ប៉ារីស៖ អតីត ប្រធានាធិបតីបារាំង លោក នីកូឡាស់ សាកូហ្ស៊ី បានជាប់ធ្វើជាមេដឹកនាំ នៃគណបក្សសហភាព សម្រាប់ចលនាប្រជាជន (UMP) នៅថ្ងៃសៅរ៍ ទី29 ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដែលនេះជាជំហាន ដំបូងក្នុងការឈានទៅរកតំណែងប្រធានាធិបតី ក្នុងអាណត្តិ ២០១៧ខាងមុខ ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ក្នុងការបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សនេះ លោក សាកូហ្ស៊ី បានទទួលសម្លេងគាំទ្រ ៦៤,៥ ភាគរយ ដែល អតីតរដ្ឋមន្រ្តី ០២ រូប គឺលោក Bruno Le Maire និង Herve Mariton ជួយឲ្យស្វែងរកសម្លេងឆ្នោតឲ្យគាត់ បាន ៣៥,៥ ភាគរយ។
មេដឹកនាំជើងចាស់ វ័យ ៥៩ ឆ្នាំរូបនេះ បានសរសេរក្នុងគេហទំព័ត ហ្វេសបុក របស់ខ្លួនភ្លាមៗ បន្ទាប់ពីលទ្ធផល បានប្រកាស ថា«ការជាប់ឆ្នោតនេះ គឺតំណាងឲ្យការចាប់ផ្តើមជាថ្មី នៃគ្រួសារនយោបាយរបស់យើង។ យើងត្រូវតែរួបរួមគ្នា និង យកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយថ្មីឲ្យប្រទេសបារាំង។ ហើយយើងនឹងរួមគ្នាធ្វើវាឲ្យបានជាដាច់ខាត។»
តែទោះជាយ៉ាងណាក្តី នាពេលអនាគតនយោបាយរបស់អតីតប្រធានាធិបតីរូបនេះ នៅតែមិនទាន់ច្បាស់លាស់ នៅឡើយ ដោយសារតែគាត់អាចនឹងត្រូវមាន ការជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ ដែលកំពុងស្ថិតក្រោមការ ស៊ើបអង្កេត ដែលអាចជាកត្តាបរាជ័យ ក្នុងការវិលត្រលប់របស់លោក បន្ទាប់ពីបរាជ័យក្នុង អាណត្តិទីពីរ ឆ្នាំ ២០១២ កន្លងទៅ ៕