ភ្នំពេញ៖ លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ អាចនឹងមិនទទួលបានតួនាទី ជាសមាជិកទី៩ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) នោះទេ ដោយសារបញ្ហាសញ្ជាតិពីររបស់គាត់ ព្រោះថាក្រុមការងារនៃគណបក្សទាំងពីរ នៅខ្វែងគំនិតគ្នាត្រង់ចំណុចសញ្ជាតិនេះ។
ថ្លែងបន្ទាប់បញ្ចប់កិច្ចពិភាក្សា លើការរៀបចំអង្គការរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា លោក ប៊ិន ឈិន ប្រធានក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ក្រុមការងារនៃគណបក្សទាំងពីរ នៅមានចំណុច ២ទៀត ដែលមិនទាន់ឯកភាពគ្នានៅឡើយទេ គឺត្រង់ចំណុចសញ្ជាតិ និងញាតិសាច់សាលោហិត ដែលចំណុចទាំងពីរនេះ ទុកឲ្យថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរពិភាក្សាគ្នាសិន។
លោកថា “ត្រង់ចំណុចសញ្ជាតិ គឺសញ្ជាតិខ្មែរពីកំណើត និងសញ្ជាតិខ្មែរតែមួយគត់, អាមួយគត់ហ្នឹង គឺមិនឲ្យមានសញ្ជាតិពីរនោះទេ, មិនឲ្យមានសញ្ជាតិពីរទេ មកធ្វើជាសមាជិកគ.ជ.ប. ត្រូវមានសញ្ជាតិខ្មែរពីកំណើតហើយ ហើយត្រូវមានសញ្ជាតិខ្មែរតែមួយគត់”។
លោក ប៊ិន ឈិន បានបន្ថែមថា រឿងលោកស្រី ពុង ឈីវកេក គឺពីមុនយើងស្នើគាត់ឲ្យធ្វើជាសមាជិករបស់ គ.ជ.ប. នោះ គឺយើងមិនដឹងថាគាត់មានសញ្ជាតិពីរនោះឡើយ។
ដោយឡែក លោក គួយ ប៊ុនរឿន ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា រឿងសញ្ជាតិនេះ គឺក្នុងច្បាប់មិនទាន់មានហាមប្រាម នៅឡើយនោះទេ។
លោកបន្តថា “យើងក៏ចង់ឲ្យមេដឹកនាំដែល ទទួលបានរស់នៅស្រុកគេ បានទទួលសញ្ជាតិគេ បានទទួលលក្ខណៈសម្បត្តិមួយ ទទួលបានចំណេះជំនាញដើម្បីមកបម្រើការងារ បើយើងបិទផ្លូវអីចឹង អាចមានការរើសអើង ព្រោះរដ្ឋធម្មនុញ្ញយើង គាំទ្រប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសថែមទៀត”។
លោកបញ្ជាក់ថា រឿងសាច់សាលោហិតវិញ គឺសមាជិក គ.ជ.ប. មិនអនុញ្ញាតឲ្យសហព័ន្ធរបស់ថ្នាក់ដឹកនាំបក្សទាំងពីរ មានកូន, ចៅ ឬក្មួយ ចូលរួមនោះឡើយ៕