Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ករណីភ្លើងឆេះ ផ្សាររាត្រីសៀមរាប សមត្ថកិច្ច កំណត់ត្រឹមទុស្សេខ្សែភ្លើង ខណៈសំណង មិនទាន់ដឹងលទ្ធផល

$
0
0

សៀមរាប : ឧបទ្ទវហេតុ ឆេះផ្សាររាត្រី នៅខេត្តសៀមរាប ដែលបណ្តាលឱ្យ មនុស្សស្លាប់ ចំនួន ៨នាក់ និងរងរបួសធ្ងន់២នាក់ ខូចខាតទ្រព្យសម្បតិ្ត អស់ជាច្រើននោះ រហូតមកដល់ ពេលនេះ ចំណាត់ការស្រាវជ្រាវ របស់សមត្ថកិច្ច គឺរកឃើញ ត្រឹមតែ បណ្តាលមកពី ទុស្សេខ្សែភ្លើង តែប៉ុណ្ណោះ មិនមានរឿងអ្វីផ្សេងក្រៅពីនេះនោះទេ ។ ចំណែកឯការខូចខាត ទ្រព្យសម្បត្តិរបស់អាជីវករ ក៏គេនៅមិនទាន់សរុបតួរលេខ អស់នៅឡើយដែរ ហើយចំពោះ លទ្ធផលសំណង យ៉ាងណានោះ ក៏គ្មាននរណាដឹង នោះដែរ បើគិតមកដល់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ម្សិលម៉ិញនេះ ។

អ្នកខេត្តសៀមរាប នៅតែនាំគ្នា ឆ្ងល់នឹងតាមដាន លើឧបទ្ទវហេតុខាងលើនេះ ថាតើ ចុងក្រោយ អាជ្ញាធរសមត្ថកិច្ចនឹងដោះស្រាយយ៉ាងណានោះ ខណៈដែលក្រោយកើត ហេតុក្រុមគ្រួសារនៃភាគីរងគ្រោះ បាត់បង់ជីវិត និយាយរួមគឺសាច់ថ្លៃនិងសាច់ថ្លៃ ហាក់ដូចជា មើលមុខគ្នាមិនចំ ដោយសារតែការចោទប្រកាន់ ពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិ របស់សព ដោយគេដឹងថា ភាគីជនរងគ្រោះដែលស្លាប់ គឺជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ នៅក្នុងខេត្តសៀមរាបមួយរូប និយាយរួម គឺមានចំណែកភាគហ៊ុននៅលើទីតាំងដី ដែលសាងសង់ផ្សារជួលខាងលើនេះ ។

 នៅវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២នេះ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដឹកនាំ តំណាងរាស្ត្រ អាជ្ញាធរខេត្ត ចុះពិនិត្យទីតាំងដែលអគ្គីភ័យឆេះផ្សារ និងបានចូលរួមរំលែកទុក្ខសោក  ដល់សមាជិកគ្រួសារដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្ម អគ្គីភ័យដ៏កំណាចនៅក្រុងសៀមរាប ដែលបណ្ដាលមកពីឧប្បតិ្តហេតុនៃគ្រោះអគ្គីភ័យ នៅឯផ្សាររាត្រី សៀមរាប ក្នុងក្រុងសៀមរាប កាលពីរាត្រីទៀបភ្លឺថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានផ្ញើរសារជូនដល់បណ្ដា អាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកមើល៍ការខុសត្រូវ ទាំងឡាយឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរៀបចំ សាងសង់ ផ្សារ សណ្ឋាគារ និងទីប្រជុំជននានាប្រកបដោយបច្ចេកទេស និងសុខ សុវត្ថិភាពខ្ពស់បំផុត។

ចំពោះ លទ្ធផលបឋមនៃស្រាវជ្រាវ អគ្គីភ័យដ៏រន្ធត់នេះ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី នេះបើយោងតាមលទ្ធផលនៃការពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត និងសង្កេតរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការចុះដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សំ បូរ អនុប្រធានកណ្ដាលសណ្ដាប់ធ្នាប់សាធារណ: និងមន្ត្រីនគរបាលជំនាញពាក់ព័ន្ធ នៃក្រសួងមហាផ្ទៃ។ គឺរហូតដល់រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ លោក ភឹង ចិន្តារិទ្ធិ ស្នងការរងខេត្តសៀមរាប បានឲ្យដឹងថា គ្រោះអគ្គីភ័យដែលបណ្ដាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមានកុមារ៤នាក់ និងម្នាក់របួសធ្ងន់ធ្ងរ ម្នាក់ទៀតរបួសធ្ងន់ ក្នុងចំណោមពីរគ្រួសារ បងប្អូននៃសាច់ញាតិបង្កើត និងមានការឆេះទ្រព្យសម្បត្តិរបស់អាជីវករ ជាង ១០០តូប ក្លាយជាផេះផង នៅផ្សាររាត្រី សៀមរាប (ផ្សារហ៊ុយឡេង) ដែលស្ថិតក្នុងក្រុមទី៤ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ដសៀមរាប។

សូមបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីការវាយតំលៃនៃការខូចខាតសរុប អស់ទឹកបា្រក់ប៉ុន្មាននៅឡើយទេ។ បើតាមមន្ត្រីគ្រាន់តែបានឲ្យដឹងថាផ្សាររាត្រីសៀមរាបនេះ មានតូបសរុបចំនួន១០៩តូប ដែលក្នុងចំនួនខាងលើនេះ ត្រូវបានជួលឲ្យអាជីវករ ដើម្បីប្រកបអាជីវកម្មអស់ចំនួន ៧៣តូប។ ហើយទីតាំងផ្សារនេះ គឺមាន ម្ចាស់ដី/ផ្ទះ ដែលជាបងប្អូនបង្កើតនឹងគ្នា ៣នាក់ បានជួលឲ្យទៅថៅកែផ្សាររាត្រីម្នាក់ មានឈ្មោះ ហ៊ុយ ឡេង ក្នុងការរៀបចំបង្កើតផ្សាររាត្រី សៀមរាបនេះឡើង ក្រោមកម្រិតនៃច្បាប់ និងកិច្ចសន្យា តាមវិធីណាមួយនោះ។ តែឥឡូវនេះប្អូនប្រុសបង្កើត ២នាក់ ក្នុងចំណោមបងប្អូនប្រុសទាំង ៣នាក់ ត្រូវបានស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នោះហើយ។

ទោះជាយ៉ាងណានៅក្នុងគ្រោះអគ្គីភ័យដ៏កំណាចនេះ គឺមានការពាក្យចចាមអារ៉ាមជាច្រើនបានបង្កើតឡើង និងក៏មានការរិះគន់ ដោយក្ដីមិនពេញចិត្ត ចំពោះការជួយសង្រ្គោះ ជីវិតមនុស្ស នៅក្នុងហេតុការណ៏នោះផងដែរ ពិសេសបានរិះគន់ថា នគរបាលពន្លត់អគ្គីភ័យហាក់មានការយឺតយ៉ាវ ហើយបច្ចេកទេស សម្ភារ: និងសមត្ថភាពសង្រ្គោះ ហាក់មានកម្រិតទៀប ទើបបណ្ដាលឱ្យភ្លើងឆាបឆេះផ្សារ ពិសេសបានសម្លាប់ជីវិតមនុស្ស រហូតដល់៨នាក់។ ចំពោះ ការរិះគន់ទាំងនេះ លោក ភឹង ចិន្តារិទ្ធ ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការរិះគន់ក្នុងរឿងនេះ គឺមានមាត់ច្រើនណាស់ ហើយសមត្ថកិច្ចមិនប្រតិកម្មជាមួយប្រជាពលរដ្ឋណាម្នាក់ដែលរិះគន់ទេ ក៏ប៉ុន្តែសមត្ថកិច្ចសោកស្ដាយ ចំពោះការរិះគន់បែបនេះ ពីព្រោះតែកម្លាំងសមត្ថកិច្ចបានខិតខំអស់ពីសមត្ថភាពក្នុងការជួយសង្គ្រោះហើយ ។ លោក ក៏បានបញ្ជាក់ថា ក្នុងការពន្លត់អគ្គីភ័យនេះ គឺគេបានប្រើឡានទឹកចំនួន ៨គ្រឿង និងកម្លាំងជំនាញរាប់សិបនាក់ មកពី ៤អង្គភាព ដូចជានគរបាល ពន្លត់អគ្គីភ័យ កម្លាំងបរិស្ថានតំបន់អង្គរ កម្លាំងពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងកម្លាំងអាជ្ញាធរអប្សរា រួមទាំងប្រជាពលរដ្ឋ និងជនបរទេសជាច្រើនទៀត បានចូលរួមជួយពន្លត់អគ្គីភ័យនោះ។

ចំពោះអាជីវករដែលមានអឺវ៉ាន់ សម្រាប់លក់ដូរ តាមតូបក្នុងផ្សារនេះ បន្ទាប់ពីថ្ងៃកើតហេតុ គេបានឃើញពួកគាត់ មកជួបជុំគ្នា ដើម្បីផ្តល់ព័ត៌មាន ដល់សមត្ថកិច្ច ពីទ្រព្យសម្បត្តិដែលនៅក្នុងតូបនីមួយៗរបស់ពូកគាត់។ ហើយចំពោះ សំណងនៃការខូចខាតអឺវ៉ាន់ ទ្រព្យសម្បត្តិផ្សេងៗ ទាំងឡាយនោះ យើងមិនទាន់បានទទួលព័ត៌មាន ថា យ៉ាងណានៅឡើយនោះទេ រហូតដល់ថ្ងៃនេះ។

សូមបញ្ចាក់ថា ក្នុងគ្រោះអគ្គីភ័យដ៏កំណាច់នេះ បានបណ្តាលឲ្យមនុស្សពីរគ្រួសារស្លាប់ និងរបួសធ្ងន់ធ្ងរ ក្នុងនោះមួយគ្រួសារបាន ស្លាប់បាត់បង់ជីវិតសមាជិកគ្រួសារទាំងអស់ មានចំនួន ៥នាក់ (ឱពុក ម្ដាយ និងកូនប្រុស ស្រី ៣នាក់) និងមួយគ្រួសារទៀត ស្លាប់បាត់បង់ជីវិតចំនួន ៣នាក់ និងរងរបួសធ្ងន់ចំនួន ២នាក់។ អ្នកស្លាប់ទាំង ៨នាក់ និងរបួស ២នាក់ ទាំងពីរគ្រួសារនោះ ខាងប្រុសៗ ជាបងប្អូនបង្កើតនឹងគ្នា ដោយគ្រួសារទី១ មានគ្នា ៥នាក់ ទី១-(ជាមេគ្រួសារ) មានឈ្មោះ ហ៊ូ តឹកយីន ភេទប្រុស អាយុ ៤៤ឆ្នាំ (ស្លាប់) ទី២- ឈ្មោះ លុយ ឡាវី អាយុ ៣៥ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់) ទី៣-ហ៊ូ សឺលីន ភេទស្រី អាយុ ៨ឆ្នាំ ត្រូវជាកូន (ស្លាប់) ទី៤-ហ៊ូ សុខវុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវជាកូន (របួសធ្ងន់ធ្ងរ) និងទី៥-ហ៊ូ សុខវត្ថា ភេទប្រុស អាយុ ១៤ឆ្នាំ ត្រូវជាកូន (របួសធ្ងន់)។ ចំណែកមួយគ្រួសារទៀត មានគ្នា ៥នាក់ បានស្លាប់ទាំងអស់គ្នា ទី១-ហ៊ូ តឹកអន ភេទប្រុស អាយុ ៤២ឆ្នាំ, ទី២-ហ៊ឹង ឡៃហ៊ាង អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធ, ទី៣-ហ៊ូ សុខរិទ្ធី ភេទប្រុស អាយុ ១១ឆ្នាំ ត្រូវជាកូន, ទី៤-ហ៊ូ សុខរិទ្ធា ភេទប្រុស អាយុ ៨ឆ្នាំ ត្រូវជាកូន និងទី៥-ហ៊ូ អ៊ីធីង ភេទស្រី អាយុ ៣ឆ្នាំ ត្រូវជាកូន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles