ភ្នំពេញ៖ ខណៈដែល អត្រាគ្រោះថ្នាក់ការងារ បានកំពុងកើនឡើង គួរឱ្យព្រួយបារម្ភ នាយកដ្ឋាន ពេទ្យការងារ នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំ បណ្តុះបណ្តាលគ្រូបង្គោល កាន់តែច្រើន ដើម្បីចូលរួម បង្រៀន ពីការទប់ស្កាត់ គ្រោះថ្នាក់ការងារ នៅតាមការដ្ឋាន សំណង់ខ្នាតតូច។
ពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោល ស្តីពី ការកែសម្អរបៀបធ្វើការ នៅតាមការដ្ឋាន សំណង់ខ្នាតូច ដែលរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួម លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ ព្រមទាំងតំណាងមន្ទីរការងារ តំណាងនិយោជក តំណាងកម្មករនិយោជិក រួមទាំងតំណាងស្ថាប័ននានា។
ថ្លែងក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលនេះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ លោក ឡេង តុង ប្រធាននាយកដ្ឋាន ពេទ្យការងារ មានប្រសាសន៍ថា ការកែសម្អរបៀបធ្វើការ នៅតាមការដ្ឋាន សំណង់ខ្នាតតូច គឺជាផ្នែកសំខាន់មួយក្នុងការពង្រីក ការងារ សមរម្យទៅ ដល់អ្នកធ្វើការទំាងអស់ ដើម្បីនាំមកនូវសុវត្ថិភាព ក្នុងការបំពេញការងារ។
លោកថា តាមរយៈរបាយការណ៍ របស់បេឡាជាតិរបបសន្តិសុខសង្គម ករណីក្រោះថ្នាក់ការងារ និងស្លាប់ ដែលបាន រាយការណ៍ ពីបណ្តាសហគ្រាសគ្រឹះស្ថាន មានការកើនឡើង គួរឲ្យគាត់សម្គាល់។ ក្នុងឆ្នាំ២០១៣នេះ អត្រាគ្រោះថ្នាក់ការងារ ចំនួន ១៦.៧៧៥ករណី និងមានអ្នកស្លាប់ចំនួន ៩៦នាក់ ហើយមូលហេតុ នៃគ្រោះថ្នា្កក់ការងារទាំងនេះ មូលហេតុភាគច្រើន បណ្តាលមកពី ការប៉ះទៅនឹងម៉ាស៊ីន សារធាតុគីមី និងឧបករណ៍ ដែលប្រើប្រាស់ក្នុងផលិតកម្ម កំដៅ សំឡេង ធូលី បរិស្ថាន និងបរិយាកាស នៅកន្លែងធ្វើការមិនមានអនាម័យ ដែលប្រឈមទៅនិងជំងឺឆ្លងផ្សេងៗ។
លោកបានបន្ថែមថា វិធានការជាក់ស្តែង សម្រាប់កែសម្អអសុវត្ថិភាព និងសកម្មភាពអសុវត្ថិភាព ដែលអាចអនុវត្ត បានចំពោះ ស្ថាន ភាពជាក់ស្តែង នៃអ្នកធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច គឺពិតជាយើងត្រូវការ ចាំបាច់បំផុត។
លោកបន្តថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សំរាប់ការប្រើប្រាស់ ធ្វើជាទុន សម្រាប់យកទៅ អនុវត្តបន្ត ដើម្បីផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៌ថ្មីបន្ថែម ដល់មន្រ្តី កម្មករ និយោជិត និងអង្គការនិយោជិតទាំងអស់។
លោកបញ្ជាក់ទៀតថា យើងទាំងអស់គ្នា និងអ្នកដែលពាក់ព័ន្ធ ត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីកាត់បន្ថយ និងលប់បំបាត់បាន លក្ខខណ្ឌអសុវត្ថិភាព និងសកម្មភាពអសុវត្ថិភាព ដែលបណ្តាលឲ្យ មានករណីគ្រោះថ្នាក់ នៅក្លែងធ្វើការ។
ជាមួយគ្នានេះ លោកក៏បានប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការកែសម្អរបៀបធ្វើការ នៅតាមការដ្ឋានសំណង់ ខ្នាតូចនោះផងដែរ៕