កំពង់ចាម៖ គម្រោងកាត់បន្ថយ ភាពក្រីក្រនិងអភិវឌ្ឍន៍ ខ្នាតតូចតំបន់បឹងទន្លេសាប ចំនួន២គម្រោង បានដាក់ឲ្យ ដេញថ្លៃ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ នៅសាលាឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវ បានគេមើលឃើញថា ការដេញថ្លៃនោះមិនតម្លាភាព គ្មានការប្រកួតប្រជែង ដោយសារតែ អ្នកម៉ៅការបាន និយាយចរចារគ្នារួច ជាស្រេចមុនពេលដំណើរការដេញថ្លៃ។
ជាក់ស្តែង ១គម្រោងជួសជុលទំនប់ត្រពាំងធំ ក្នុងឃុំតាំងក្រាំង ដាក់តម្លៃប៉ាន់ស្មាន ១៥.៣២២០ ដុល្លារ តែ អ្នកម៉ៅការមានចំនួន៥នាក់ ដាក់សំណើរតម្លៃដេញថ្លៃ ក្នុងនោះ គេបានរៀបចំឲ្យមានអ្នកដាក់តម្លៃទាប បំផុត ចុះរហូតដល់ទៅ៥០ភាគរយ ប៉ុន្តែធ្វើឲ្យខុសឯកសារ គណៈកម្មការទុកជាមិនបានការ បន្ទាប់មកសំណើរ ដេញថ្លៃចំនួន៤ទៀត គឺមានតម្លៃចុះបន្តិចបន្តួចដូចគ្នា១០០ ឬត្រឹមជាង៣០០ដុល្លាប៉ុណ្ណោះ ហើយគម្រោងនេះ បានទៅឈ្មោះ ចន្នី ។
ដោយឡែក ១គម្រោងទៀត ជួសជុលទំនប់តាកែប តាកង ក្នុងឃុំតាំងក្រាំងដែរ ដាក់តម្លៃប៉ាន់ស្មាន ២៤.៤៩៨ដុល្លារ ។គម្រោងនេះ មានអ្នកម៉ៅការដាក់សំណើរដេញថ្លៃចំនួន ៥នាក់ដែរ ក្នុងនោះអ្នកម៉ៅការបានរៀបចំដូចគម្រោងខាងលើដែរ ពោលគឺសំណើរដេញថ្លៃទាំង៥ មាន១ ដែលដាក់តម្លៃចុះរហូតដល់ទៅ៥០ភាគរយ នៃតម្លៃប៉ាន់ស្មានប៉ុន្តែធ្វើឲ្យខុសឯកសារ គណៈកម្មការទុកជាមិនបានការ ចំណែកសំណើរដេញថ្លៃ៤ទៀតគឺគេដាក់តម្លៃចុះតិចៗ ដូចគ្នា ហើយអ្នកយកគម្រោងនេះ ឈ្មោះ យូ វេងស្រ៊ី ។
ប្រភពពីអ្នកម៉ៅការ ក្នុងលក្ខ័ណសុំមិនចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា គម្រោង របស់ឈ្មោះ យូ វេងស៊្រី បានបង់លុយចំនួន១៦០០ដុល្លា ឲ្យទៅឈ្មោះ ដេវីត ជាអ្នកសម្របសម្រួល ក្នុងការ រៀបចំ ធ្វើឲ្យការដេញថ្លៃ គ្មានអ្នកម៉ៅការផ្សេងទៀតចូលរួមប្រកួតប្រជែង ។ដោយឡែក គម្រោងរបស់ឈ្មោះ ចន្នី គេមិនបានដឹងថា បង់ឲ្យឈ្មោះ ដេវីត ប៉ុន្មាននោះទេ ដើម្បីបោះទឹកតែ ។
ប្រភពដដែលនេះ បានឲ្យដឹងបន្ថែមថា លុយដែលបានពីអ្នកយកគម្រោង ទាំងពីរខាងលើ ឈ្មោះ ដេវីត បាន ធ្វើការចែកចាយទឹកតែ នៅទីកន្លែងសាលាឃុំតាំងក្រាំងតែម្តង ក្រោយពីការដេញថ្លៃ បានប្រកាសរំសាយ នៅថ្ងៃទី៣១ ខែតុលា នោះ។
ទាក់ទិនទៅនិងការចេញមុខសម្របសម្រួល បោះទឹកតែនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ ទំនងសុំការបកស្រាយពីឈ្មោះ ដេវីត បានទេ ដោយទូរស័ព្ទចុចចូល តែគ្មានអ្នកទទួល។ យ៉ាងណាក៏ដោយ ជំវិញព័ត៌មានមិនប្រក្រតី ក្នុងការដេញថ្លៃ គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ខ្នាតតូច តំបន់បឹងទន្លេសាប ចំនួន២ គម្រោង ខាងលើនោះ គណៈកម្មការ និងម្ចាស់លទ្ធកម្ម គួរតែលុបចោល និងយកមកដាក់ដេញថ្លៃ សារជាថ្មីវិញ៕