ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ពីម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៤ តបតាមការអញ្ជើញ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
សេចក្តីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ច លោក ប្រាយុទ្ធ នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងជួបពិភាក្សទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន ។
ព្រមជាមួយជាគ្នានេះដែរ លោក ប្រាយុទ្ធ នឹងគោរពព្រះវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅ មណ្ឌលព្រះបរមរូប សួនច្បារវិមានឯករាជ្យ ។
លោក ប្រាយុទ្ធ ចាន់អូចា និងសម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខា លើឯក សារ ចំនួន៣ រួមមាន ៖ ទី១-អនុស្សារណៈនៃការយោគ យល់គ្នាស្តីពីកិច្ចសហ ប្រតិបត្តិការ ទេសចរណ៍ រវាងរដ្ឋាភិបាលកម្ពុជានិងថៃ , ទី២-អនុស្សារណៈយោគយល់ ស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី ដើម្បី លុបបំបាត់ការជួញដូរមនុស្ស និងជួយជនរងគ្រោះ ដោយសារការជួញដូរ រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ និងទី៣-អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការតភ្ជាប់ផ្លូវដែក រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ ។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចហើយ សម្តេចតេជោ ហ៊ុន សែន និងលោកប្រាយុទ្ធ ចាន់អូចា នឹងធ្វើ សន្និសីទកាសែតរួមគ្នា ។
សូមបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថៃទី៣៩ កាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ដោយការបោះឆ្នោត របស់សភានីតិកម្ម ដោយសំឡេងគាំទ្រ ១៩១សំឡេង ក្នុង ចំណោមសមាជិកសភា ចូលរួមបោះឆ្នោត ១៩៧ រូប ៕