តាកែវ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកអង្គរបូរី ព្រមទាំង លោកជំទាវ លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរី បានជួបសំណេះសំណាល និងចូលរួមកាន់បិណ្ឌទី១១ នៅវត្តភ្នំបូរ និងវត្តគំនូរ ក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។
ក្នុងឱកាសនោះ លោក សុខុម ភគវន្តមុនី បានថ្លែងអំពីប្រពៃណីខ្មែរយើង ដែលត្រូវបានប្រជាពលរដ្ឋថែរក្សាទុកតាំងពី បុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន ដែលបានចែកឋាន ទៅកាន់បរលោក ។ ជាមួយនឹងការធ្វើបុណ្យ ប្រពៃណីនេះ ក៏ជាការបង្ហាញ អំពីការរីកចម្រើន របស់ប្រទេសជាតិលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត ។
លើសពីនេះទៅទៀត លោក សុខុម ភគវន្តមុនី ក៏បានពាំនាំ នូវការផ្ដាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្ដេចប្រធានទាំងបី ដែលជាប្រមុខដឹកនាំកំពូល របស់ប្រទេសជាតិយើង ជាពិសេស លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ ដែលតែងតែគិតគូ ពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋគ្រប់ពេលវេលា និងទីកន្លែង ។
លោក សុខុម ភគវន្តមុនី ក៏បាននាំយកទេយ្យទាន ប្រគេនព្រះអង្គ គង់នៅវត្តទាំងពីរ រួមមានបច្ច័យ ទឹកសុទ្ធ ទឹកក្រូច មី ព្រមទាំងសម្ភារៈ មួយចំនួនទៀត ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ព្រមទាំង លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកអង្គរបូរី បាននាំគ្នាដាំដើមឈើ តាមបណ្តោយផ្លូវទៅកាន់រមណីយដ្ឋានភ្នំដា និងវត្តភ្នំបូរី ៕