ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ ជាច្រើនរូបនាំយកគ្រឿង ចក្រចុះទៅកាយដី មួយកន្លែងដើម្បី បង្ហូរទឹកបញ្ជៀសការ កកស្ទះទឹកលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋដោយសារជំនន់ ទឹកភ្លៀងអស់រយៈពេល ២យប់កន្លងទៅនេះ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
លោក ហែម ដារិទ្ធិ ដែលបានបញ្ជាឲ្យគ្រឿងចក្រកាយដី មួយកន្លែងដើម្បីបង្ហូរកុំឲ្យ កកស្ទះលិចលង់លំនៅ ដ្ឋានប្រជាពលរដ្ឋនោះបានឲ្យដឹងថា បន្ទាប់ពីលោកទទួលបានព័ត៌មានពីមន្រ្តីរបស់លោករាយការ ថា មាន ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រី ខាងត្បូងនេះ រងការលិចលង់លំនៅដ្ឋានដោយជំនន់ទឹក ភ្លៀងនោះ លោកបាន ដឹកនាំ មន្ត្រីក្រោមឱវាទចុះមកភ្លាមដើម្បីត្រួតពិនិត្យ រកច្រកបញ្ចេញទឹកដើម្បីកុំឲ្យប៉ះពាល់ដល់ការ រស់នៅរបស់ ប្រជាពលរដ្ឋ ។
លោកបានបន្តថា បន្ទាប់ពីលោកមកពិនិត្យឃើញថា ការកកស្ទះទឹកនេះ គឺដោយសារតែមានដីមួយកន្លែង ត្រូវបានគេចាក់លុបជិតផ្លូវទឹក ទើបបង្កឲ្យមានការកកស្ទះទឹកបែបនេះ ហើយលោកក៏បានបញ្ជាឲ្យ គ្រឿងចក្រ កាយជាប្រឡាយ កាត់ដីនោះដើម្បីទម្លាយទឹកចេញ ឃើញថាបន្ទាប់ពីលោកបានបញ្ជាឲ្យកាយ តែមួយសន្ទុះ ក្រោយមកទឹកក៏បានស្រកយ៉ាងឆាប់រហ័ស ។
លោកបានបន្តថា ការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនេះ គឺជាចំណុចដែលលោកយកចិត្តទុកបំផុត ព្រោះការ លិចលង់លំនៅដ្ឋាននេះ គឺប្រជាពលរដ្ឋពិបាកក្នុងការរស់នៅ ហើយម្យ៉ាងវិញទៀតវាយងាយនឹងរងគ្រោះថ្នាក់ បំផុតពីព្រោះរាជធានីភ្នំពេញ ទីណាក៏មានប្រើចរន្តអគ្គិសនីដែរ មានទឹកចរន្តអគ្គិសនីឆ្លងតាម ទឹកឆក់បង្កឲ្យ គ្រោះថ្នាក់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោករស់នៅបាន សមរម្យដូចគេដូចឯងផងដែរ។
ជាមួយគ្នានេះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់នឹង បណ្តោយផ្លូវជាតិលេខ៣ ផ្នែកខាងកើតផ្លូវចាប់ពីរង្វង់មូលចោមចៅ រហូតដល់មុខង៧០នៅព្រឹកថ្ងៃទី២២ ខែតុលានេះ លោកនឹងនាំ គ្រឿងចក្រ ចុះទៅកាយប្រឡាយដើម្បីបើកផ្លូវទឹក ឲ្យហូរបានលឿនបញ្ជៀសនៃការ កកស្ទះទឹកក្នុងរដូវវស្សានេះ ហើយប្រសិនបើមានផលប៉ះពាល់សូមឲ្យបងប្អូន ប្រជាពលរដ្ឋអធ្យាស្រ័យនិងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឲ្យការចុះកាយនេះដំណើរការបានដោយរលូន៕