សៀមរាប ៖ កិច្ចប្រជុំពិភាក្សាការងារ ទេសចរណ៍ជាមួយផ្នែកឯកជន ដែលបានប្រព្រឹត្តិទៅ នៅសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ត្រូវបានផ្តោតជាសំខាន់ ទៅលើការធ្វើដំណោះស្រាយបញ្ហាប្រឈមនានា ដើម្បីលាងសំអាតកត្តាអវិជ្ជមានទាំងឡាយ ដែលជាឧបសគ្គរារាំង ដំណើរការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅក្នុងតំបន់អង្គរ សៀមរាប ។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ដឹកនាំការពិភាក្សា សម្រាប់កិច្ច ប្រជុំនេះ រួមទាំងមានការចូលរួមផងដែរ ពីសំណាក់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងមន្ត្រីមកពី បណ្តាមន្ទីរអង្គភាព ដែលពាក់ព័ន្ធជុំវិញខេត្តផងដែរ ។
លោក ថោង ខុន មានប្រសាសន៍ថា ផ្អែកតាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ជាមួយនឹងការដាក់ចេញ និងការ អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ស្របទៅនឹងគោលនយោបាយ អភិវឌ្ឍទេសចរណ៍ជាតិ ក៏ដូចជាផែន ការយុទ្ធសាស្រ្តតំបន់ និងពិភពលោក កម្ពុជារំពឹងថា នឹងទទួលបាននូវកំណើនភ្ញៀវទេសចរជារៀងរាល់ឆ្នាំ ។
លោកបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ប្រកបដោយប្រសិទ្ធិភាព ក្រសួងទេសចរណ៍ មានផែន ការច្បាស់លាស់ ក្នុងការអនុវត្តកម្មវិធីជាអាទិភាពរបស់ខ្លួន ដែលក្នុងនោះ រួមមានការអភិវឌ្ឍផលិតផលទេសចរណ៍ វិនិយោគទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍ ការពង្រឹងគុណភាពទេសចរណ៍ និងសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ធនធានមនុស្ស ការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ។
លោកបានសង្កត់ធ្ងន់ថា រាល់ការអនុវត្តន៍ផែនការ យុទ្ធសាស្រ្តខាងលើ វាពិតណាស់ថា បញ្ហាប្រឈមនានា វានឹងកើត មានឡើង ហើយបញ្ហាប្រឈមទាំងនោះ វាមិនអាចគេចផុតពីយន្តការ នៃដំណោះស្រាយនោះឡើយ ហើយយើងត្រូវ តែមានសុទិដ្ឋិនិយម ជាមួយផ្លូវស្វែងរកដំណោះស្រាយទាំងនោះ តាមរយៈនៃការជួបពិភាគ្សាគ្នា ។ លោកបានចាត់ទុក ថា ជំនួបពិភាក្សាគ្នា រវាងក្រុមការងារទេសចរណ៍ ជាមួយប្រតិបត្តិករទេសចរណ៍ផ្នែកឯកជននាពេលនេះ គឺជាយន្តការស្វែងរកដំណោះស្រាយ បញ្ហាប្រឈមនានា លើវិស័យទេសចរណ៍ ហើយយន្តការនេះ យើងនឹងត្រូវបានអនុវត្តជារៀង រាល់ ៣ខែម្តង ។
ការលើកឡើង នៅក្នុងកិច្ចប្រជុំនោះ ផ្នែកឯកជនដែលជាប្រតិបត្តិករទេសចរណ៍ នៃតំបន់សៀមរាប-អង្គរ បានផ្តោតទៅ លើបញ្ហាប្រឈមចំនួន ១៤ ចំណុច ដែលត្រូវមន្រ្តីជំនាញពាក់ព័ន្ធបកស្រាយបំភ្លឺ ។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរ ទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា បញ្ហាប្រឈមទី១ អ្នកបម្រើសេវាម៉ាស្សាសុខភាព នៅមានចំណុចខ្វះខាត លើជំនាញរបស់ខ្លួន ដូចនេះក្រសួងនឹងមានបង្កើតវគ្គបណ្តុះបណ្តាល ដល់អ្នកបម្រើសេវាម៉ាស្សា ដោយសហការជា មួយសកលវិទ្យាល័យអង្គរ ។ ក្រសួងនឹងទុករយៈពេល០៦ខែ គឺរហូតដល់ពាក់កណ្តាលឆ្នាំ២០១៥ ដើម្បីឲ្យអ្នកបម្រើ សេវាម៉ាស្សា ទទួលបានការបណ្តុះបណ្តាល ដើម្បីក្លាយជាប្រកបរបរអាជីពពិតប្រាកដ ។
ក៏ជាបញ្ហាប្រឈម ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំនេះផងដែរ នៅក្នុងចំណុចទី១៤ គឺការសុំឲ្យសាលាខេត្តសៀម រាប បញ្ឈប់សកម្មភាពក្លឹបកំសាន្ត ហ៊ីប ហ៊ប់ និងរើទីតាំងក្លឹប ក្លាស៊ីក ហ៊ីបហ៊ប់ ។ ជាយោបល់របស់កិច្ចប្រជុំ គឺត្រូវ អនុវត្តឲ្យបានត្រឹមត្រូវខ្លឹមសារមាត្រា០៩ នៃអនុក្រឹត ស្តីអំពីមណ្ឌលកំសាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ ។ ចំពោះទីតាំងរើទៅកាន់ទីតាំងថ្មី គឺត្រូវស្ថិតនៅក្នុងមណ្ឌលដែលឆ្លើយតបទៅនឹងលក្ខខណ្ឌដូចមានកំណត់ក្នុងមាត្រ ០៩ នៃអនុក្រឹត្យ ហើយសាលាខេត្ត និងមន្ទីរទេសចរណ៍ខេត្តសៀមរាប គួរជូនដំណឹង ទៅគ្រប់ទីតាំងសេវាកំសាន្ត ទេសចរណ៍មនុស្សពេញវ័យទាំងអស់ ដែលមានបញ្ហាមិនសមស្រប តាមស្មារតីនៃអនុក្រឹតខាងលើ ត្រូវស្វែងរកទីតាំង ថ្មី ដោយមានឱសាននុវាទអនុវត្តច្បាស់លាស់ ។
សម្រាប់ជោគជ័យ នៃកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញនូវក្តីមោទនភាពយ៉ាងកក់ក្តៅបំផុត ហើយសង្ឃឹមថា តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ សៀមរាប-អង្គរ នឹងបានបន្តនិរន្តរភាព នៃការ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងកំណើនកើនឡើងជារៀងរាល់ឆ្នាំ ដូចអ្វីដែលក្រសួងទេសចរណ៍ បានរំពឹង ទុក ហើយលោកក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរខេត្ត អាជ្ញាធរអប្សរា ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុននានា និងមន្ទីរ អង្គភាពដែលពាក់ព័ន្ធជាអន្តរវិស័យ បានរួមគ្នាពង្រឹងគុណភាព និង គ្រប់គ្រងសេវាកម្មទេស ចរណ៍បានល្អប្រសើរ ៕