ភ្នំពេញ ៖ ក្រោយភ្លៀង ធ្លាក់មួយមេធំ ពេញមួយព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បានធ្វើឲ្យសំរាម និងកាក សំណល់ផ្សេងៗ ហូរចាក់ចោល នៅខាងមុខផ្ទះ របស់ ប្រជាពលរដ្ឋ នៅពេលទឹកស្រក ទៅហើយនោះ។
ដូច្នេះប្រជាពលរដ្ឋ ជាច្រើននាក់ ជាពិសេស នៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ បាននាំគ្នាចេញ មកបោសសំអាត និងលាងផ្លូវ មុខផ្ទះរបស់ខ្លួន នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ដើម្បីកុំឲ្យ ធំក្លិនស្អុយ និងមានភាពកង្វក់ ខាងផ្នែកបរិស្ថាន ។
ជាមួយគ្នានេះ គេក៏សង្កេតឃើញ កម្លាំងសណ្តាប់ធ្នាប់ របស់គណៈកម្មាការផ្សារកណ្តាល ដឹកនាំដោយ លោក ចាប ឌីណា បានចុះលាងសំអាត តាមផ្លូវជុំវិញផ្សារ ផងដែរ ក្រោយទឹក បានហូរស្រក ទៅហើយនោះ ។
លោក ចាប ឌីណា បានឲ្យដឹងថា ក្រោយទឹកស្រក ផ្លូវនៅជុំវិញផ្សារកណ្តាល មានភាពកង្វក់ ដោយសារតែមាន ភក់ សំរាម និងកាកសំណល់ផ្សេងៗ បានហូរ តាមខ្សែទឹក ដូច្នេះហើយទើប លោកអភិបាល ខណ្ឌដូនពេញ គួច ចំរើន បានណែនាំឲ្យ លោកដឹកនាំកម្លាំង ដោយមានការចូលរួម ពីប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាននោះ ចុះលាងសំអាត ផ្លូវឲ្យបានស្អាត ។
លោក ចាប ឌីណា ប្រធានគណៈកម្មការ ផ្សារកណ្តាល បានបន្តទៀតថា ក្រោយប្រតិបត្តិការ ចុះលាងសំអាត តាមផ្លូវ រួចហើយនោះ ប្រជាពលរដ្ឋ អាចឆ្លងកាត់តាមផ្លូវ បានដោយស្រួល និងលែងធំក្លិន ស្អុយទៀតហើយ ។
បើតាម លោក ចាប់ ឌីណា បច្ចុប្បន្នដោយមានការយកចិត្តទុកដាក់ ពីអភិបាល រាជធានីភ្នំពេញ និងអភិបាល ខណ្ឌដូពេញ ចំពោះការរៀបចំប្រព័ន្ធលូរ ក៏ដូចជា ការចុះស្តាលូរ និងកាយសំរាម តាមមាត់លូរ ជាប្រចាំនោះ បានធ្វើឲ្យល្បឿន ទឹកហូរចាក់ទៅទន្លេ បានយ៉ាងឆាប់រហ័ស បើទោះបីជា មានភ្លៀងខ្លាំង យ៉ាងណាក៏ ដោយនោះ។
សូមបញ្ជាក់ថា នៅពេលមានភ្លៀងធ្លាក់ម្តងៗ សម្រាប់ភូមិសាស្រ្ត ខណ្ឌដូនពេញ គេសង្កេតឃើញ អភិបាលខណ្ឌ លោក គួច ចំរើន បានដឹកនាំកម្លាំងផ្ទាល់ ចុះស្តារសំរាម និងកាយកាកសំណល់ តាមមាត់លូរ ដើម្បីកាត់បន្ថយ ការជន់លិច កាន់តែខ្លាំង នៅពេលមានភ្លៀងធ្លាក់នោះ ពីព្រោះភូមិសាស្រ្តខណ្ឌដូនពេញ ជាពិសេសម្តុំផ្សារ កណ្តាល ជាកន្លែងទទួលទឹក ពីគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ មុនចាក់ចូលទៅក្នុងទន្លេ ៕