បាត់ដំបង៖ ទីតាំងសិប្បកម្ម ឈើតម្លើងតុទូ អត់ច្បាប់មួយកន្លែង ស្ថិតនៅចំណុចក្រុមទី៩ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបំពងសំឡេងរណាអារ ម៉ាស៊ីនឈូស ខាត់ឈើ បង្កហុយកម្ទេចធូលី ឈើនិងថ្លង់រំខាន ដល់អ្នករស់នៅជិតខាង ដ៏រ៉ាំរ៉ៃយូរមកហើយ តែគ្មានសមត្ថកិច្ចជំនាញ ណាហ៊ានមកបង្រ្កាបឡើយ។ មិនដឹងថាម្ចាស់ ទីតាំងមួយនេះ មានខ្នងឬអាងអំណាចអ្វីទេ បានជាដោះស្រាយ មិនចេញធ្វើឱ្យអ្នករស់នៅ ជិតខាងអស់ លទ្ធភាពស៊ូទ្រាំរស់នៅទាំងវេទនារាល់ថ្ងៃ។
បើតាមសម្តីអ្នកជិតខាងម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកព័ត៌មានយើងថា រយៈកន្លងមកក៏ដូចជាបច្ចុប្បន្ន គឺមាន រថយន្តដឹកឈើប្រណីតចូល ផ្ទះសិប្បកម្មឈើលួចលាក់អត់ច្បាប់មួួយនេះជារឿយៗ នៅពេលយប់ ពេលគេធ្វើកែឆ្នៃ ហើយទើបដឹកចេញ ទៅវិញពេលថ្ងៃ។ លោកបានបន្តថា ម្ចាស់ផ្ទះសិប្បម្មនេះមានឈ្មោះ វុធ ប៊ុនថង ភេទប្រុស អាយុជាង២០ឆ្នាំ (ជាកូនប្រសារម្ចាស់ផ្ទះ) ពេលគេដឹកឈើចូលពេលណា កូនជាងរបស់គេចាប់ផ្តើមប្រើម៉ាស៊ីនអារ ឈូស ខាត់ ឈើ បំពងសម្លេងតម្លង់គ្មានពេលសម្រាក និងបង្ករំខានការសម្រាក បង្ហុយកម្ទេចធូលីឈើហុយមកលើផ្ទះអ្នកជិត ខាងប៉ះពាល់សិទ្ធក្នុងការរស់ប្រចាំថ្ងៃដល់អ្នកដ៏ទៃ រហូតដល់មានការប្តឹងផ្តល់ទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែ នៅតែដោះស្រាយមិនចេញដដែល មិនដឹងថា ម្ចាស់ផ្ទះបង្កនេះមានឥទ្ធិពលអ្វី ឬអាងអ្នកមានអំណាចណាមួយទេ បានជា ការដោះស្រាយកន្លងមកហាក់បីដូចគ្មានប្រសិទ្ធភាពឡើយ ហើយសមត្ថកិច្ចអ្នកដោះស្រាយទាំងនោះចេះតែពន្យាពេល រវល់គ្មានពេលមកដោះស្រាយឡើយ។
ពាក់ព័ន្ធនិងករណីខាងលើនេះអ្នកយកព័ត៌មាន បានទំនាក់ទំនង តាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ទៅលោក ពិត ភិរក្ស នាយផ្នែករដ្ឋបាលព្រៃឈើខេត្ត ដើម្បីសុំការបំភ្លឺ លោកបានបញ្ជាក់ថា ទីតាំងសិប្បកម្មកែឆ្នៃ ឈើខាងលើនេះ គឺពុំមានច្បាប់អនុញាតិពីរដ្ឋបាលព្រៃឈើឡើយ កន្លងមកលោកធ្លាប់បានឱ្យមន្រ្តីជំនាញចុះ ទៅពិនិត្យទីតាំងឱ្យរើ ចេញនិងបញ្ឈប់សកម្មភាពទាំងនេះម្តងហើយ តែម្ចាស់ផ្ទះសិប្បកម្មមិនព្រមស្តាប់ មិនគោរព ច្បាប់ឡើយ តែលោកនិងចាត់មន្រ្តីរបស់លោកឱ្យចុះទៅចាត់ការ ម្តងទៀត៕