Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាលាក្ដីខ្មែរក្រហម នឹងបើកសំណុំរឿង ០០២ វគ្គ២ នៅមន្ទីរសន្តិសុខ ក្រាំងតាចាន់មុនគេ

$
0
0

ភ្នំពេញ៖ សាលាក្តីខ្មែរក្រហម នឹងបើកសំណុំរឿង ០០២ វគ្គ ២ ដោយលើកយក មន្ទីរសន្តិសុខក្រាំងតាចាន់ នៅស្រុក ត្រាំកក់ ខេត្តតាកែវ មកកាត់ក្តីមុនគេ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំ រវាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីលើសំណុំរឿង០០២ នៅថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៤ លោកស្រី Marie Guraud សហមេធាវីនាំមុខអន្តរជាតិ នៃអង្គភាពសហ មេធាវីនាំមុខ មាន ប្រសាសន៍ តាមរយៈ អ្នកបកប្រែថា ក្នុងនាមជ្ឈមណ្ឌលព័ន្ធកិច្ចឯកភាព គ្រឹស្ទបរិស័ទ រាជធានីភ្នំពេញ លោក ស្រី Marie Guraud ចង់ប្រាប់បងប្អូនថា ជាដំបូងសាលាក្តីខ្មែរក្រហម នឹងត្រួតពិនិត្យទីតាំង ឧក្រិដ្ឋកម្ម ២ នៅស្រុក ត្រាំកក់ ក្នុងខេត្តតាកែវ ជាពិសេសនៅមន្ទីរសន្តិសុខ ក្រាំងតាចាន់។

លោកស្រីបន្តថា “ចង់ជម្រាបទាក់ទិននឹងវិសាលភាព នៃការជំនុំជម្រះតំណាក់ កាលទី២ហ្នឹង គឺចាប់ផ្តើមទី១. គឺមន្ទីរ សន្តិសុខក្រាំងតាចាន់ នៅស្រុកត្រាំកក់ តាកែវ, ទី២. គឺនៅទំណប់ ១មករា ហើយនឹងបន្តទៀត គឺនៅព្រលាន យន្តហោះ នៅខេត្តកំពង់ឆ្នាំង”។

ទាក់ទងនឹងការផ្តល់សំណងចំពោះសំណុំរឿង ០០២ វគ្គ ១វិញ លោក ក្រាញ់ តូនី ប្រធានស្តីទី នៃការិយាល័យ រដ្ឋបាល សាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ នៅក្នុងឱកាសនោះដែរថា ជាធម្មតាការខូចខាត ការបាត់បង់ និងការឈឺចាប់ដែលបណ្តាលមកពី ឧក្រិដ្ឋកម្មធំៗ និងវិនាសកម្ម ដែលកើតមានឡើងដូចជាក្នុងសម័យខ្មែរក្រហម មិនអាចសង ឬជួសជុលឲ្យដូចដើមវិញ បានទាំងស្រុងនោះទេ។

លោកថា “ប៉ុន្តែ សំណងដែលមានលក្ខណៈជាផ្លូវចិត្ត និងសមូហភាព នៅសាលាក្តីខ្មែរក្រហមអាចនឹងជួយប៉ះប៉ូវ និងកែកុនផលវិបាកមួយចំនួនបណ្តាលមកពីអំពើព្រៃផ្សៃ ដែលបានប្រព្រឹត្តនៅសម័យខ្មែរក្រហម និងកែប្រែជា បណ្តើរនូវស្ថានភាពលំបាករបស់ជនរងគ្រោះ និងប្រទេសកម្ពុជា ឲ្យឆ្ពោះទៅកាន់ការអភិវឌ្ឍ ប្រកបដោយភាព វិជ្ជមាន”។

ពាក់ពន្ធនឹងបញ្ហានេះដែរ អ្នកស្រី ប៊ុន ណារី ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ស្ពឺ បាននិយាយថា សូមគាំទ្រចំពោះ សំណងរបស់សាលាក្តីខ្មែរក្រហមទាំងអស់នេះ នឹងសូមស្នើដល់សាលាក្តីជួយសាងកន្លែងមួយសរសេរឈ្មោះ មេខ្មែរ ក្រហមទាំងប៉ុន្មាននាក់ ដែលបានបង្កើតឲ្យមានរបបវាលពិឃាតកើតឡើង ដើម្បីឲ្យកូនចៅជំនាន់ ក្រោយ បានស្គាល់ និងទុកជាប្រវត្តិសាស្ត្រ។

អ្នកស្រីថា “សព្វថ្ងៃដែលខ្ញុំចង់បានជាសំណងនោះ ខ្ញុំអត់ចង់បានជាសំណងឯកជនទេ ប៉ុន្តែចង់បានជាសំណងរួម ក្នុង២៤ខេត្ត-ក្រុង គឺសុំក្នុងមួយខេត្តបានមួយ ដើម្បីនៅថ្ងៃណាមួយខ្ញុំទៅបាត់ ដើម្បីឲ្យកូនចៅខ្ញុំបានដឹង ថារបប របស់ម្តាយខ្ញុំវាអីចេស”។

ដោយឡែក ជនរងគ្រោះម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំង លោក ជុន សំអុល បានឲ្យដឹងថា សូមដាក់សំណើដល់ មេធាវី ទាំងអស់ ស្នើឲ្យសាលាក្តីខ្មែរក្រហមដាក់គោលការណ៍មួយទៀត គឺការដាក់សំណងផ្នែក ការខូចខាត ទ្រព្យសម្បត្តិឯកជន។

លោកបានបន្តថា “ច្បាប់រដ្ឋធម្មនុញ្ញ បានចែងហើយថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ គ្មានសិទ្ធិសើរើនូវទ្រព្យ នូវ ទ្រព្យអចលនវត្ថុ បាទ! ប៉ុន្តែខ្ញុំទាមទារនេះ គឺទាមទារឲ្យតុលាការផ្តល់សំណង ផ្នែកហិរញ្ញវត្ថុ មានន័យថា រូបិយប័នជាតិ ដែលមានតាំងពីសម័យសម្តេចសីហនុ រហូតដល់សម័យ លន់ នល់”។

សូមបញ្ជាក់ថា សាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ បានកាត់ទោសមេ ដឹកនាំខ្មែរក្រហមចំនួន ២នាក់ គឺលោក នួន ជា និងលោក ខៀវ សំផន ទៅលើសំណុំរឿង ០០២ វគ្គ១ ពីបទបញ្ជាផ្ទាល់ និងប្រយោល ឲ្យ សម្លាប់ប្រជាពលរដ្ឋអស់ជាង ២លាននាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

គួររំលឹកថា ក្នុងដំណើរបើកសវនាការសាលាក្តីខ្មែរក្រហមនេះដែរ រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ បានផ្តល់ជំនួយដល់ សាលាក្តីកូនកាត់មួយនេះ នូវទឹកប្រាក់ចំនួន ៥,២លានដុល្លារអាម៉េរិកផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles