ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសអំពាវនាវ ដល់ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង រួសរាន់ ដាក់ពាក្យចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអេឡិចត្រូនិច ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ជាកំហិត ហើយក្រសួង នឹងមិនទទួលខុសត្រូវក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ចំពោះក្រុមហ៊ុន ដែលយឺតយ៉ាវក្នុងការចុះបញ្ជី ក្រុមហ៊ុននោះឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៤ ខែធ្នូ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើងចំនួន ៤២៦ បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) តាមប្រព័ន្ធអេឡិចត្រូនិក។ ក្រសួងពាណិ ជ្ជកម្ម ក៏បានចេញ CO ជូនក្រុមហ៊ុនទាំងនោះ បានជាង ១៧.០០០ច្បាប់ផងដែរ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការចុះបញ្ជីក្រុមហ៊ុន តាមប្រព័ន្ធអេឡិចត្រូនិក បានផ្តល់នូវប្រយោជន៍យ៉ាង ច្រើនដល់ម្ចាស់ក្រុមហ៊ុន ដូចជាកាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើររបស់បុគ្គ លិកក្រុមហ៊ុន និងថ្លៃមិនចាំបាច់មួយចំនួនទៀត។
តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងផងដែរថា នៅមានក្រុមហ៊ុនមួយចំនួនទៀត មិនទាន់បានចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។ ក្រសួងពាណិជ្ជកម្ម បានប្រកាសអំពាវនាវឲ្យ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មិនទាន់ចុះបញ្ជីនោះ រួសរាន់ដាក់ពាក្យចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធ អេឡិចត្រូនិច ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ជាកំហិត។ ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមផ្តល់អាទិភាពក្នុង ការចេញ CO ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះតទៅ តែមិនទទួលខុសត្រូវចំពោះក្រុមហ៊ុន ដែលយឺតយ៉ាវ មិនចុះបញ្ជីនោះឡើយ៕