Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋសភា នឹងផ្តើមអនុម័ត សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី នាថ្ងៃចន្ទស្អែកនេះ

0
0

ភ្នំពេញៈ ប្រសិន បើគ្មានការប្រែប្រួលទេ រដ្ឋសភាជាតិ ដែលដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន នឹងបើក កិច្ចប្រជុំនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះ ដើម្បីពិភាក្សាគ្នាអំពីសេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ក្នុង គោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរជាងគេ ក្នុងចំណោមប្រទេសជា សមាជិកអាស៊ាន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភាជាតិ ដែលបានចេញកាលពីកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មាន ១២ ជំពូក និង ៩២មាត្រា ហើយច្បាប់នេះនឹងប្រជុំអនុម័ត នៅព្រឹកថ្ងៃចន្ទនេះតែម្តង ក្នុងគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ធានាការពារ សុខភាព និងអាយុជីវិតមនុស្សសត្វ និងទ្រព្យសម្បត្តិសាធារណៈជាដើម។ មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះ ក៏ដើម្បី ផ្តល់ការយល់ដឹងអំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក គ្រប់គ្រងសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងទប់ស្កាត់ការ ប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកផងដែរ។

បើតាមសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ បានកំណត់ពីការដាក់ទោសលើអ្នកល្មើសធ្ងន់ធ្ងរជាងមុន ក្នុងបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបានសម្លាប់ជីវិតប្រជាពលរដ្ឋកម្ពុជា ជាមធ្យម ចំនួន៥ទៅ៦ នាក់ ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្នភាពនេះ។ តែយ៉ាងណាក្តី សេចក្តីព្រាងច្បាប់ថ្មីនេះក៏ មានការដាក់ ទោសចំពោះ មន្រ្តីនគរបាលណាដែលធ្វើការផាកពិន័យដល់ម្ចាស់យានយន្ត ដោយខុសច្បាប់ផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានទៅដល់រដ្ឋសភាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៤ បន្ទាប់ពីគណៈរដ្ឋមន្ត្រី បានឯកភាព ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ មានចំណុចសំខាន់ៗ ខុសពីច្បាប់ចាស់ដូចជាម៉ូតូអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមបានកុមារមួយនាក់ទៀត តែអ្នកទាំងបីនោះត្រូវតែពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

សេចក្តីព្រៀងច្បាប់ បានបង្ហាញទៀតថា ជនណាដែលបើកបរយានយន្តដោយគ្មានបណ្ណ បើកបរត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ៨សែនរៀល ។ ជនណា បើកបរយាន យន្ត មិនព្រមបញ្ឈប់យានយន្តតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោក ដើម្បីធ្វើតេស្តពិនិត្យ ជាតិអាល់កុល ឬសារធាតុគ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ ខែ និងពិន័យជាប្រាក់ពី ១ សែនរៀល ទៅ ៨ សែនរៀល។ ចំណែកជនណា បើកបរយានយន្តនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិអាល់កុល ចាប់ពី០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ក្រាម ក្នុងមួយលីត្រ ឈាមឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ៨ សែនរៀល ទៅ ៤ លានរៀលផងដែរ។

សម្រាប់ជនណាដែលរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី៨សែនរៀលទៅ៨លានរៀល ហើយបុគ្គល ណាដែលមានរំលោភលើរាងកាយ របស់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលកំពុងបំពេញភារកិច្ច ត្រូវ ផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន។

សេចក្តីព្រាងច្បាប់ដដែលបានបន្តថា ជនណាបើកបរ បណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១៥ លានរៀលឬក៏អាចលើសហ្នឹង។ ហើយជនណា បើកបរ បណ្តាលឲ្យអ្នកដទៃស្លាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ២៥ លានរៀល ចំពោះជនដែលបើកបរនោះមិនមានប័ណ្ណបើកបរ។

សូមរំលឹកថាគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០១៣កន្លងទៅ មានជនរងគ្រោះចំនួន ១៦.២២៧នាក់ ក្នុងនោះ មានអ្នកស្លាប់ ១.៩៥០ នាក់ និងរបួសធ្ងន់ ៥៦៧១ នាក់។ ហើយគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានអ្នកស្លាប់ ច្រើនជាង ៥ ទៅ៦នាក់ ក្នុងមួយថ្ងៃ។ ៦៩% នៃអ្នកស្លាប់សរុប គឺជាអ្នកជិះម៉ូតូ ហើយមិនពាក់មួកសុវត្ថិភាព។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤នេះ មានការឡើងខ្លាំង បើធៀបកាលពីឆ្នាំ២០១៣ កន្លងទៅ ហើយ អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលជិត ១១ ខែ នៅឆ្នាំ២០១៤នេះ បានកើនដល់ជាង ២.០០០នាក់៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images