ភ្នំពេញ៖ អភិបាលរង ខណ្ឌចំការមន លោក ជ គឹមស៊ នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នេះ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ តាមដងផ្លូវព្រះនរោត្តម ទល់មុខវត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់។
លោក ជ គឹមស៊ បានថ្លែងឲ្យដឹងថា កម្លាំងចម្រុះដែលចូលរួមក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការត្រួតពិនិត្យអ្នកបើកបរ មិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនេះ សរុបចំនួន៥៧នាក់ ដោយអនុវត្តចាប់ពីម៉ោង ១៩៖១៥នាទី រហូតដល់ម៉ោង ២១៖០០ នាទី។
លោកអភិបាលរងខណ្ឌចំការមន បានបន្តទៀតថា កិច្ចការនេះគឺធ្វើក្នុងបំណងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក៏ជាការរឹតបន្តឹងច្បាប់ចរាចរណ៍ ធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋចេះគោរពច្បាប់ ចេះស្រឡាញ់ខ្លួន និងចេះប្រុងប្រយ័ត្ន ក្នុងពេលបើកបរ៕