កណ្តាលៈ នៅព្រឹកថ្ងៃទី ១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៤នេះ លោក គីម រិទ្ធី អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជា ប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកណ្តាល រួមនិងសហការី បានអញ្ជើញ ចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ដោមានការអញ្ជើញចូលរួមពី សំណាក់ លោកអភិបាលស្រុកស្អាង ក្រុមការងារសហភាព សហព័ន្ធយុវជនស្រុក លោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្សសរុបជាង២០០០នាក់ ។ ពិធីនេះប្រារព្ធឡើង នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ស្អាង ដែលស្ថិតក្នុង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មានមតិសំណេះសំណាល ក្នុងឱកាសនោះ លោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ដល់ទឹកចិត្តដ៏ល្អ របស់លោកនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត បង្ហាត់បង្រៀន ដល់ប្អូនៗសិស្សានុសិស្សឲ្យ រៀនសូត្រចេះដឹងពូកែ ដែលឆ្នាំកន្លងមកនេះ វិទ្យាល័យ ហ៊ុន សែន ស្អាងទទួលបាន ចំណាត់ ថ្នាក់លេខ១ ជាវិទ្យាល័យមានសិស្ស ប្រលងជាប់សញ្ញាបត្រទុតិយភូមិ ច្រើនជាងគេក្នុងទូទាំងខេត្តកណ្តាល ។
ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី បានធ្វើការអប់រំអំពីសុវត្ថិភាព ចរាចរដល់ប្អូនៗ សិស្សានុសិស្ស ពិសេសទាំងអស់ គ្នាចូល រួមអនុវត្តិឲ្យបាន តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលថា ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរ ។
លោកបានបន្តថា សហភាពសព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា (សសយក) គឺជាអង្គការ ក្រៅរដ្ឋាភិបាលមួយ ចូលរួមយ៉ាងសកម្ម ដើម្បីលើកកម្ពស់គុណភាព វិស័យអប់រំ ព្រោះប្រទេសកម្ពុជា បានចាត់ទុកការ វិនិយោគលើមូលធន មនុស្សនៅក្នុងវិស័យ អប់រំជាឧបករណ៍ ដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព ដូច្នេះចូលប្អូនៗ ខិតខំសិក្សារៀនសូត្រ ឲ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង។
ជាចុងក្រោយ លោក គីម រិទ្ធី ក៏បានជូនពរដល់ប្អូនៗ ឲ្យជួបនិងសំណាងល្អ រៀនពូកែគ្រប់ៗគ្នា និងអំពាវនាវដល់ យុវសិស្ស ទាំងអស់ត្រូវខិតខំរៀនសូត្រ ស្ដាប់ការណែនាំរបស់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គមសក្តិសម ជាទំពាំងស្នងឫស្សីពិតប្រាកដ និងជៀសឲ្យផុតពីអំពើអបាយមុខផ្សេងៗ ដូចជាគ្រឿងញៀន ល្បែងស៊ីសង ហ្គេម បងធំ បងតូច បង្កភាពអានាធិបតេយ្យដែលសង្គមស្អប់ខ្ពើម។ ជាពិសេសខិតខំ បង្កើនសមត្ថភាពចំណេះដឹងទាំងចំណេះដឹងទូទៅ និងភាសាបរទេសបច្ចេកទេស ឱ្យបានច្រើន៕