ភ្នំពេញ៖ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំរបស់គណបក្សប្រឆាំងសង្រ្គោះជាតិ លោក គី វណ្ណដារ៉ា បានផ្ញើ លិខិត ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក្នុងគោលបំណងឲ្យ ជួយ ចេញសេចក្ដីណែនាំឲ្យបានច្បាស់លាស់ ក្នុងការបង្កើត គណៈកម្មាធិការនីមួយ នៅរដ្ឋបាល គ្រប់ គ្រង ថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព និង គណនេយ្យភាព។
លិខិតរបស់ លោក គី វណ្ណដារ៉ា ចុះថ្ងៃទី០៧ខែតុលា ឆ្នាំ២០១៤ដែលមជ្ឈ មណ្ឌលព័ត៌មាន ដើម អម្ពិលទទួលបាននៅថ្ងៃព្រហស្បត្តិ៍ទី០៩តុលា បានឲ្យដឹងថា កន្លងមកការបង្កើតគណៈ កម្មាធិការនីមួយៗនៅរដ្ឋបាលគ្រប់គ្រងថ្នាក់ក្រោមជាតិបង្កលក្ខណៈមិនចុះសម្រុងគ្នា រវាងសមាជិកក្រុមប្រឹក្សា នៃគណបក្សនៅក្នុង រដ្ឋាភិបាលនិងគណបក្ស មិននៅក្នុងរដ្ឋាភិបាល។
លោក គី វណ្ណដារ៉ា បានបន្ថែមទៀតថា ភាពមិនចុះសម្រុងគ្នានេះ បាននឹងកំពុង កើតឡើង នៅទូទាំង ប្រទេសកម្ពុជា ដែលធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការពង្រឹង ប្រសិទ្ធភាពការងារ តម្លាភាព និងគណនេ យ្យភាព សម្រាប់ការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យ នៅមូលដ្ឋានស្រប ទៅតាមនយោបាយវិមជ្ឈការ និង សហវិមជ្ឈការនិងកាប្ដេជ្ញាចិត្តរបស់រដ្ឋបាល គ្រប់គ្រងថ្នាក់ ជាតិក្នុងការពង្រឹងនិងការ ពង្រីកការអភិវឌ្ឍន៍ប្រកបទៅដោយ និរន្តភាព តម្លាភាព គណនេយ្យភាពនិង សមធម៌។
ស្ថិតក្រោមហេតុផលខាងលើនេះហើយ លោក គី វណ្ណដារ៉ាជំរុញឲ្យលោក សខេង ជួយចេញសេចក្ដី ថ្លែង ការណ៍ណែនាំឲ្យបានច្បាស់លាស់ ដោយឲ្យសមាជិកក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សដែលនៅក្រៅរដ្ឋាភិបាល បានចូលជាសមាជិក ក្នុងគណៈកម្មាធិការនីមួយដើម្បីផល ប្រយោជន៍រួម របស់ប្រជាពលរដ្ឋ៕