ភ្នំពេញ៖ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ចែកសញ្ញាប័តជូនដល់និស្សិត នៃសកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យានៅថ្ងៃទី២៥ ខែកញ្ញាស្អែកនេះ អាជ្ញាធរចម្រុះខណ្ឌចំការមន បានសហការគ្នាចុះត្រួតពិនិត្យរដ្ឋបាល នៅតាមកន្លែងស្នាក់នៅមួយចំនួន របស់កម្មករបម្រើការងារនៅកោះពេជ្រ។
នៅម៉ោង ៣៖១០នាទី រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ នេះ អភិបាលរងខណ្ឌចំការមនលោក ជ គឹមស៊ បានដឹកនាំកម្លាំងអាជ្ញាធរមួយចំនួន ចុះត្រួតពិនិត្យតាមអគាស្នាក់នៅរបស់កម្មករ ដែលបម្រើការងារនៅក្នុងមជ្ឈមណ្ឌល កំសាន្តកោះពេជ្រ ដែលស្នាក់នៅក្បែរកន្លែងប្រារព្ធពិធី។
ក្នុងនោះដែរអភិបាលបាលរងខណ្ឌចំការមន លោក ជ គឹមស៊ និងអាជ្ញាធរដែលចុះត្រួតពិនិត្យរដ្ឋបាល ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបម្រើការងារ និងស្នាក់នៅក្នុងកោះពេជ្រនោះ ត្រូវតែនាំគ្នាសហការគ្នាជាមួយអាជ្ញាធរ ត្រូវរាយការណ៍មកកម្លាំងនគរបាលមូលដ្ឋាន ប្រសិនបើសង្កេតឃើញមានភាពមិនប្រក្រតី ឬក៏មានជនប្លែកមុខណាមកស្នាក់នៅក្នុងបន្ទប់ និងធ្វើសកម្មភាពអ្វីផ្សេងៗ។ ជាមួយគ្នានោះដែរ ក្រុមអាជ្ញាធរខណ្ឌចំការមន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងប្រារព្វពិធីនេះ សូមបន្តថែរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការរស់នៅ៕