កណ្តាល ៖ បុរសអាយុពាក់កណ្តាលមនុស្សម្នាក់ បានរត់ចោលផ្ទះសម្បែង និងប្រពន្ធ-កូន បន្ទាប់ពីបែកធ្លាយរឿងរ៉ាវ ដល់សមត្ថកិច្ច ខណៈដែលខ្លួនធ្វើការចាប់បង្ខាំងយាយរបស់ភរិយាទី២របស់ខ្លួន ដែលទើបនឹងរៀបការ ដើម្បីគំរាម ទារបណ្តាការយកមកវិញ ខណៈដែលភរិយាទី២ ក្រោយរៀបការដឹងថា ប្តីរបស់ខ្លួនមានប្រពន្ធ និងមានកូនកន្លះ កន្ទេលទៅហើយនោះ មិនព្រមចូលផ្សំដំណេកជាមួយ ធ្វើឲ្យបុរសជាប្តីផ្ទុះកំហឹង ចាប់បង្ខាំងយាយក្មេកទារបណ្តា ការតែម្តងទៅ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ ស្ថិតនៅផ្ទះរបស់បុរស ជាជនសង្ស័យ ឈ្មោះ សុខ ឆាង អាយុ ៤៨ឆ្នាំ មានមុខរបរ ជាកសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈដែលស្រ្តីជាប្រពន្ធទី២ រួមជា មួយនឹងម្តាយ បាននាំគ្នាទៅប្តឹងសមត្ថកិច្ចដើម្បីសុំឲ្យជួយអន្តរាគមន៍ រំដោះយកម្តាយ និងត្រូវជាយាយរបស់ស្រ្តីជា ភរិយាទី២ ចេញពីកណ្តាប់ដៃប្តី ។ ក្នុងនោះខណៈសមត្ថកិច្ចទទួលបានពាក្យបណ្តឹង ហើយធ្វើដំណើរទៅអន្តរាគមន៍ ដល់ទីតាំងផ្ទះជនសង្ស័យ ក្នុងបទបង្ខាំងមនុស្សខាងលើ ធ្វើឲ្យជនសង្ស័យដឹងខ្លួនជាមុន ក៏រត់គេចខ្លួនបាត់ទៅ ។
ដោយឡែកស្រ្តីដែលជាប្រពន្ធទី២ រួមទាំងក្រុមគ្រួសារដែលរងគ្រោះ នៅក្នុងអំពើឆបោក និងចាប់បង្ខាំងខាងលើនេះ ទី១មានឈ្មោះ ផាន ស្រីអួយ ភេទស្រី អាយុ ១៩ឆ្នាំ មានមុខរបរ ជាកម្មការិនីកាត់ដេរ មានទីលំនៅភូមិត្រពាំងកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ត្រូវជាភរិយាទី២ របស់ជន សង្ស័យឈ្មោះ សុខ ឆាង ដែលទើបនឹងរៀបការជាមួយគ្នា តែមិនទាន់បានផ្សំដំណេក ទី២ ឈ្មោះ ខេង លឿ ភេទស្រី ត្រូវជាម្តាយរបស់ឈ្មោះ ផាន ស្រីអួយ និងទី៣ឈ្មោះ ញ៉ែត សយ ភេទស្រី អាយុ ៧៣ឆ្នាំ ត្រូវជាយាយរបស់ឈ្មោះ ផាត ស្រីអួយ ដែលមានទីលំនៅស្រុកឈូក ខេត្តកំពតជាមួយគ្នា ។
ពាក់ព័ន្ធទៅនឹងករណី ចាប់បង្ខាំងមនុស្ស ដើម្បីគំរាមទារប្រាក់ខាងលើនេះ ត្រូវបានស្រ្តីឈ្មោះ ផាន ស្រីអួយ ធ្វើការ រៀបរាប់ឲ្យដឹងថា រវាងខ្លួន និងឈ្មោះ សុខ ឆាង បានស្គាល់គ្នា ខណៈនាងធ្វើជាកម្មការិនីកាត់ដេរ ហើយចុងក្រោយការស្គាល់ និងរាប់អានគ្នាខាងលើនេះ ឈានដល់ការស្រឡាញ់ ដោយសារតែឈ្មោះ សុខ ឆាង ពូកែលួងលោមនូវ ពាក្យសំដី និងអះអាងថា ខ្លួនជាបុរសពោះម៉ាយ ប្រពន្ធស្លាប់ចោលយូរឆ្នាំមកហើយ ។
ការលួងលោម រួមទាំងការផ្តល់ លុយកាក់ឲ្យចាយខ្លះៗផងនោះ ទើបធ្វើឲ្យខ្លួនបាក់ចិត្តស្រឡាញ់ ព្រមរៀបការជាមួយនឹងបុរសពោះម៉ាយខាងលើ បើ ទោះបីជារូបគេ មានវ័យចាស់ជាងខ្លួនរហូតដល់ជាង ២០ឆ្នាំក៏ដោយ ។ ក្រោយពីយល់ព្រមហើយ នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ ស្រាប់តែឈ្មោះ សុខ ឆាង បាននាំមនុស្សមួយក្រុម ដែលអះអាងថា ជាសាច់ញាតិជិះ រថយន្តទៅចូលស្តីដណ្តឹងរូបនាងដល់លំនៅដ្ឋានទៅតាមប្រពៃណី ដោយមានការព្រមព្រៀងគ្នាទាំងសងខាង ។
លុះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ពិធីរៀបមង្គលការក៏ចាប់ផ្តើមឡើង ក្រោមសំឡេងបាយខុនចងដៃ ដោយភាគីខាង ប្រុស ជាអ្នករ៉ាប់រងចំណាយទៅលើពិធីរៀបមង្គលការខាងលើនេះ រហូតដល់ចប់ចុងចប់ដើម ។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ មួយថ្ងៃក្រោយនៃថ្ងៃរៀបមង្គលការ បុរសជាប្តីឈ្មោះ សុខ ឆាង ក៏បាននាំប្រពន្ធវ័យក្មេងរបស់ខ្លួន រួមទាំង យាយឈ្មោះ ញ៉ែត សយ ធ្វើដំណើរមកលេងស្រុកកំណើតផ្ទះសម្បែងខាងប្តី នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ដើម្បីផ្សំដំណេក និងបានស្គាល់សាច់ញាតិ ស្រាប់តែពេលធ្វើដំណើរមកដល់ផ្ទះខាងប្តី នាង ផាន ស្រីអួយ ជាប្រពន្ធ ធ្លាក់ថ្លើមក្តុក ព្រោះដឹងថា ប្តីដែលទើបរៀបការថ្មីថ្មោងរបស់ខ្លួន មិនមែនជាបុរសពោះម៉ាយ ដូចការអះអាងនោះឡើយ តាមពិត ជាបុរសមានប្រពន្ធ និងមានកូនរហូតដល់ ៤នាក់ នៅក្នុងបន្ទុកទៀតផង ។
ទោះបីដឹងថា ប្តីរបស់ខ្លួនភូត កុហកយ៉ាងណាក៏ដោយ ក៏នាង ផាន ស្រីអួយ មិនបានបង្កជម្លោះរករឿងដេញដោលអ្វីនោះឡើយ គឺសុខចិត្តនៅស្ងៀម ហើយមានបំណងចាកចេញ ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដើម្បីបញ្ចប់បញ្ហា តែបុរសជាប្តីចេះតែឃាត់ រហូតដល់យប់ ក៏បានបបួលនាងចូលដេកជាមួយគ្នា តែត្រូវនាង ធ្វើការបដិសេធ ធ្វើឲ្យបុរសជាប្តីឈ្មោះ សុខ ឆាង រករឿងខឹង រួចហើយគំរាមកំហែងទារ យកប្រាក់ថ្លៃបណ្តាការចំនួន ២៥០០ដុល្លារវិញ ហើយបើគ្មានលុយឲ្យទេ រូបគេនឹងបង្ខាំងយាយទុកដើម្បីឲ្យទៅរក លុយមកលោះ ។
ពេលឃើញទង្វើយ៉ាងដូច្នេះ នាង ផាន ស្រីអួយ ក៏បានទូរស័ព្ទប្រាប់ម្តាយនៅឯស្រុក លុះស្អែកឡើង ម្តាយក៏ធ្វើដំណើរ មកកាន់ផ្ទះរបស់កូនប្រសារ ដើម្បីធ្វើការចរចារកដំណោះស្រាយ តែបុរសឈ្មោះ សុខ ឆាង ដាច់ខាត នៅតែទាមទារលុយ ២៥០០ដុល្លារ បើមិន ព្រមយករូបគេធ្វើជាប្តី រួមរស់ជាមួយគេទេនោះ ។ ខណៈដែលបុរសឈ្មោះ សុខ ឆាង ទាមទារលុយ និងឃាត់យាយរបស់នាង មិនឲ្យចាកចេញពីផ្ទះ រូបនាង និងម្តាយដែលគ្មានលុយបង់ឲ្យក៏បាន ទៅសុំផ្ទះអ្នកជិតខាងដេក រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ស្រ្តីជាម្តាយឈ្មោះ ខេង លឿ ក៏បានពឹងពាក់អ្នកភូមិឲ្យជូន ទៅប្តឹង នគរបាលស្រុកកៀនស្វាយ ។ ក្នុងនោះខណៈដែលនគរបាលស្រុក និងប៉ុស្តិ៍បន្ទាយដែក ចុះទៅ ធ្វើការសាកសួរដល់ផ្ទះកើតហេតុ ស្រាប់តែបុរសឈ្មោះ សុខ ឆាង បានរត់គេចខ្លួនបាត់ទៅ ហើយស្រ្តី៣នាក់ ដែលជា ម្តាយ កូន និងយាយ ក៏នាំគ្នាធ្វើដំណើរទៅកាន់ស្រុកភូមិរបស់ខ្លួនវិញអស់ទៅ ៕