ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាស់ ប៊ុលគាស នៃប្រទេសប្រ៊ុយណេ បានផ្ញើលិខិតមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តែងការ អបអរសាទរ និងកោតសរសើរ ដល់សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
លិខិត ដែលបានចេញផ្សាយ នៅក្នុងគេហទំព័រ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ សរសេរថា ខ្ញុំមាន សេចក្ដីសោមនស្សរីករាយក្រៃលែង និងសូមកោតសរសើរចំពោះសម្តេច រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ប្រកបដោយជោគជ័យ។
លិខិតនោះសរសេរបន្តថា ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្តេច ដែលបានទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ដល់គណៈប្រតិភូ របស់ខ្ញុំ ក្នុងអំឡុងពេលស្នាក់នៅ។ សម្រាប់ខ្ញុំ វាមានអត្ថន័យជាពិសេស ដែលមានឱកាសគោរពចុងក្រោយ ចំពោះព្រះសព ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ដែលជាព្រះរាជបិតារបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងលិខិតនោះបានលើកឡើងថា ក្នុងខណៈ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅចុងក្រោយ នៃឆ្នាំ២០១២ ប្រទេស ប្រ៊ុយណេដារូស្សាឡាម សង្ឃឹមថា នឹងបន្តកសាងបន្ថែមលើសមិទ្ធផលជាច្រើន ដែលអាស៊ានបានឃើញ ក្រោមការខិតខំដ៏សកម្មរបស់សម្តេច ក្នុងនាមជាប្រធានអាស៊ាន។
ប្រភពដដែលលើកឡើងទៀតថា នៅឆ្នាំក្រោយ ខ្ញុំជឿជាក់ថា ដោយមានការគាំទ្រពីមិត្តកម្ពុជា ប្រ៊ុយណេដារូស្សាឡាម ក្នុងនាមជាប្រធានអាស៊ាន អាចបន្តកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍របស់យើង និងលើកកម្ពស់សន្តិភាព ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់។
ព្រះចៅស៊ុលតង់ បានមានព្រះបន្ទូលថា ខ្លួនខ្ញុំផ្ទាល់ ខ្ញុំត្រៀមរង់ចាំយ៉ាងមុតមាំ ក្នុងការសហការជាមួយសម្តេច និងរង់ចាំស្វាគមន៍សម្តេច អញ្ជើញ មកប្រទេស ប្រ៊ុយណេដារូស្សាឡាម នៅឆ្នាំ២០១៣ ខាងមុខនេះ។
ព្រះចៅស៊ុលតង់ ក៏បានសម្តែងនូវការ គោរពយ៉ាងកក់ក្ដៅបំផុត និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបំពេញការងារដ៏ ល្អឥតខ្ចោះ ក្នុងនាមជាប្រធានអាស៊ាន។
គួរកត់សម្គាល់ថា បន្ទាប់ពីប្រទេសកម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ទទួលជោគជ័យយ៉ាងគាប់ប្រសើរនោះ មេដឹកនាំប្រទេសជាច្រើន បានផ្ញើលិខិតអបអរសាទរ និងកោតសរសើរ ដល់ ប្រទេសកម្ពុជា ដូចជានាយករដ្ឋមន្រ្ដីសិង្ហបុរី នាយករដ្ឋមន្រ្ដីអូស្រ្ដាលី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា តាមរយៈឯកអគ្គរដ្ឋទូត របស់ខ្លួន នៅកម្ពុជា ជាដើម៕