ភ្នំពេញៈ គ្រោះថ្នាក់ចរាចរកាលពីវេលាម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៤ ដែលបង្កឡើយ ដោយរថយន្តម៉ាកកាមរីបាឡែន បានបើកទៅបុកម៉ូតូម៉ាកសេ១០០មួយគ្រឿង បណ្តាលឲ្យជនរងគ្រោះ៤នាក់ រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូរដីម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2484 បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូរងគ្រោះ ម៉ាកសេ១០០ មួយគ្រឿង ពាក់ស្លាកលេខ ប១៥១២ ភព១ បើកច្រាស់ទិសជាមួយរថយន្ត។ អ្នកបើករថយន្តមិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ ដោយគ្រាន់តែបានរកឃើញនូវកាតការងារ ដែលមានឈ្មោះជាតិ បញ្ញា ចំណែកអ្នកបើកម៉ូតូមាន គ្នាចំនួន៤នាក់ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណដែរ រងរបួសសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបង្ក បានបើកវ៉ារថយន្តកុងទ័រនឺមួយគ្រឿង ខណៈកំពុងវ៉ាក៏ស្រាប់តែមាន រថយន្តកុងទ័រនឺមួយគ្រឿងទៀត បើកក្នុងទិសដៅច្រាស់គ្នា ឃើញដូចនោះរថយន្តបង្កបានព្យាយាម បើកគេច ហើយក៏បានបុកនឹងម៉ូតូរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះដែល ជិះម៉ូតូមានគ្នា៤នាក់ រងរបួសសន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបានបន្តបើកទៅធ្លាក់ក្នុងប្រឡាយទឹកស្អុយនៅក្បែរនោះ។
ក្រោយបង្កហេតុជនសង្ស័យដែលជាអ្នកបើករថយន្ត បានចេញពីរថយន្តរត់គេខ្លួនបាត់ ចំណែកជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយនរបស់អង្គភាព លេខ៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត។
ប្រភពព័តមានចុងក្រោយបានឲ្យដឹងថា ជនរងគ្រោះម្នាក់បានស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជនរងគ្រោះដែលបនាស្លាប់មានឈ្មោះ លឹម មានអាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងទឹក ស្រុកសំរោង ខេត្តតាកែវ៕