ភ្នំពេញ៖ សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត (ERA) ដែលមានអង្គការ ជាសមាជិកជាង២០ បានទទូចដល់ គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) អនុញ្ញាតឲ្យ សង្គមស៊ីវិល និងសាធារណជន នានា បានចូលរួមស្តាប់ការ ពិភាក្សាកិច្ចប្រជុំនីមួយៗ របស់គណៈកម្មការចម្រុះ របស់រដ្ឋសភាផង។
ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពី តម្រូវការ នៃតម្លាភាព និងការទទួលបានព័ត៌មានការអនុវត្ត ដំណើរការកំណែ ទម្រង់ ការបោះឆ្នោត របស់គណបក្ស នយោបាយទាំងពីរ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ នាទីស្នាក់ការអង្គការ ខុមហ្វ្រែល រាជធានីភ្នំពេញ លោក ហ៊ឹម យន់ អ្នកសម្របសម្រួល សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាព សង្គម (CISA) បានមានប្រសាសន៍ថា រាល់ការសម្រេចចិត្ត របស់ក្រុមការងារ កំណែទម្រង់គណៈកម្មាធិជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) និងដំណើរការទាំងឡាយ នៃការបោះឆ្នោតនេះ គឺមានសារសំខាន់ក្នុងការ កាត់បន្ថយនូវ ទំនាស់ ទាំងឡាយក្រោយការបោះឆ្នោត។
លោកថា “បើនិយាយពីអភិបាលកិច្ចល្អ គឺត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងឡាយ ដូច្នេះ ក្រុមការងារនៃ គណបក្សទាំងពីរនេះ គួរតែបើកចំហ ឲ្យមានការផ្តល់ជាអនុសាសន៍ ផ្តល់ជាគំនិតយោបល់ ដើម្បីកែទម្រង់ នៃ ការបោះឆ្នោតហ្នឹងទទួលបានទាំងអស់គ្នា ទាំងសាធារណជន និងគណបក្សនយោបាយផ្សេងៗទៀត”។
លោក ហ៊ឹម យន់ បានបញ្ជាក់ថា បញ្ហានេះ មិនមែនសម្រាប់តែគណបក្សធំៗទាំងពីរនោះទេ ព្រោះជារឿងរបស់ សង្គមទូទៅ និងរបស់គណបក្សផ្សេងៗទៀតដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ បានផ្ញើលិខិតទៅគណបក្សនយោយបាយធំៗទាំងពីរ ស្នើសុំ ចូលរួមជាមួយអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំ ឬទទួលព័ត៌មានអំពីលទ្ធផល នៃកិច្ចប្រជុំនីមួយៗ របស់គណៈកម្មការ ចម្រុះ នៃរដ្ឋសភា ៕