ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០១៤ខាងមុខនេះ គឺជាថ្ងៃដ៏មហាឡាឫកសម្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងមិត្តអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនារបស់ខ្លួន ក្នុងឱកាសនៃពិធីគំរប់ខួបឆ្នាំទី៨ និងឈានចូលឆ្នាំទី៩ នៃការបង្កើតសារព័ត៌មានដើមអម្ពិល។
ចាប់តាំងពីការចាប់បដិសន្ធិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦ មកទល់នឹងនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពិតជាមាន កិត្តិយសដ៏មហាធំធេង ដោយទទួលបានការផ្តល់ជំនឿជាក់ ពីសំណាក់ប្រិយមិត្តពីគ្រប់មជ្ឈដ្ឋានគ្រប់ទិសទី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅឯនាយសមុទ្រ។
អ្វីដែលរឹតពិសេសទៅទៀត មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏បានទទួលគាំទ្រយ៉ាងពេញទំហឹង ពីម្ចាស់ផលិតផល នានា ដែលបានចំណាយធនធាន ដាក់ផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សពផ្សាយ របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។
ផ្តើមចេញពីថ្ងៃចាប់បដិសន្ធិនៃ សារព័ត៌មានប្រចាំថ្ងៃដើមអម្ពិល ដែលនៅពេលនោះ ជាកាសែតប្រចាំសប្តាហ៍ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានខិតខំពុះពារគ្រប់ឧបសគ្គ នៅក្នុងសមរភូមិព័ត៌មាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមានផលិតផល (news outlets) ជាច្រើនទៀតសម្រាប់បំរើ ចំណីអារម្មណ៍ ខាងព័ត៌មានទាន់ហេតុការណ៍ និងស៊ីជម្រៅ ក៏ដូចជាវិភាគ ជូនដល់ប្រិយមិត្តរបស់ខ្លួន ដោយឈរលើវិជ្ជាជីវៈ ក្រមសីលធម៌ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេល ៨ឆ្នាំ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បង្កើតឱ្យមាន កាសែតប្រចាំថ្ងៃ ដើមអម្ពិល (១៩-ធ្នូ-២០០៦) ទស្សនាវដី្តមរកត (កុម្ភៈ-២០០៩) វិទ្យុដើមអម្ពិល (១៩-ធ្នូ-២០០៩) កាសែតអនឡាញ (គេហទំព័រ) ព័ត៌មានទាន់ហេតុការណ៍ដើមអម្ពិល (១០-ធ្នូ-២០០៨) ទស្សនាវដ្តីអនឡាញ www.lookingtoday.com ទូរទស្សន៍ដើមអម្ពិល អនឡាញ DAP TVONLINE (១៧-មីនា-២០១៤) ។
លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានមានប្រសាសន៍ថា “ការរីកចម្រើនទាំងនេះ មិនអាចកាត់ចេញបានពីការ គំាទ្រយ៉ាងពេញទំហឹងរបស់ប្រិយមិត្ត ក៏ដូចជាម្ចាស់ការផ្សាយពាណិជ្ជកម្ម ដែលជាកម្លាំង លើកទឹកចិត្តមួយមានតម្លៃធំធេង មិនអាចកាត់ថ្លៃបាន សម្រាប់យើងខ្ញុំ ក្នុងការបេសកកម្មលើសមរភូមិព័ត៌មាននេះ”។
លោក សយ សុភាព ក៏បានយកឱកាសនេះផងដែរ ដើម្បីថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជាទស្សនទាន និងចក្ខុវិស័យ សម្រាប់សារព័ត៌មានដើមអម្ពិល ក្នុងឱកាសដែលលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួប ១ឆ្នាំ នៃការបង្កើតសារព័ត៌មានដើមអម្ពិល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៧ នៅក្បែរវិមានរដ្ឋសភា (អគារចាស់ជាប់ព្រះបរមរាជវាំង)។
ក្រៅពីនេះលោកអគ្គនាយក ក៏សូមសម្តែងនូវការកោតសរសើរ ចំពោះភក្តីភាពរបស់សហការីរបស់លោក ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តនិងស្មារតី ដើម្បីបំពេញភារកិច្ចក្នុងសមរភូមិព័ត៌មាន។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលមានបុគ្គលិកសរុប ១៣៥នាក់ (ស្រ្តី១៤នាក់) ប្តេជ្ញាបន្តបំពេញបេសកកម្មរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្រោយ ការធ្វើសហមា រណកម្មសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ខាងមុខនេះ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏បានទទួលយកសិស្សនិស្សិត មកហ្វឹកហាត់ការងារ (កិច្ចការនិពន្ធសារព័ត៌មាន ប្រភេទអេឡិចត្រូនិច និងបោះពុម្ព) ជាច្រើននាក់ ហើយពួកគេក៏បានក្លាយជា បុគ្គលិកយ៉ាងចំណានៗផងដែរ ដោយបានបម្រើការងារនៅក្នុងអង្គភាពដើមអម្ពិល និងខ្លះទៀត ទៅបំរើការងារនៅអង្គភាពព័ត៌មានផ្សេងៗទៀត ៕
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចូលរួមជាអធិបតី ក្នុងពិធីសម្ពោធការផ្សាយឡើងវិញ
របស់វិទ្យុដើមអម្ពិល អេហ្វអឹម 93.75 Mhz
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់មតិណែនាំ ក្នុងឱកាសអញ្ជើញចូលរួម
ខួបលើកទី១ នៃកាសែតដើមអម្ពិល
អ្នកនាំពាក្យសហរដ្ឋអាម៉េរិក ចូលរួមពិធីបុណ្យខួបដើមអម្ពិល
សំណេរអនុស្សាវរីយ៍ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទស្សនាការិយាល័យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទស្សនាឧបករណ៍ផ្សាយវិទ្យុដើមអម្ពិល
នៅស្ថានីយផ្សាយ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចូលរួមខួបលើកទី១នៃកាសែតដើមអម្ពិល
អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ទស្សនកិច្ចនៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
សកម្មភាពក្នុងការិយាល័យព័ត៌មាន
សកម្មភាព លោក សយ សុភាព ចុះទៅយកព័ត៌មានដោយផ្ទាល់ ក្រោយការប៉ះទង្គិចគ្នា
ដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅប្រាសាទព្រះវិហារ
ភ្ញៀវកិត្តិយសចូលរួមពិធីគំរប់ខួបកាសែតដើមអម្ពិល
សកម្មភាពសុំប្រសិទ្ធិពរជ័យតាមបែបសាសនានៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
សកម្មភាពបុគ្គលិកយកព័ត៌មាន ធ្វើបទសម្ភាសន៍ជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា
សកម្មភាពទទួលវាគ្មិន មុនពេលផ្សាយវិទ្យុដើមអម្ពិល
វាគ្មិន ចូលរួមក្នុងកម្មវិធីទូរទស្សន៍ដើមអម្ពិលអនឡាញ
តារាសម្តែង ចូលរួមក្នុងវិទ្យុដើមអម្ពិល