ភ្នំពេញ ៖ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលបច្ចុប្បន្ន តម្លៃប្រេង នៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះដែល ជាហេតុនឹងធ្វើ ឲ្យប្រេងសាំង នៅកម្ពុជា នឹងបន្តធ្លាក់ចុះទៀត។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលទើប តែបញ្ចប់ ការសិក្សា នៅសកលវិទ្យាល័យភូមិន្ទ ចំការដូងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ ថា ទោះបីជាតម្លៃ ប្រេងនៅលើពិភពលោកធ្លាក់ចុះ ប៉ុន្តែ អូប៉ីច(OPEC)មិនបន្ថយក្នុងការផលិត ឡើយ។
សម្តេចបញ្ជាក់ថា «ប្រសិនបើស្ថានភាពតម្លៃប្រេងបន្តធ្លាក់ចុះបានន័យថា តម្លៃប្រេង នៅលើទីផ្សារ អន្តរជាតិ នឹងមានការធ្លាក់ចុះ ហើយក៏ត្រូវតម្រូវឲ្យ ទីផ្សារក្នុងស្រុក យើងធ្លាក់ចុះដែរ»។
ទាក់ទងនឹងបញ្ហានេះដែរសម្តេចតេជោ ហ៊ុន សែន បានឲ្យលោកឧបនាយកររដ្ឋមន្រ្តី គាត ឈន់ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវពិនិត្យមើលតម្លៃប្រេងនេះ។
នាយករដ្ឋមន្រ្តីបានបន្ថែមថា មានមតិមួយចំនួនបានលើកឡើងថា តម្លៃប្រេងនៅ លើទីផ្សារ អន្តរជាតិ មានការធ្លាក់ចុះហេតុអ្វីបាន ជាតម្លៃប្រេងនៅកម្ពុជា មិនទាន់ធ្លាក់តម្លៃ ដោយសារតែ ក្រុមទាំងនោះ នៅពេលដែលទិញប្រេងមកគឺមានតម្លៃថ្លៃ ទើបបានជាគេនៅ បន្តលក់រហូតដល់អស់ប្រេង។
បើតាមសម្តេចមានក្រុមហ៊ុនប្រេង៣ នៅកម្ពុជាស្រួលនិយាយគ្នាគឺហៅមកប្រជុំគ្នា ចុះតម្លៃភ្លាម ប៉ុន្តែក្រុម ហ៊ុនក្រៅស្រុក២មានការលំបាកចុះ បន្តិចដោយសារតែត្រូវ សុំយោបល់ពីមេដែលមួយនៅបារាំង និងមួយទៀតនៅអាម៉េរិក។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រុមហ៊ុនប្រេងឥន្ទនៈ នៅកម្ពុជាចំនួន៧ បានបញ្ចុះតម្លៃ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសមានការ សប្បាយរីករាយជាខ្លាំង ដែលជាហេតុធ្វើឲ្យកាត់បន្ថយការចំណាយ៕