ភ្នំពេញ ៖ ខណៈម្ចាស់ផ្ទះ អង្គុយនៅមុខផ្ទះ ស្រាប់តែមាន ក្តឹបចោរ លបបើកទ្វារ ចូលទៅរើកកាយ របស់របរ ក្នុងផ្ទះរាយប៉ាយពេញ ហើយធ្វើសកម្មភាព លួចទូរស័ព្ទ២គ្រឿង និងទឹកអប់មួយដប តែត្រូវម្ចាស់ផ្ទះ ចូលទៅទាន់បម្រុង ចាប់ត្រូវបានក្តឹបចោរ គំរាមថា បើសិនជាហ៊ានចាប់ គេនឹងលោតសម្លាប់ខ្លួនហើយ។ ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី៩ ខែតុលា នៅផ្ទះលេខ៤៣ជាន់ទី៣ ក្រុម៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ម្ចាស់ផ្ទះមាន ឈ្មោះ គឹម ចាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ ធ្វើការនៅ នាយកដ្ឋានអង្គរក្ស ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិគោកគង់ ឃុំគោកគង់ ស្រុក កញ្ច្រាច ខេត្តព្រៃវែង ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គាត់មិនបានសម្រាកទេ គឺកំពុងតែនៅអង្គុយលេង នៅរានហាលខាងមុខផ្ទះ ស្រាប់តែមានក្តឹបចោរម្នាក់ បានឡើងតាមកំាជណ្តើរហើយសួរតោង តាមចំរឹងដែកដែលគេដាក់ខណ្ឌពីផ្ទះ មួយទៅផ្ទះមួយទៀត ហើយបានលបបើកទ្វារផ្ទះ ដែលអត់ចាក់សោចូល ទៅក្នុងផ្ទះរើកកាយ របស់របរក្នុងផ្ទះរាយប៉ាយ ហើយលួចបានទូរស័ព្ទ២គ្រឿង និងទឹកអប់មួយដប តែម្ចាស់ផ្ទះមិនបានដឹងថា មានចោរចូលក្នុងផ្ទះទេ ពេលដើរចូលទៅក្នុងផ្ទះ ស្រាប់តែប្រទះឃើញក្តឹបចោរកំពុងរើកកាយ របស់របរបម្រុងនឹងចាប់ឃាត់ខ្លួន ក៏ត្រូវក្តឹបចោររត់ចេញ មកក្រៅហើយស្រែកគំរាមថា បើសិនជាហ៊ាន ចាប់ គេនឹងលោតសម្លាប់ខ្លួនហើយ បន្ទាប់មកម្ចាស់ផ្ទះមិនបានចាប់ទេ បើចង់លោតក៏លោតចុះ តែក្តឹបចោរមិនហ៊ានលោតទេ ក៏ត្រូវម្ចាស់ផ្ទះចាប់ស្រាតខោទើបឃើញមានទូរស័ព្ទរបស់គាត់២គ្រឿងនិងទឹកអប់មួយដបនៅក្នុងខោទៅវិញ ។
ជនសង្ស័យមានឈ្មោះ កួយ ស៊ីនី ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំស្តុបកោស ដូង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានសារភាពថារូបគេធ្វើតាមបញ្ជារបស់គេទេ ប្រើឲ្យគេមកលួច ពេលដែលឃើញផ្ទះ ខាងលើនេះ បើកភ្លើងហើយ បើកទ្វារទៀត។ ទោះបីជាយ៉ាងណា គ្រាន់តែជាចម្លើយដោះសារតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុម្ចាស់ផ្ទះ បានឃាត់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចយក ទៅសាកសួរធ្វើការអប់រំណែនាំរួច បានប្រគល់ទៅអង្គការយកទៅអប់រំបន្តទៀត ។
ប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរកន្លែងកើតហេតុ បានលើកឡើងថា កន្លងមកផ្ទះរបស់គាត់ តែងតែមានក្តឹបចោរចូល ទ្រព្យសម្បត្តិជាញឹកញាប់ តែមិនដែលចាប់បានទេ គឺពួកគេលឿនខ្លាំងណាស់៕