ភ្នំពេញ ៖ ក្រោយពីលោកផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តី ការគណៈរដ្ឋមន្រ្តី បានបង្ហាញរូបថតមួយសន្លឹក របស់សព ឈុត វុទ្ធី កាលនៅរស់ ដោយមានស្ពាយ កាំភ្លើងពីក្រោយ រួមជាមួយមិត្ដភាពរបស់ គាត់បីនាក់ផ្សេងទៀត ឈរនិងអង្គុយពីមុខ ឈ្លូសមួយក្បាល ដែលពួកគាត់ជាព្រានព្រៃ បាញ់សម្លាប់នោះ ឥឡូវនេះមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ក៏សូមផ្សាយរូបថតលោក ឈុត វុទ្ធី កាលនៅរស់ផ្សេងទៀត ដែលទើប ទទួលបាន ។
រូបថតទាំងនេះ បានបង្ហាញក៏ដូចជាពិពណ៌នា អំពីលោកឈុត វុទ្ធី ជាអតីតព្រានព្រៃដ៏ចំណានម្នាក់ ដែល ច្រើនធ្វើសកម្មភាពប្រមាញ់សត្វព្រៃ នៅស្រុកវាលវែង និងស្រុកក្រវាញ ខេត្ដពោធិ៍សាត់ និងតំបន់ឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។
អ្នកដែលធ្លាប់ស្គាល់លោកឈុត វុទ្ធី ក៏ បានពិពណ៌នាឱ្យដឹងត្រួសៗ អំពីប្រវត្ដិការងារខ្លះរបស់លោកឈុត វុទ្ធី ដែរ ។ លោកឈុត វុទ្ធី ជាអតីតអ្នកព្រានព្រៃ ដ៏ចំណាន គាត់តែងតែបរបាញ់សត្វ នាពេលរាត្រី នៅតំបន់ វាលវែង ក្រវាញ ខេត្ដពោធិ៍សាត់ និងតំបន់ឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។ សត្វដែលលោកបានប្រមាញ់ ដូចជា ឈ្លូស ឆ្មាបា ទន្សាយ រួមទាំងសត្វខ្លា ផងដែរ ។
ក្រៅពីនេះ លោកឈុត វុទ្ធី ធ្លាប់មាន មុខរបរជាអ្នករកស៊ីទិញកាប់ឈើដោយខុស ច្បាប់នៅតំបន់ខាងលើ មុនពេលចូលបម្រើ ការងារក្រៅរដ្ឋាភិបាលឈ្មោះ CI ដែលធ្វើ កិច្ចការទៅលើផ្នែកធនធានបរិស្ថាន ធម្មជាតិ និងសត្វព្រៃ នៅកម្ពុជា ។
លោកឈុត វុទ្ធី នៅមានតួនាទីមួយទៀត ជាមន្ដ្រីកងរាជអាវុធហត្ថ ប៉ុន្ដែមិនដែលបំពេញ ការងារទេ ក្រៅតែពីមានមុខរបរខាងលើ ។ ទាំងនៅក្នុងពេលបំពេញការងារ ជាអ្នកឃ្លាំមើលបរិស្ថាន ក៏ដូចជាអភិរក្ស សត្វព្រៃលោកឈុត វុទ្ធី ក៏ជាអ្នកជំនួញវឈើនិងសត្វព្រៃដ៏ចំណានផងដែរ ។
អ្នកដឹងរឿង និងធ្លាប់ស្គាល់លោកឈុត វុទ្ធី បាននិទានរឿងបន្ដទៀតថា គាត់បានផ្ដល់ប្រាក់ខែ ៥០ដុល្លារ ក្នុងមួយខែ សម្រាប់អ្នកដើរព្រៃម្នាក់ៗ នៅស្រុកក្រវាញនិងស្រុកវាលវែង និងតំបន់ឱរ៉ាល់ដើម្បីស្វែងរកសត្វខ្លា នៅពេល ដែលបានឃើញដានជើងខ្លាហើយ អ្នកដើរព្រៃទាំងនោះ រាយការណ៍ឱ្យលោកឈុត វុទ្ធី ពីរបីថ្ងៃក្រោយ មកលោកឈុត វុទ្ធី និងអ្នកដើរព្រៃ តាមប្រមាញ់រកសត្វទាំងនោះ រួចហើយយកឆ្អឹងខ្លាទៅលក់ ។
អ្នកផ្ដល់មូលនិធិឱ្យអង្គការ CI ដែលមាន លោកឈុត វុទ្ធី តំណាងនៅភ្នំពេញ ពិតជា ពុំបានដឹងរឿងនេះទេ ក្រៅតែពីទទួលរបាយការណ៍និងសុំលុយសំណាក់ពីលោកឈុត វុទ្ធី យកទៅអភិរក្សសត្វទាំងនោះ តែធាតុពិតគេ យកលុយទាំងនោះ ទៅឱ្យអ្នកដើរព្រៃ ដែលផ្ដល់ព័ត៌មាន រួចហើយលោកឈុត វុទ្ធី ចាត់ការលើសត្វទាំងនោះតែម្ដង ។
អ្នកដឹងរឿងរ៉ាវបានបន្ដទៀតថា ក្រៅតែ ពីមុខរបរខាងលើ ឈុត វុទ្ធី ក៏ធ្លាប់រកស៊ីនាំរថយន្ដចង្កូតស្តាំពីប្រទេសថៃ តាមច្រករបៀងខេត្ដពោធិ៍សាត់ រួចឆ្លងកាត់មកខេត្ដកំពង់ឆ្នាំង មុននឹងរថយន្ដទាំងអស់នោះ បន្ដចែកចាយទៅតំបន់ផ្សេងៗទៀតនៅកម្ពុជា ។
ព័ត៌មានទាំងនេះ ត្រូវបានអ្នកផ្ដល់មកឱ្យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងត្រួសៗ តែប៉ុណ្ណោះនៅមាន រឿង រ៉ាវច្រើនផ្សេងទៀត ដែលលោកឈុត វុទ្ធី ធ្លាប់ប្រព្រឹត្ដកាលពីពេលដែលគាត់នៅរស់ ៕
លោកឈុត វុទ្ធី លើកបង្ហាញសត្វព្រៃឆ្មាបា ដែលគាត់បានប្រមាញ់នៅស្រុកវាលវែង