មណ្ឌលគិរី ៖ ជីវិតក្មេងប្រុស ២នាក់ បានលង់ទឹកស្លាប់ភ្លាមៗ នៅក្នុងស្រះទឹកក្នុងកែវសីមា ខណៈពួកគេមានគ្នាចំនួន ៤នាក់ នាំគ្នាចុះលេងទឹកស្រះមួយ ស្ថិតនៅចំណុចម៉ារីយោង ភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
តាមការឲ្យដឹងពីលោក អន សារ៉ា អធិការរងនគរបាល ស្រុកកែវសីមា និយាយថា មុនពេលមានហេតុការណ៍ ក្មេងលង់ទឹកស្លាប់ គឺមានក្មេងប្រុសស្រី៤នាក់ រត់ប្រលែងគ្នា ក្នុងទីវាលរបស់លំនៅឋាន ឪពុកម្តាយក្មេងរងគ្រោះ។ ក្រោយមកម៉ោងប្រមាណជាង ៤ល្ងាច ឪពុកម្តាយរបស់ក្មេងរងគ្រោះ បានដើររកក្រុម ក្មេងៗទាំងនោះ តែរកមិនឃើញ។ ពេលនោះដែរ ឪពុកក្មេងជនរងគ្រោះ បានដើរសំដៅទៅស្រះទឹកមួយ មានចម្ងាយ ២០០ម៉ែតពីផ្ទះ ក៏ប្រទះឃើញមានក្មេង ២នាក់ នៅឈរលើមាត់ស្រះនោះ។ ដោយមានការសង្ស័យ ឪពុកក្មេងរងគ្រោះបានចុះទៅរាវ ក៏ប្រទះឃើញក្មេង២នាក់ទៀត ដែលលង់លិចចូលក្នុងទឹកស្រះ តែគួរឲ្យសោកស្តាយ ក្មេងទាំងពីរនាក់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
លោកអធិការរងបន្ថែមថា ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងទាំងពីរ ពិតជាបានស្លាប់ ដោយសារលង់ទឹកពិតមែន។ លោកបញ្ជាក់ថា ជនរងគ្រោះទី១ មានឈ្មោះ មករា ម៉េងឈាង ភេទប្រុស អាយុ ៦ឆ្នាំ និងជនរងគ្រោះ ទី២ ឈ្មោះ ណាង ប៊ុនលាភ ភេទប្រុ អាយុ ៦ឆ្នាំដូចគ្នា ។ បច្ចុប្បន្នសពក្មេងប្រុសទាំងពីរ ត្រូវបានក្រុមគ្រូសារ យកទៅធ្វើបុណ្យរូមគ្នា ក្នុងថ្ងៃតែមួយ។
លោកអធិការ ក៏បានសំណូមពរ ឲ្យឪពុកម្តាយ និងអាណាព្យាបាលបុត្រធីតាស្រីប្រុសទាំងអស់ សូមមេត្តាជួយថែទាំ និងរក្សាកូនឲ្យបានល្អប្រសើរ ដើម្បីចៀសវាងការកើតមាននូវវិបដិសារី ៕