ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ដែលជាមេ កន្ទុយលេខដ៏ធំ ប្រចាំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រម សាលា ដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន កាលពី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
មន្រ្តីសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបញ្ចប់ ការសួរនាំ និងធ្វើការចោទប្រកាន់ រួចមកនោះ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន មេកន្ទុយលេខ ទាំង៤នាក់ ដាក់ពន្ធនាគារដើម្បី រង់ចាំការ កាត់ទោស នៅពេលក្រោយ ។
ការសម្រេចឃុំខ្លួន មេកន្ទុយលេខទាំង៤នាក់ខាងលើនេះ បានធ្វើឡើង ក្រោយពីកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ បានបញ្ជូនពួកគេ ទៅកាន់តុលាការ កាលពី រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤។
សូមបញ្ជាក់ថា ទីតាំងល្បែង កន្ទុយលេខ ដ៏ធំស្ថិតនៅផ្ទះលក់ គ្រឿងសំណង់ ដូរលុយ និងបើក Wing ទល់មុខផ្សារ សហគមន៍សាមគ្គី សង្កាត់ ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ចុះទៅបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ ចំនួន៤នាក់ ព្រមទាំង វត្ថុតាង មួយចំនួន ទៀតផងដែរ។
មន្រ្តីនគរបាល បានឲ្យដឹងថា ម្ចាស់ទីតាំងលក់គ្រឿងសំណង់ ដូរលុយ និងបើកវីង ខាងលើនេះ បានលួចបើក ល្បែង កន្ទុយលេខដ៏ធំ និងយូរណាស់មកហើយ ដែលចាំទទួលពី កូនកញ្ច្រែង តូចៗ នៅតាមផ្ទះនិងនៅ តាមផ្សារនានា នៅក្នុងសង្កាត់ត្រពាំងក្រសាំងតែម្តង។
មន្រ្តីនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើង ក្រោមបទ បញ្ជាពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែន ព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ក្រោយពេលដែល ទទួលសេចក្តីរាយ ការណ៍ថា ទីតាំងខាងលើ មាន លួចបើក ល្បែងកន្ទុយលេខមួយនេះ។
មន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយទទួលបាននូវ សេចក្តីរាយការណ៍ ពីទីតាំងខាងលើនេះ លួចបង្កប់ ល្បែង កន្ទុយលេខ (ឆ្នោតវៀតណាម)ភ្លាម នាយការិយាល័យ លោក ប៊ុន សត្យា ដោយមានការ ឯកភាពពីតំណាង អយ្យការផងនោះ បានចុះទៅបង្ក្រាប និងឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកពាក់ព័ន្ធ ចំនួន៤នាក់ ក្នុងនោះ ស្រី២នាក់ និងប្រុស២នាក់ ។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល បានដកហូត នូវវត្ថុតាង រួមមាន សន្លឹកឆ្នោត ដែលចេញផ្សាយ ម៉ាស៊ីនហ្វូតូកូបពី និងសម្ភារះ មួយចំនួនទៀត៕