យូអិន៖ អង្គការសុខភាពពិភពលោក (WHO) របស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា នៅប្រទេសអាហ្រ្វិកខាងលិច មនុស្សច្រើនជាង ៧.០០០នាក់ បានឆ្លងមេរោគអ៊ីបូឡា។ នេះបើតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែកតាមការ លើកឡើងរបស់អ្នកនំាពាក្យ អង្គការសហប្រជាជាតិលោក ស្តេហ្វិន ឌូចារិកថា ចំនួនករណីអ៊ីបូឡាសរុបមាន ៧.១៧៨ករណី ជាមួយនឹងមនុស្សចំនួន ៣.៣៣៨នាក់ស្លាប់ ដោយផ្អែកលើព័ត៌មាន ដែលផ្តល់ដោយ ក្រសួងសុខភាពរបស់ប្រទេស ហ្គីណេ, លីបេរីយ៉ា និងប្រទេស សៀរ៉ាឡេអូន។
លោកបន្តថា «និន្នាការនៃការរីករាលដាលខ្លំាងឡើង បានបន្តនៅក្នុងប្រទេស សៀរ៉ាឡេអូន ហើយភាគច្រើនក៏ប្រហែលជា នៅក្នុងប្រទេស លីបេរីយ៉ាផងដែរ។ ផ្ទុយទៅវិញស្ថានភាពនៅប្រទេស ហ្គីណេ ហាក់ដូចជាមានស្ថេរភាពជាងមុន»។
សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងជំងឺកាចសាហាវនេះ មន្ត្រីសុខាភិបាលក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកឯនោះវិញ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលាថា ពួកគេបានត្រួតពិនិត្យសុខភាព លើមនុស្សប្រហែល ៨០នាក់ ដែលមានទំនាក់ទំនងទាំង ដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកជំងឺអ៊ីបូឡា ជនជាតិសហរដ្ឋអាមេរិក លើកដំបូងសម្រាប់ រោគសញ្ញានៃជំងឺនេះ៕