ដាម៉ាស៖ បណ្តាប្រទេសអារ៉ាប់មួយចំនួន និង ប្រទេសលោកខាងលិចថ្មីៗនេះ បានទទួលស្គាល់ក្រុមសម័្ពន្ធប្រឆាំង ស៊ីរី ជាអ្នកដំណាងស្របច្បាប់ នៃប្រជាជនស៊ីរី ខណៈពេលដែល ស្ថានភាពសិទ្ធិមនុស្សកាន់តែ ធ្លាក់ចុះដុនដាបក្នុងប្រទេសមជ្ឈិបូព៌ា។
យោងតាមទីភ្នាក់ងារព័ត៌មាន ស៊ិនហួ បានចុះផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ នេះថា កិច្ចប្រជុំនៃបណ្តាប្រទេស ដែលជាមិត្តរបស់ស៊ីរី បានធ្វើឡើងក្នុងប្រទេស ម៉ូរ៉ូកូ នៅថ្ងៃពុធ ទី១២ កន្លងទៅនេះស្តីពីការរៀបចំ បង្រួបបង្រួមជាតិសម្រាប់ កងកម្លាំងក្រុមសម័្ពន្ធ ប្រឆាំង នឹងរបបគ្រប់នៅប្រទេសស៊ីរី ដែលបានរៀបចំឡើង កាលពីដើមខែ វិច្ឆិកា ក្នុងប្រទេស កាតា ដោយទទួលស្គាល់ក្រុមប្រឆាំង ជាតំណាងស្រប ច្បាប់របស់ប្រជាជនស៊ីរី។
តំណាងមកពីប្រទេសនិង តំបន់ចំនួន ១១៤ ព្រមទាំង អង្គការក្រៅរដ្ឋាភិបាលចំនួន ១៥ទៀត បាន ចូលរួមក្នុងកិច្ចប្រជុំនោះ។ អ្នកចូលរួមទាំងអស់បាន សន្យាថានឹងផ្តល់ជំនួយសម្រាប់ កងកម្លាំងក្រុមប្រឆាំង និងបង្ខំឲ្យប្រធានាធីបតី នៃប្រទេសស៊ីរី លោក បាហ្សា អាល់ អាស្សាដ លាលែងចេញពី តំណែងរបស់ខ្លួន។
មុនកិច្ចប្រជុំចាប់ផ្តើម លោក ចច សាប្រា អនុប្រធាននៃសម្ព័ន្ធក្រុមប្រឆាំងនេះបាននិយាយ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួ ថាអង្គការរបស់លោក សង្ឃឹមថានឹងទទួលបានការ ទទួលស្គាល់ពេញលេញ ដោយសហគមន៍អន្តរជាតិក្នុង ពេលឆាប់ៗខាងមុខនេះ។ លោក សាប្រា បានបន្ថែមទៀតថា យើងចង់បានកិច្ចប្រជុំដើម្បី ផ្តល់សិទ្ធិដល់ប្រជាជនស៊ីរី ក្នុង ការការពារខ្លួន និង ដើម្បីរៀបចំឧបត្ថម្ភជំនួយមនុស្សធម៌ផងដែរ។
កិច្ចប្រជុំមិត្តរបស់ស៊ីរី ចាប់ផ្តើមមួយម៉ោងក្រោយ ពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក អូប៉ាម៉ា បានប្រកាសទទួលស្គាល់ តំណាងក្រុមសម័្ពន្ធប្រឆាំងស៊ីរី ជាក្រុមប្រឆាំងស្របច្បាប់ ដែលទ្រោះត្រាយផ្លូវសម្រាប់ ការបង្កើនជំនួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក បានផ្លាស់ប្តូរទៅតាមជំហាន ដែលមានលក្ខណៈស្រដៀងទៅនឹង ប្រទេសអង់គ្លេស បារាំង និង ទីក្រុមអារ៉ាប់ជាច្រើនទៀត ដែលត្រូវបានរៀបចំ ដោយក្រុមសម្ព័ន្ធឧទ្ទាម ភ្លាមៗក្រោយពី វាបានបង្កើតនៅក្នុង ទីក្រុងដូហា។
ឆ្លើយតបចំពោះការទទួលស្គាល់ ក្រុមប្រឆាំងស៊ីរីពីសំណាក់អាមេរិកនេះ ប្រទេសរុស្ស៊ីបាន និយាយថា សហរដ្ឋអាមេរិក កំពុងតែជម្រុញឲ្យមាន ជោគជ័យចំពោះប្រតិបត្តិការ យោធានៃសម្ព័ន្ធប្រឆាំងស៊ីរី។
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ឺហ្គេ ឡារូវ បាននិយាយកាលពីថ្ងៃអង្គារ ថា សហរដ្ឋអាមេរិកបាន បោះជំហានដោយប្រឆាំង ទៅនឹងសេចក្តីថ្លែងការណ៍រួម ទីក្រុងស៊ឺណែវ ដែលតម្រូវឲ្យមានតែកិច្ចពិភាក្សា រវាងតែរដ្ឋាភិបាល និងក្រុមប្រឆាំងតែប៉ុណ្ណោះ៕