Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការដេញថ្លៃគម្រោង បឹងទន្លេសាប អ្នកម៉ៅការ នៅតែបន្ត ការឃុបឃិត ដេញថ្លៃដោយ គ្មានការ ប្រកួតប្រជែង

$
0
0

កំពង់ចាម ៖ ការដេញថ្លៃ គម្រោង អភិវឌ្ឍន៍ខ្នាតតូច តំបន់បឹងទន្លេសាប ចំនួន៣គម្រោង ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅឃុំខែលជ័យ និងឃុំសំពងជ័យ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម អ្នកម៉ៅការនៅតែបន្ត ការឃុបឃិតគ្នាត្រូវទឹកតែ ធ្វើឲ្យការ ដេញថ្លៃនោះ គ្មានការប្រកួតប្រជែងឡើយ ហើយប្រការនេះ គេសង្ស័យថា មន្ត្រីទីចាត់ការ ផែនការ និងវិនិយោគខេត្ត គ្រប់គ្រង គម្រោងនេះ មានការពាក់ព័ន្ធទទួល ផលប្រយោជន៍ ពីការឃុបឃិតគ្នាផងដែរ។

ប្រភពពីអ្នកម៉ៅការ ដែលទៅចូលរួមដេញថ្លៃ ក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា  គម្រោងចំនួន២ ដែលបាន ដាក់ឲ្យដេញថ្លៃ ពេលព្រឹក នៅសាលា ឃុំខែលជ័យ មានទី១-គម្រោង ជួសជុលផ្លូវ គ្រួសក្រហមប្រវែង១,២៥០ម៉ែត្រ ក្នុងឃុំត្រពាំងគរ តម្លៃដាក់ឲ្យដេញ១៥.៥៩៣ដុល្លារ អ្នកដេញមានគ្នា ៣នាក់ ដេញចុះមកត្រឹម១៥,១០០ដុល្លារ បានទៅក្រុមហ៊ុន «យាន គឹមសឿន» ហើយអ្នកយកគម្រោងនេះ បោះទឹកតែចំនួន២លានរៀល ។ ទី២-គម្រោងស្តារប្រឡាយ ផ្លូវជម្រៅ ១,៩០០ម៉ែត្រ និងសង់លូទ្វារទឹក ៣កន្លែង ក្នុងឃុំស្តើងជ័យ តម្លៃដាក់ឲ្យដេញ ១៩,៦៨៣ដុល្លារ មានអ្នកដេញថ្លៃចំនួន៤នាក់ ដេញចុះមកត្រឹម ១៨,៩៥០ដុល្លារ បានទៅក្រុមហ៊ុន «ឱ សុផាន» អ្នកយកគម្រោងនេះបោះទឹកតែ១០ភាគរយ នៃតម្លៃដេញបាន ។

ដោយឡែក ដេញថ្លៃពេលរសៀល នៅឃុំសំពងជ័យមាន១គម្រោង គឺគម្រោង ជួសជុលផ្លូវដី ប្រវែង១,៧៧០ម៉ែត្រ និងសង់ លូ៣កន្លែង តម្លៃដាក់ឲ្យ ដេញ២១,៣៥៧ដុល្លារ អ្នកយកគម្រោងនេះ ឈ្មោះ «ម៉ិច» បោះទឹកតែ១០ភាគរយដែរ។

ប្រភពដដែលនេះ បានប្រាប់ឲ្យដឹងទៀតថា ប្រាក់ទឹកតែទាំងអស់នោះ អ្នកយកគម្រោង បង់ទៅឲ្យឈ្មោះ លន់ រិទ្ធី  និងឈ្មោះ ដេវិត ដើម្បីបែងចែក ឲ្យអ្នកម៉ៅការ ដែលយកលុយទឹកតែ យល់ព្រមមិនចូលដេញថ្លៃ ប្រកួតប្រជែងខណៈបាន ជជែកគ្នាមុនពេលដំណើរ ការដេញថ្លៃនោះ ។

ប្រភពបានបន្តថា  រូបគាត់ មិនបានទទួលប្រាក់ទឹក តែទាំង៣គម្រោងនោះទេ ដោយហេតុថា ពេលដែលអ្នក យកគម្រោង ឲ្យលុយទៅឈ្មោះ ដេវីត និងឈ្មោះ លន់ រិទ្ធីនោះរួច លោក ទាំងពីរនាក់នោះ បានយកលុយបើករថយន្ត គេចចេញទៅចែកគ្នាគេ ដែលហៅថា (ក្រុមគីឡូធ្ងន់) ចំណែកអ្នកម៉ៅការ ដែលមិនសូវមានថ្វីមាត់ មិនបានទទួលលុយទឹកតែនោះទេ។

អ្នកម៉ៅការ ដដែលនេះ បានបញ្ជាក់ឲ្យដឹងទៀតថា រាល់ដំណើរការ ដេញថ្លៃគម្រោង បឹងទន្លេសាប គឺតែងតែមាន វត្តមាន មន្ត្រីទីចាត់ការផែនការ និងវិនិយោគ ខេត្តកំពង់ចាម ឈ្មោះ ពោយ សុខជា អមជាមួយក្រុមការងារ ២ទៅ៣នាក់ទៀត ទៅពិនិត្យដំណើរការដេញថ្លៃ ប៉ុន្តែយ៉ាងនោះក្តី មុនដំណើរការដេញថ្លៃ គេសង្កេតឃើញ អ្នកម៉ៅការច្រើននាក់ ដែលជាក្រុមរបស់ឈ្មោះ លន់ រិទ្ធី និងឈ្មោះ ដេវីត បានចេញដើរនិយាយចរចារ ធ្វើការសម្របសម្រួល ជាចំហរ និងគ្រប់រូបភាព ឲ្យអ្នកម៉ៅការផ្សេងទៀត យល់ព្រមយកលុយទឹកតែ និងមិនចូលដេញថ្លៃ ប្រកួតប្រជែង ហើយបើមានអ្នកម៉ៅការ ណារឹងទទឹង មិនព្រមយកលុយទឹកតែ គឺក្រុមនោះ នឹងប្រើវិធីរារាំង នៅមុខទ្វារ មិនឲ្យអ្នកចង់ដេញថ្លៃ ប្រកួតប្រជែងចូល ដាក់សំណើរបានឡើយ រហូតចប់នាទីកំណត់ ដាក់សំណើរដេញថ្លៃ ។

ជាក់ស្តែង នៅមុខបន្ទប់ សាលាឃុំស្តើងជ័យ គេ ឃើញមានការរារាំង អ្នកម៉ៅការ ផ្សេងទៀត មិនឲ្យចូលដាក់សំណើរផងដែរ។ ទាក់ទិនទៅនិងព័ត៌មានថា ឈ្មោះ ដេវីត និងឈ្មោះ លន់ រិទ្ធី យកលុយ ដើម្បីបោះទឹកតែនោះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺបានទេ ដោយលេខទូរស័ព្ទទូរស័ព្ទ ឈ្មោះ លន់ រិទ្ធីចុចចូលតែគ្មានអ្នកទទួល។ 

 ប្រភពដដែលបានបញ្ជាក់ឲ្យដឹងផងដែរថា ជាទូទៅ បើសិនជាការដេញថ្លៃ ដោយការប្រកួតប្រជែង គឺតម្លៃ ដេញចុះមាន ៤០ឬ៥០ភាគរយ នៃតម្លៃដាក់ឲ្យដេញ ប៉ុន្តែបើសិនដេញថ្លៃឃុបឃិត គឺតម្លៃដេញចុះត្រឹម

២ឬ៣ ភាគរយ ប៉ុណ្ណោះ នៃទឹកប្រាក់ដាក់ឲ្យដេញ។ គួររំលឹកដែរថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ នៅសាលាឃុំតាំងក្រាំង ក្នុងស្រុកបាធាយ មានដាក់ឲ្យដេញថ្លៃគម្រោង២ ទី១គឺគម្រោង គម្រោងជួសជុលទំនប់ ត្រពាំងធំ និងគម្រោងមួយទៀត ជួសជុលទំនប់តាកែប តាកង ដែលដំណើរការដេញថ្លៃនោះ ត្រូវបានបែកធ្លាយអ្នកម៉ៅការ ឃុបឃិតគ្នាបោះទឹកតែ ដេញថ្លៃដោយគ្មាន ការប្រកួតប្រជែង ។

ហើយគម្រោងទាំងពីរនោះ ក្រោយពីបានដេញថ្លៃ ត្រូវចុះកិច្ចសន្យា អនុវត្តន៍ការសាងសង់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ប៉ុន្តែ ក្រោយពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចេញផ្សាយនូវភាពដេញថ្លៃ មិនប្រក្រតីនោះ រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក កុយ ណន មេឃុំតាំងក្រាំង បានប្រាប់ឲ្យដឹង តាមទូរស័ព្ទថា ខាងទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ចាម មិនទាន់អនុញ្ញាត ឲ្យម្ចាស់គម្រោងនោះចុះ កិច្ចសន្យានោះទេ ហើយលោក មេឃុំក៏មិនដឹងដែរថា តើ ខាងទីចាត់ការផែនការ និងវិនិយោគខេត្ត ត្រូវយកគម្រោងទាំង២នោះ ដាក់ដេញថ្លៃឡើង វិញឬយ៉ាងនោះទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>