- តុលាការ នឹងប្រកាសសាលក្រម ពាក់ព័ន្ធការធ្វើកូដកម្ម របស់កម្មករ ត្រូពីកាណា នៅថ្ងៃទី១២ ខែធ្នូ
បន្ទាយមានជ័យៈ បន្ទាប់ពីបុគ្គលិកកាស៊ីណូ ត្រូពីកាណា ជាង២០០នាក់ ធ្វើកូដកម្មតវ៉ាអស់រយៈពេល៣ថ្ងៃ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១២ តុលាការខេត្តបន្ទាយមានជ័យ បានចេញលិខិតអញ្ជើញតំណាងបុគ្គលិក ០៤រូប អាជ្ញាធរ ក្រុងប៉ោយប៉ែត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តចូលរួមដោះស្រាយគ្នាតាមផ្លូវច្បាប់។ ពាក់ព័ន្ធនិងសំណុំរឿងនេះ តុលាការខេត្តបន្ទាយមានជ័យ នឹងប្រកាសសាលក្រមនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ថា តុលា ការខេត្ត ពិតជា បានចេញលិខិតអញ្ជើញតំណាង បុគ្គលិកទៅចូលរួមដោះស្រាយគ្នាមែន រូបលោក និងខាងមន្ទីរ ការងារខេត្ត ក៏បានទៅចូលរួមបំភ្លឺជុំវិញការសម្របសម្រួលដោះស្រាយបញ្ហាជូនបុគ្គលិក ទាំងនោះផងដែរ។
លោក ង៉ោ ម៉េងជ្រួន បានបន្តថា ចំពោះគោលការណ៍ចំនួន ៦ចំណុច ដែលក្រុមបុគ្គលិកស្នើសុំទៅខាងភាគីក្រុម ហ៊ុនកាស៊ីណូត្រូពីកាណា ត្រូវបានដោះស្រាយជូនតាមសំណូមពរចំនួន៤ ចំណុច ព្រោះគោលការណ៍ ៤ ចំណុច នេះ គឺវាស្ថិក្នុងចំណោគោលការណ៍២១ចំណុច ដែលបុគ្គលិកទាំងនោះ បានស្នើសុំកន្លងទៅ នេះគឺជាវិវាទរួម។ ដោយឡែកគោលការណ៍២ចំណុច ដែលក្រុមហ៊ុនមិនអាចដោះស្រាយជូន គឺជាវិវាទបុគ្គល ក្រុមហ៊ុនទុកឲ្យ តុលាការ ជាអ្នកដោះស្រាយវិញ គឺចំណុចទី១ និងទី២ ហើយគោលការណ៍ទាំង២នេះ ទាល់តែម៉ោង៥ល្ងាច ថ្ងៃនេះ ទើបដឹងលទ្ធផល ព្រោះពេលនេះ តុលាការកំពុងសួរនាំ។
ចំពោះក្រុមបុគ្គលិកត្រូពីកាណាប្រុសស្រីជាង២០០នាក់ បើទោះជាតំណាងរបស់ពួកគេរវល់ទៅចូលរួម ដោះ ស្រាយនៅតុលាការខេត្តក៏ដោយ ក៏ពួកគេនៅតែបន្តការជួបជុំគ្នាមុខបរិវេណកាស៊ីណូដដែល ដើម្បីរង់ចាំលទ្ធផល មេរបស់ពួកគេត្រឡប់មកវិញ តែការជួបជុំនោះ មិនធ្វើសកម្មភាពអនាធិបតេយ្យទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅក្រុមបុគ្គលិកកាស៊ីណូ ត្រូពីកាណា មានប្រុស មានស្រី បានលើកគ្នាមកធ្វើកូដកម្មតវ៉ាជាមួយថ្នាក់ដឹកនាំរបស់ពួកគេ ដើម្បីទាមទារលក្ខណៈ ការងារចំនួន ០៦ ចំណុច ដែលក្រុមហ៊ុនមិនបានអនុវត្តន៍ និងសំណូមពរ ឲ្យគោរពច្បាប់ស្តីពីការងារ ព្រោះកន្លងមកក្រុមហ៊ុនតែង តែធ្វើតាមចិត្តនឹកឃើញ និងគាបសង្កត់លើពួកគាត់ឲ្យធ្វើការងារច្រើនម៉ោង ពេលឈឺសុំច្បាប់ឈប់សម្រាកមិន បាន បើបានក៏កាត់ប្រាក់ខែពួកគាត់ដែរ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន បានបង្ខំឲ្យពួកគាត់ធ្វើការថែមម៉ោងហួស កំណត់ ដោយមិនគោរពច្បាប់ការងារ របស់រដ្ឋាភិបាលកម្ពុជាឡើយ។
គោលការណ៍០៦ចំណុចដែលពួកគាត់សំណូមពរទៅក្រុមហ៊ុន ឲ្យដោះស្រាយជូនថ្ងៃនេះ មាន១- ទាមទារឱ្យ លោក សាត សែម ប្រធានសហជីពប្រចាំក្រុមហ៊ុនត្រូពីកាណា បានចូលបម្រើការងារដូចធម្មតាវិញ និងគិត ប្រាក់រំលឹកទូទាត់តាមច្បាប់ទាំងអស់។ ២- ទាមទារឱ្យលោក ឡាយ បូរ៉ែន សកម្មជនសហជីពប្រចាំក្រុមហ៊ុន បានចូលបម្រើការងារវិញ និងគិតប្រាក់រំលឹកទូទាត់តាមច្បាប់ទាំងអស់។ ៣- សូមឱ្យក្រុមហ៊ុន ឱ្យកម្មករធ្វើការ ងារតែ៨ម៉ោងក្នុង១ថ្ងៃ និងមិនត្រូវបង្ខំឱ្យកម្មករធ្វើការបន្ថែមម៉ោងទេ។ ៤- ពេលជូនដំណឹងថា មានជំងឺ ហើយ មានសំបុត្រពេទ្យរយៈពេល៣០ថ្ងៃ សុំឱ្យក្រុមហ៊ុនត្រូវតែចំណាយលើថ្លៃព្យាបាល មិនត្រូវកាត់ប្រាក់ខែទេ។ ៥-ចំពោះថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ១៨ថ្ងៃ និងសម្រាកថ្ងៃបុណ្យជាតិ អន្ដរជាតិ ២៦ថ្ងៃ សរុប៤៤ថ្ងៃ ក្នុង១ឆ្នាំ សុំឱ្យ ក្រុមហ៊ុនបែងចែកក្នុងរយៈពេល៣ខែ សម្រាកបាន១២ថ្ងៃ។ ៦- ពេលឈឺក្នុងម៉ោងបំពេញការងារ ក្រុមហ៊ុនត្រូវ តែចំណាយលើថ្លៃព្យាបាល ទោះជាជំងឺអ្វីក៏ដោយ៕