កំពង់ចាមៈ សាកលវិទ្យាធិការ នៃសាកល វិទ្យាល័យរាជមង្គលតិចណូឡូជី តាវ៉ាន់អក RMUTTO របស់ថៃ បានបំពេញទស្សនកិច្ចសិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍ នៅសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម។
ការបំពេញទស្សនកិច្ចរបស់លោកបណ្ឌិត ស៊ីន ពុនពីនិច សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ RMU TTO ដែលធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១២ នៅសាកលវិទ្យាល័យ UME សាខាងខេត្ត កំពង់ចាមនេះ ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅពីសំណាក់លោក ម៉ៅ ឌុង នាយកសា កលវិទ្យាល័យ ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតជាច្រើនរូបផ្សេងទៀត។
ការបំពេញទស្សនកិច្ចនេះ ក្រៅពីរឹតចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ទាំងពីរហើយនោះ ក៏ធ្វើឡើងក្នុងបំណងចែករំលែកបទពិសោធន៍លើការបង្រៀនថ្នាក់ឧត្តមសិក្សា ពង្រឹង គុណភាពបុគ្គលិក និងសាស្រ្តាចារ្យ UME សាខាខេត្តកំពង់ចាម ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ផងដែរ។
នាយកសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម លោក ម៉ៅ ឌុង បានថ្លែងថា ចាប់
តាំងពីឆ្នាំ២០០៣មកដល់ឆ្នាំ២០១២នេះ និស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួនសរុប ១.៥៦២នាក់ ស្រី៤៧៦នាក់ ក្នុងនោះនិស្សិតដែលកំពុងសិក្សាសរុប ១.៥១១នាក់ ស្រីចំនួន ៤៦៩នាក់។
លោក ម៉ៅ ឌុង បានបន្តថា និស្សិតដែលបានបញ្ចប់ការសិក្សា និងស្វែងរកការងារធ្វើត្រូវជំនាញសិក្សា ចំនួនសរុប ៧៧,៦% មានការងារធ្វើមិនត្រូវជំនាញសិក្សាសរុបចំនួន ១៦,៤% និងនិស្សិតបង្កើតអាជីវកម្ម ខ្លួនឯង សរុបចំនួន ២,៥% និង ៣,៥% ទៀត កំពុងស្វែងរកការងារធ្វើ។
លោក ម៉ៅ ឌុង បានបន្ថែមថា ភាពជោគជ័យទាំងអស់ របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ដោយសារមានការជួយជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការទទួល ស្គាល់គុណភាពអប់រំ នៃកម្ពុជា លោកអភិបាលខេត្ត ហ៊ុន ណេង ព្រមទាំងមានកិច្ចសហប្រតិបត្តិការជា មួយបណ្តាដៃគូ អង្គការស្ថាប័ននានា ក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសជាមួយសាកលវិទ្យាល័យ RMUTTO នៅរាជាណាចក្រថៃ ដែលតែងតែយកចិត្តទុកដាក់លើការចែករំលែកបទពិសោធន៍ ក្នុងការ បណ្ដុះបណ្ដាល បុគ្គលិក សាស្រ្ដាចារ្យ និងនិស្សិត សំដៅពង្រឹងសមត្ថភាព គុណភាព ដើម្បីចូលរួម ចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសប្រទេសយើង ជាប្រទេស ដែលមានភូមិផងរបង ជាមួយគ្នា ត្រូវមានការទំនាក់ទំនងល្អ ទាំងផ្នែកចំណេះដឹង វប្បធម៌ និងសេដ្ឋកិច្ច ហើយប្រទេសទាំងពីរ ជាសមាជិកអាស៊ានផងដែរ។
ក្នុងឱកាសនោះជំនួសមុខ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ព្រមទាំង និស្សិតទាំងអស់ នៃសាខា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម លោកនាយកគ្រប់គ្រងរូបនេះ បានសំណូមពរ ដល់លោកបណ្ឌិត ស៊ីន ពុនពីនិច សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជមង្គលតិចណូឡូជី តាវ៉ាន់ អក រាជាណាចក្រថៃ ចំនួន ៣ចំណុច រួមមាន៖
ទី១. សុំបញ្ជួនបុគ្គលិក សាស្រ្តាចារ្យជំនាញ ដើម្បីផ្តល់បទពិសោធន៍ល្អៗ សម្រាប់ UME តាមសាខា ទី២. ផ្តល់ដល់និស្សិតសាខា UME ខេត្តកំពង់ចាម ឲ្យមានដំណើរទស្សកិច្ចសិក្សានៅ RMUTTO ទី៣. ផ្ដល់ អាហារូបករណ៍ដល់និស្សិតពូកែ អាចបន្តការសិក្សានៅ RMUTTO តាមលទ្ធភាព ។
ក្នុងឱកាសនោះ លោកបណ្ឌិត ស៊ីន ពុនពីនិច បានថ្លែងថា នេះជាលើកទី៥ ហើយ នៃដំណើរទស្សនកិច្ច របស់លោកមកកាន់ប្រទេសកម្ពុជា។ លោក ក៏បានសង្កេតឃើញថា ប្រទេសកម្ពុជាមានការដាំដុះដំណាំ ស្រូវជាច្រើនស្ទើរទូទាំងប្រទេស។
ទន្ទឹមនិងនោះ លោក បណ្ឌិត ស៊ីន ពុនពីនិច ក៏បានធ្វើការណែនាំអំពីសាកលវិទ្យាល័យ RMUTTO ក្នុងប្រទេសថៃផងដែរ។
លោកបណ្ឌិត ស៊ីន ពុនពីនិច ក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់សាកល វិទ្យាល័យ UME ខេត្តកំពង់ចាម គឺលោកមានបំណង រឹតចំណងមិត្តភាពកាន់តែស្អិតរមួតរវាងសាកល វិទ្យាល័យទាំងពីរ។
បន្ទាប់ពីថ្លែងចប់ លោក បណ្ឌិត ស៊ីន ពុនពីនិច បានធ្វើបទបង្ហាញពីសារៈសំខាន់ នៃការសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ RMUTTO ប្រទេសថៃ ដែលបានបើកថ្នាក់បណ្ឌិត ជាលក្ខណៈអន្តរជាតិមានពីរផ្នែក ធំៗ ចែកជូនបុគ្គលិក និងសាស្រ្តាចារ្យ UME សាខាខេត្តកំពង់ចាមផងដែរ៕