ភ្នំពេញ៖ ចោរស្រីដៃឆើត ពោរពេញ ដោយបទពិសោធន៍ ពេញខ្លួន ជាជនជាតិវៀតណាមម្នាក់ បានលួចឆក់ក្រវិល បន្ទោង មាសទម្ងន់៥ហ៊ុន ពីក្មេងស្រី ម្នាក់អាយុ១ខួបកន្លះ ដែលត្រូវជាកូនស្រី របស់លោកមេធាវី ខាន់ សិរីវុទ្ធី សមាជិក នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ខណៈ ដែលកុមារីតូចនោះ កំពុងតែដើរពីក្រោយ ឪពុក ម្តាយរបស់ខ្លូន ដើម្បីរកទិញទំនិញ នៅក្នុងផ្សារធំថ្មី ស្ថិតនៅ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ប្រមាណជាង១២ថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤។
ក៏ប៉ុន្តែនៅពេលដែល ចោរស្រីដៃឆើតនោះ កំពុងតែធ្វើសកម្ម ចាប់ឆក់ក្រវិលបន្ទោងមាស ពីក្មេងស្រីរងគ្រោះនោះ លោក ខាន់ សិរីវុទ្ធី ត្រូវជាឪពុក បានដេញចាប់ខ្លួនបានភ្លាមៗ នៅក្នុងផ្សារ និងបានប្រគល់ ស្ត្រីសង្ស័យរូបនោះ ឲ្យទៅ ខាងសមត្ថកិច្ច និងសន្តិសុខផ្សារធំថ្មី ដើម្បីចាត់ការទៅតាមច្បាប់។
ហេតុការណ៍ ចោរឆក់ ក្រវិលបន្ទោងមាស ពីក្មេងស្រីខាងលើនេះ បានធ្វើឲ្យមនុស្សម្នា និងភ្ញៀវទេសបរទេស មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ សកម្មភាពឆក់នេះ បានធ្វើឡើង នៅក្នុងទីប្រជុំជន និង នៅក្នុងផ្សារថ្មីធំតែម្តង។
មន្ត្រីសន្តិសុខផ្សារធំថ្មី បានឲ្យដឹងថា ចោរស្រីខាងលើនេះ មានឈ្មោះ ង្វៀង ធីតូតបា (Nguven Thy Tot Ba) អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ។ ឥឡូវនេះ ស្ត្រីសង្ស័យរូបនេះ ត្រូវបានបញ្ជូនខ្លួន ទៅឃុំខ្លួន ជាបណ្តោះអាសន្ននៅ អធិការនគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕