ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានជួបពិភាក្សាការងាររយៈ ពេលជិត២ម៉ោង ជាមួយតំណាងអង្គការយូនីសេហ្វ (Unicef) ប្រចាំនៅកម្ពុជា ពិភាក្សាផ្តោតជាសំខាន់ទៅលើ កុមារកំពុងរស់នៅតាមមណ្ឌល។
ក្នុងកិច្ចពិភាក្សានរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកស្រី រ៉ាណា ហ្វាវ័រ (Rana Flowers) តំណាងអង្គ ការ Unicef បានធ្វើការគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានអង្គការមួយចំនួនមិនទាន់បាន គោរពទៅគោលការណ៍របស់ក្រសួង និងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ក្នុងផ្គត់ផ្គង់របបអាហារ និងការ ថែទាំឲ្យបានត្រឹមត្រូវនៅឡើយទេ។
អ្នកស្រីបានបញ្ជាក់ទៀតថា មានអង្គការ និងមណ្ឌលទទួលកុមារមួយចំនួនបើកឡើង ដើម្បីស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួន។ អ្នកស្រីបានឲ្យដឹងថា មានអង្គការប្រមាណជា ១០០ ស្ថិតនៅក្នុងរាជធានីភ្នំពេញ បាត់ដំបង សៀមរាប កណ្តាល និងខេត្តព្រះសីហនុ ដែលក្នុងនោះមានកុមារប្រមាណ ១.១០០នាក់ មិនទទួលបានការផ្គត់ផ្គង់របបអា ហារ និងការថែទាំឲ្យបានសមស្របនោះទេ ដែលទាមទារឲ្យមានការពិនិត្យឡើងវិញ។
ដើម្បីដោះស្រាយទៅលើបញ្ហានេះ លោកស្រី រ៉ាណា ហ្វាវ័រ បានជំរុញឲ្យក្រសួងសង្គមកិច្ច បង្កើតក្រុមអធិការកិច្ច មួយ ដើម្បីចុះត្រួតពិនិត្យឲ្យច្បាស់លាស់ទៅលើអង្គការ ដែលបានចុះបញ្ជីរួយចហើយ និងអង្គការ ដែលមិនទាន់ បានចុះបញ្ជីត្រឹមត្រូវ។ ហើយប្រសិនជាអាចត្រូវលុបឈ្មោះអង្គការ និងមណ្ឌលថែទាំក្មេងមួយចំនួនមិនគោរពច្បាប់ របស់ក្រសួង។
លោករដ្ឋមន្រ្តី វង សូត បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីអង្គការ Unicef លើការរស់នៅរបស់ កុមារកំព្រា អនាថា គ្មានទីពឹងនៅតាមអង្គការ និងមណ្ឌលនានាក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តី បានមានប្រ សាសន៍ថា ដើម្បីធានាបាននូវការផ្តល់នូវការចិញ្ចឹមបីបាច់មួយដ៏សមរម្យ សម្រាប់កុមារគ្មានទីពឹងទាំងនោះ រាជរដ្ឋា ភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច តែបានសហការជាមួយបណ្តាសង្គមស៊ីវិលនានា ស្វែងរកជំនួយ និងការផ្គត់ផ្គង់ នានាពីសម្បុរសជនទាំងក្នុង និងក្រៅស្រុក។ ជាមួយគ្នានេះរាជរដ្ឋាភិបាល និងក្រសួង តែងបាន អនុញ្ញាតឲ្យមាន ការបង្កើតមណ្ឌលទទួលមើលថែទាំ ក្មេងជាច្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីបានជួយដល់ ក្មេងៗអនាថា គ្មានទីពឹងរបស់កម្ពុជា បានមានឱកាសទទួលការថែទាំង និងការអប់រំជាដើម។
ចំពោះភាពមិនប្រក្រតីរបស់អង្គការ និងមណ្ឌលថែទាំងកុមារមួយចំនួននោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នឹងមានវិធានការក្តៅទៅលើរឿងនេះ ព្រមទាំងបង្កើតក្រុមការងារចុះពិនិត្យឲ្យបានច្បាស់លាស់ចៀសវាងការកេង រកផលចំណេញលើកុមារ៕