គែរ៖ តុលាការ នៃប្រទេសអេហ្ស៊ីប នៅថ្ងៃសោរ៍ ទី២៩ ខែវិច្ឆិកា នេះបានសម្រេចលើកលែង បណ្តឹងដែលបានចោទប្រកាន់ អតីតប្រធានាធិបតី ហូស្នី មូបារ៉ាក់ លើករណីឃាតកម្ម សម្លាប់បាតុករនោះហើយ ក្រោយរយៈពេល ៤ឆ្នាំ ដែលត្រូវបានអំណាចប្រជាជនបណ្តេញ ចេញពី របបដឹកនាំផ្តាច់ការ ដែលមានរយៈពេល ៣២ឆ្នាំ នោះ។
សារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅទៀតថា នៅថ្ងៃសៅរ៍នេះ ទូរទស្សន៍រដ្ឋអេហ្ស៊ីប បានបង្ហាញ រូបភាពលោក មូបារ៉ាក់ វ័យ ៨៦ឆ្នាំ ដេកលើគ្រែពូករុញ ទៅកាន់តុលាការ និង ស្លៀកសម្លៀកបំពាក់ ពណ៌ខៀវ ក្នុងនាមជាជនជាប់ចោទ។ លោកត្រូវបាន កម្លាំងសន្តិសុខបញ្ជូនពីមន្ទីរពេទ្យ យោធា តាមឧទ្ធម្ភាគចក្រនៅជាយទីក្រុងគែរ មកកាន់តុលាការ ដើម្បីស្តាប់សេចក្តី សម្រេចកាលពីព្រឹកថ្ងៃសៅរ៍នេះ។
គួរបញ្ជាក់ថា លោក មូបារ៉ាក់ ត្រូវបានបណ្តេញពីអំណាច កាលពីខែកុម្ភៈ ឆ្នាំ ២០១១ ក្រោយ ការតវ៉ាយ៉ាងកក្រើក ក្នុងប្រទេសរយៈពេល ១៨ថ្ងៃ។ លោកត្រូវបានចោទប្រកាន់ក្រោយធ្លាក់ ពីអំណាចផ្តាច់ការ ថា លោកបានបញ្ជា ឲ្យកងកម្លាំងបង្កអំពើហិង្សា សម្លាប់បាតុករ ដែលក្រោកឈរឡើង ប្រឆាំងរូបលោកនាគ្រានោះ។ ទោះជាតុលាការសម្រេចបែបនេះ តែគេមិនទាន់ដឹង ថាលោក អាចរួចផុតទោស និង មានសេរីភាពដែរ ឬអត់នោះទេ៕