះ ស.គ មានអាយុ២១ឆ្នាំ។
ប្រភពសុំមិនបញ្ជេញឈ្មោះម្នាក់បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ជនសង្ស័យ បានមកផឹកស៊ីជាមួយ ឪពុករបស់នារីរងគ្រោះ ហើយក្រោយពីផឹកស្រវឹង ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភរូបនាងរហូតបានសម្រេច។ ជនសង្ស័យមិនព្រមសារភាពនោះទេ តែសុំដោះស្រាយ បញ្ចប់រឿងជាមួយនារីរងគ្រោះ ដោយឲ្យសំណងជាទឹកប្រាក់ ចំនួន១០០០ដុល្លារ តែត្រូវបានភាគីខាងនារីរងគ្រោះទាមទារឲ្យសង់ជំងឺចិត្តចំនួន១២០០ដុល្លារ ក្នុងការបញ្ចប់រឿងក្រោម ប្រាក់ចំនួន៣០០០ដុល្លារ ជាប្រាក់ទាមទារនៅថ្ងៃសម្របសម្រួលលើកដំបូង។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃុំខ្លួនជាបណ្តោះអាសន្ននៅការិយាល័យកណ្តាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តនៅឡើយ៕