ភ្នំពេញ៖ នាយកវិទ្យាស្ថាន ពហុបច្ចេកទេសព្រះកុសុមៈ ជាសាលាបណ្តុះបណ្តាល បច្ចេកទេសមួយ នៅភ្នំពេញ នៅព្រឹកមិញនេះ បានជំរុញឱ្យយុវជន យុវសិស្សខ្មែរ ចាប់អារម្មណ៍ ទៅលើការសិក្សា ជំនាញបច្ចេកទេស ឱ្យបាន ច្រើន ដោយសារតែទីផ្សារការងារ លើវិស័យនេះ ក្នុងប្រទេសកម្ពុជា កាន់តែទូលំទូលាយឡើងហើយ ។
លោក ហែម ចន្ថា នាវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានថ្លែងក្នុងពិធីបើកបវេសនកាល នៃ វិទ្យាស្ថាន ពហុបច្ចេក ទេសព្រះកុសុមៈ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះថា ការបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ចាជីវៈ កន្លងមកមិនសូវមានអ្នកចង់ចូលរៀនប៉ុន្មានទេ គឺគេចូលចិត្តផ្នែក ពាណិជ្ជសាស្ត្រ ( Accounting, Marketing, Management) តែបច្ចុបន្ន នៅផ្នែកពាណិជ្ជសាស្ត្រនេះ ពិបាកស្វែងរកការងារធ្វើ ទីផ្សារការងារ មានលក្ខណៈចង្អៀត ។ ដូច្នេះទីផ្សារផ្នែកបច្ចេកទេស មានលក្ខណៈទូលាយ ដូចជាជំនាញ អគ្គិសនី សំណង់ និងអេឡិចត្រូវនិច ដូច្នេះអ្នកចូលចិត្តខាងពាណិជ្ជសាស្ត្រ បានបង្វែរទិសមកខាង បច្ចេកទេសវិញ ព្រោះផ្នែកនេះ ងាយស្រួលក្នុងការស្វែងរកការងារ ធ្វើពេលបញ្ចប់ការសិក្សា ។
លោកបានបន្ថែមថា សិស្សនិស្សិតទាំងអស់ ដែលបានប្តូរពីផ្នែកពាណិជ្ជសាស្ត្រ មកផ្នែកបច្ចេកទេស គឺពិតជាមិន ខុសបំណងទេ ពីព្រោះនៅពេលបញ្ចប់ការសិក្សា គឺងាយស្រួលរកការងារធ្វើ ។ ម្យ៉ាងវិញទៀត នៅក្នុងពេលបើក បវេសនកាល វិទ្យាស្ថានមានបើកកម្មវិធី ប្រកួតរ៉ូបូតផងដែរ ដើម្បីបង្កើនចំណេះដឹង ផ្នែកខាងអេឡិចត្រូនិច បន្ថែមទៀត និងដើម្បីបង្ហាញពីស្នាដៃ បង្កើតរ៉ូបូត របស់និស្សិត ។
លោកបានបន្ថែមទៀតថា ការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកទេស នៅវិទ្យាស្ថាន ពហុបច្ចេកទេស ព្រះកុសុមៈ គឺផ្តោតយ៉ាងសំខាន់ ទៅលើគុណភាព និងប្រសិទ្ធិភាព ដើម្បីឆ្លើយតប ទៅនឹងទីផ្សារការងារ ពោល គឺការបណ្តុះបណ្តាល នៅតាមសាលាឬវិទ្យាស្ថាន ធ្វើយ៉ាងណា ដើម្បីអោយនិស្សិត ចេញទៅមានការងារ ធ្វើនៅ តាមរោងចក្រសហគ្រាស ហើយម្យ៉ាងវិញទៀត ត្រូវធ្វើយ៉ាងណា ដើម្បី វិទ្យាស្ថាន និង រោងចក្រសហគ្រាស ត្រូវមាន កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ គឺមានន័យថា សាលាជាអ្នកផ្គត់ផ្គង់ពលកម្ម ចំណែករោងចក្រ សហគ្រាស ជាអ្នកត្រូវការ កម្លាំងពលកម្ម៕