ភ្នំពេញៈ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរ និងសម្រួលចរាចរ ដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយផ្លូវ ជាតិលេខបួន ក្រុមហ៊ុនអេហ្សិត នឹងធ្វើការពង្រីកផ្លូវ នៅតាមភូមិសាស្រ្ត មួយចំនួនបន្ថែមទៀត (ជាពិសេសផ្លូវកោងនិងផ្លូវឆ្លងកាត់) ហើយកំរោងនេះបាន កំពុងចាប់ផ្តើម ជាបណ្តើរៗផងដែរ។
យោងតាមលោក ជួន វ៉ាន់ឌន នាយកកិច្ចការធុរកិច្ច នៃក្រុមហ៊ុន អេហ្សិតបានថ្លែងឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថាក្រុមហ៊ុនអេហ្សិតរបស់លោកបាន កំពុងដំណើរការអនុវត្តគម្រោងសាងសង់ពង្រីកផ្លូវនៅក្នុងតំបន់ភូមិសាស្រ្តដែលមាន ចរាចរមមាញឹក និងនៅលើកំណាត់ផ្លូវកោង និងកំណាត់ផ្លូវដែលអាចបង្កឲ្យ មានគ្រោះថ្នាក់ចរាចរ ហើយតំបន់នីមួយៗដែលពង្រីកបន្ថែមនោះគឺ នឹងពង្រីក២.៥ម៉ែត្រ។
លោក ឌន បានបន្តថាក្រុមការងារសាងសង់ បាននិងកំពុងដំណើរបើកការដ្ឋានពង្រីកផ្លូវនៅក្នុងភូមិសាស្រ្តទីប្រជុំជនស្មាច់ដែង ការពង្រីកផ្លូវនេះ គឺតភ្ជាប់ពីផ្សារទៅ ចំណោតប៊ិតត្រាង (ចំនុចគីឡូម៉ែត្រលេខ ២១១)។ ហើយថា គម្រោងពង្រីកផ្លូវនៅតាមកំណាត់ផ្លូវខ្លីៗតាមតំបន់ភូមិសាស្រ្ត ដែលមានចរាចរមមាញឹក និងលើកំណាត់ផ្លូវកោង និងកំណាត់ផ្លូវដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្រាប់គម្រោងនៅកន្លែងនេះយើងត្រូវពង្រីក ផ្លូវបន្ថែម ប្រមាណ២.៥ម៉ែត្រ សងខាងនិងមានប្រវែងប្រមាណជាង ២គីឡូម៉ែត្រ។ ដូចគ្នានេះដែរ ប្រមាណជាពីរបីសប្តាហ៍ខាងមុខ នឹងមានក្រុមការងារមួយក្រុមទៀតមកបើកការដ្ឋានជិតនេះដែរ គឺនៅក្បែរចំណោតអូរត្រាវ (ត្រង់ចំនុចគីឡូម៉ែត្រលេខ ២១៥)។
លោក ជួន វ៉ាន់ឌន បានមានប្រសាសន៍បន្តថាគម្រោងការងារសំខាន់ៗមួយចំនួនដែលក្រុមហ៊ុនកំពុងអនុវត្ត គឺការងារអ៊ុតបេតុងកៅស៊ូនៅតាមដងផ្លូវ ការពង្រីកផ្លូវឲ្យ បាន៤ជួរនៅតំបន់ភូមិសាស្រ្តពីរាជធានីភ្នំពេញ ការងារ ពង្រីកផ្លូវនៅតាមកំណាត់ផ្លូវខ្លីៗតាមតំបន់ភូមិសាស្រ្តដែលមានចរាចរមមាញឹក និងនៅលើកំណាត់ផ្លូវកោង និង កំណាត់ផ្លូវដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកិច្ចការសាងសង់ជួសជុលស្ពាន លូ ប្រឡាយ ការជួសជុល គ្រឹះផ្លូវថ្នល់ និងការងារថែទាំជាប្រចាំលើតួផ្លូវ ការងារគូសគំនូសផ្លូវ ការងារថែទាំ និងបំពាក់បរិក្ខារសុវត្ថិភាពតាមដងផ្លូវជាដើម។
ជាមួយគ្នានោះ ដែរប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខបួនតែងតែអំពាវនាវដល់ អ្នកបញ្ជារយានយន្តទាំងអស់ឲ្យ ចេះគោរពនូវ ច្បាប់ចរាចរ និងចេះស្រលាញ់ជីវិតខ្លូនឯងនិងជីវិតអ្នកដទៃ។ ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរបានលើកឡើងថា “ចំពោះការបើកការដ្ឋាន ការអភិវឌ្ឍន៏របស់ក្រុមហ៊ុន ដែលបង្កការងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងព្រះសីហនុ។ ប៉ុន្តែក៏មានការបារម្ភផងដែរថា ផ្លូវស្រួលមនុស្សបើកលឿន មិនគោរពផ្លាកសញ្ញា មិនគោរព ច្បាប់ជាដើម។ អ្នកខ្លះបើកបរទាំងមានជាតិញៀន ជាតិស្រវឹងក្នុងខ្លួន ជាពិសេសអ្នកបើកឡានដឹកជញ្ជូនទំនិញធំៗ។ មានការអី ជួនកាលជាន់ហ្រ្វាំងអត់ស៊ីជាដើម។”
ប្រជាពលរដ្ឋទាំងនោះបានសំណូមពរឲ្យអ្នកបើកបរទាំងអស់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ជាពីសេសក្រុមហ៊ុនដឹកជញ្ជូនសូម មើលកូនចៅឲ្យមែនទែន កុំអាងបុក ហើយរត់។ កន្លងមក ផ្លូវនេះភាគច្រើនកំហុសបណ្តាលមកពីតៃកុងឡានភាគច្រើន។
សូមបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន មានបុគ្គលិកបំរើការងារប្រមាណជាង ៥០០នាក់ ក្នុងនោះបុគ្គលិកបំរើការងារសំណង់ប្រមាណ ២៥០នាក់ និងបានបែកចែក ទៅតាមក្រុមឯកទេស ដែលមាន ចំនួន១៥ក្រុមហើយពួកគេបានកំពុងមមាញឹកជារៀងរាល់ថ្ងៃក្នុងការជុសជុលនិងពង្រីកផ្លូវទាំងនេះ៕