ភ្នំពេញ ៖ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាលារៀនខេមអេលីត ព្រមទាំង សិស្ស-និស្សិត និងបណ្តាសប្បុរសធម៌មួយចំនួន បានចុះជួយកុមារ ដែលមានជីវភាពក្រីក្រ និងមានការ ខ្វះខាត ក្នុងការសិក្សា ស្ថិតនៅក្នុងសាលាបឋមសិក្សា ផ្ចិតជ្រុំ ក្នុងឃុំពេជមុនី្ន ស្រុកគងពិសី ខេត្តកំពុងស្ពឺ ចំនួន៥០០នាក់ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នំា២០១៤ ។
ការនាំយកមូលនិធិសប្បុរសគ្រូសារអាស៊ី អឺរ៉ុប នេះ ដឹកនាំដោយលោកសួស សោភា ប្រធានដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង លោក ម៉ៅ សុផាត ប្រធានដេប៉ាតឺម៉ង់អភិវឌ្ឍន៍ សហគមន៍ នៃសាកល វិទ្យាល័យ អាស៊ីអឺរ៉ុប។
លោកសួស សោភា បានមានប្រសាសន៍ថា សម្ភារសិក្សានិងថវិការដែលនាំយក មកប្រគល់ ជូនដល់ ប្អូនៗ ទាំង៥០០នាក់នេះ មានសៀវភៅសរសេរ៥ក្បាល ប៊ិច២ដើម ខ្មៅដៃ ២ដើម ជ័រលុប១ បន្ទាត់១ ដែកខួង១ ខ្មៅដៃប្រដាប់ផាត់ពណ៍១កញ្ចប់ និងថវិកាចំនួន មួយម៉ីនរៀល សម្រាប់មួយនាក់ៗ ដែលថវិកា ទាំងនេះ បានមកពីទឹកចិត្តដ៏ថ្លៃថ្លារបស់ សប្បុរសជននានាដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់ ,ក្រុមហ៊ុនភ្នំពេញ បាយអូហ្វាម៉ា, ហាងសាក់កូជីនកាហ្វេនិងស្ប៉ា, ទារកដ្ឋាននិងសាលាមតេយ្យ ភាសា បារាំងជូជូ ព្រមទាំង សិស្ស-និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាលារៀនខេមអេលីត ហើយនា ពេលនោះ ក៏មានការដាំ កូនឈើ ជានិម្មិតរូបនៃការអប់រំអនាម័យ និងការបណ្តុះគំនិតអោយប្អូនៗ មានការតស៊ូក្នុងការសិក្សា ក៏ដូច ជាការតស៊ូក្នុងការរស់នៅផងដែរ។
លោក ម៉ៅ សុផាត ប្រធានដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបាន មាន ប្រសាសន៍ យើងគឺជាកូនខ្មែរ ដូច្នេះហើយយើងត្រូវ តែចេះជួយដល់ខ្មែរ ដូចគ្នា ទន្ទឹមនឹង នោះផងដែរ លោកបានអំពាវនាវដល់សប្បុរសជននានា សូមឲ្យបន្តជួយ ឧបត្ថម្ភដល់កុមារ ជាបន្តទៀត ទៅតាម លទ្ធភាព ពីព្រោះដូចជាបានឃើញស្រាប់ហើយកុមារ កុមារគឺជាជនងាយរងគ្រោះ ដូច្នេះត្រូវតែចូល រួមគាំទ្រទាំង អស់គ្នា។
លោកនាយកសាលាផ្ចិតជ្រុំបានថ្លែងអំណរគុណ ដល់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាលារៀន ខេមអេលីត ព្រមទាំងបណ្តាសប្បុរសធម៌ និងនិស្សិតទាំងអស់យ៉ាងជ្រាលជ្រៅ បំផុត ដែលបានខិតខំ ប្រមូលថវិកា និងសម្ភារសិក្សា តាមរយៈមូលនិធិ ដើម្បីនាំយក ថវិកា សម្ភារសិក្សាមកជួយដល់កុមារ ដែលកំពុងសិក្សានៅសាលាបឋមសិក្សា របស់យើងខ្ញុំ ពេលនេះ។ នេះគឺជាគំរូ និងទឹកចិត្តដ៏ថ្លៃថ្លា របស់ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប និង សាលាខេមអេលីត ក្នុងការចូលរួមជួយចែករំលែកទុក្ខ លំបាករបស់កុមារ និងពលរដ្ឋខ្មែរ ហើយលោកសង្ឃឹមថា ប្រជាជនកម្ពុជាគ្រប់រូបជាពិសេស នោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងស្ថាប័នរដ្ឋ និងឯកជន នឹងបន្តជួយឧបត្ថម្ភជាសម្ភារសិក្សា និងថវិកាសប្បុរសធម៌ ដូចសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាក់ជាមិនខានឡើយ ៕