-ប៉ុស្តិ៍រដ្ឋបាលទាំង១០៩ ទូទាំងខេត្ត មាន៤០ប៉ុស្តិ៍ ត្រូវធ្វើការ ជួសជុល ឡើងវិញ
-ស្នងការ ខេត្តកំពង់ចាម នៅបន្តអំពាវនាវ ស្វែងរកជំនួយពី សប្បុរសជន
កំពង់ចាម ៖ អាគារប៉ុស្តិ៍ នគរបាល រដ្ឋបាល មួយចំនួន នៅតាមបណ្តាស្រុក របស់ខេត្តកំពង់ចាមនោះ បានបង្ហាញវត្តមាន រូបរាងថ្មី ជាបណ្តើរៗហើយ ខណៈ អាគារប៉ុស្តិ៍ដទៃទៀត ចាប់ផ្តើមសាងសង់ និងបញ្ចុះបឋមសិលា។
សូមបញ្ជាក់ថា នៅទូទាំង ខេត្តកំពង់ចាម មានអាគារប៉ុស្តិ៍ នគរបាលរដ្ឋបាល ចំនួន១០៩ តែមានអាគារប៉ុស្តិ៍ នគរបាលរដ្ឋបាល ៤០ប៉ុណ្ណោះ ស្ថិតនៅស្រុក មួយចំនួន មិនមានកន្លែងស្នាក់នៅ និងមិនសាកសម ធ្វើការរបស់កងកម្លាំង នគរបាល សម្រាប់ការ បំពេញភារកិច្ច លើការពង្រឹងសន្តិសុខ និងបម្រើសេវា ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន។
ដោយឃើញ ស្ថានភាពបែបនេះ និង បន្តការងារ ពីថ្នាក់ដឹកនាំមុននោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ បែន រ័ត្ន បានដើរមុខគេ ក្នុងការផ្តួចផ្តើមគំនិត ធ្វើចលនា និង រៃអង្គាសប្រាក់ ពីសប្បុរសជន គ្រប់ស្រទាប់វណ្ណះ ជាពិសេស ការបរិច្ចាគ ដោយការពេញចិត្ត និងស្រឡាញ់ពីសំណាក់ ប្រជាពលរដ្ឋ តាមមូលដ្ឋាន។
មន្រ្តីនគរបាល ខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា ក្នុងរយះពេល១១ខែ ដែល លោកឧត្តមសេនីយ៍ បែន រ័ត្ន មកកាន់តំណែងជាស្នងការ នៅខេត្តកំពង់ចាម នោះ លោកបានបើកយុទ្ធនាការ ការងារមួយនេះ រហូតកសាង អាគារប៉ុស្តិ៍ នគរបាល រដ្ឋបាល ចេញជារូបរាងចំនួន៨ កន្លែងនៅក្នុងស្រុកចំនួន៥។
អាគារប៉ុស្តិ៍ នគរបាលរដ្ឋបាល ចំនួន៧ ដែលមានទំហំ ៧ គុណ៩ម៉ែត្រ ធ្វើអំពីបេតុងដ៏រឹងមាំ និងប្រកសង្ក័សីខ្លះ និងប្រកស៊ីប្រ៉ូខ្លះ បានចេញ ជារូបរាងហើយ ហើយកងកម្លាំងនគរបាល អាចចូល ធ្វើការងារ ជាប្រចាំប្រកប ដោយភាពកក់ក្តៅ ហើយអាគារប៉ុស្តិ៍នគរបាល រដ្ឋបាលទី៨ គឺប៉ុស្តិ៍ស្វាយពោធិ៍ ស្រុកស្រីសន្ធរ បានចាប់ផ្តើមបញ្ចុះបឋមសិលា កាលពី ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ នគរបាលខេត្ត និងស្រុក ជាច្រើននាក់ផងដែរ។
មន្រ្តីនគរបាល ខេត្តកំពង់ចាម បានថ្លែងថា ប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង៨នោះ រួមមាន នៅស្រុកស្រីសន្ធរចំនួន៣ ស្រុកបាធាយចំនួន១ ស្រុកព្រៃឈរចំនួន២ ស្រុកចំការលើចំនួន២ និង ស្រុក ស្ទឹងត្រង់ចំនួន១ ។
ជុំវិញយុទ្ធនាការកសាង កន្លែងធ្វើការ ឲ្យកងកម្លាំង នគរបាល របស់ខ្លួនទូទាំងខេត្ត កាន់តែមានផាសុកភាព និងភាពកក់ក្តៅនោះ ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងបញ្ជាក់ថា នៅខេត្តមករា ឆ្នាំ២០១៥ខាងមុខនេះ លោកនឹងនាំមុខ កសាងប៉ុស្តិ៍នគរបាល រដ្ឋបាល មួយទៀត គឺនៅឃុំគគរ ស្រុកកំពង់សៀម ។
តាមរយះការកសាង ប៉ុស្តិ៍នគរបាល រដ្ឋបាល ជូនមន្រ្តីនគរបាល តាមបណ្តាស្រុក ខាងលើនេះ ត្រូវបាន លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ពីការផ្តល់ជំនួយថា «ដោយសារតែ ប្រជាពលរដ្ឋមាន ភាពកក់ក្តៅ និងការទុកចិត្តមកលើ នគរបាល របស់យើង ទើបពួកគាត់បានបរិច្ចាគថវិកា តាមលទ្ធភាព និងសទ្ធា របស់ខ្លួន អ្នកខ្លះ៥ម៉ឺនរៀល និងអ្នកខ្លះទៀតលើសពីនេះ...»។
លោកឧត្តម សេនីយ៍ស្នងការ បែន រ័ត្ន បានលើកឡើងថា ក្នុងចំណោមប៉ុស្តិ៍នគរបាល រដ្ឋបាល ទាំង១០៩ នៅទូទាំងខេត្តកំពង់ចាមនោះ មានចំនួន៤០ប៉ុស្តិ៍ ដែលមិនមានកន្លែងស្នាក់នៅ និងមិនសមរម្យ សម្រាប់កន្លែងធ្វើការរបស់កងកម្លាំង នគរបាលរបស់យើង។
បើតាមលោក បែន រ័ត្ន នៅ ឆ្នាំ ២០១៤នេះ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានទទួលសំណង់មួយ ដែលជាលុយរបស់រដ្ឋ គឺការសាងសង់ អធិការដ្ឋាន នគរបាល ស្រុកកងមាស ដែលកសាងបានប្រមាណ៨៥ភាគរយហើយ ។
ដោយឡែក សម្រាប់ការ កសាង អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ លោកស្នងការ បាន និងកំពុង ស្វះស្វែងរកជំនួយ សប្បុរសធម៌ ដើម្បីបន្តការងារមួយនេះ ពីលោក ស្នងការមុន។ ដូច្នេះសរុបទាំងអស់ ប៉ុស្តិ៍នគរបាលចំនួន៦ ត្រូវបានសាងសង់ តាមរយះការផ្តល់ ជំនួយពីសប្បុរសជន និង២ប៉ុស្តិ៍ទៀតបានមកពីរដ្ឋ។ រីឯអធិការ ដ្ឋាននគរបាលមួយ ជាថវិការបស់រដ្ឋ និងមួយទៀតតាមរយះ ការជំនួយ របស់សប្បុរសជន។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែង បញ្ជាក់ថា បើទោះបី ថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត ពុំមានថវិកា រដ្ឋគ្រប់គ្រាន់ សម្រាប់កសាង អាគារប៉ុស្តិ៍រដ្ឋបាលនគរបាល ក៏ដោយនោះ តែលោកបាន ផ្តួចផ្តើមគំនិត តាមរយះ ការធ្វើចលនា ការជួយឧបត្ថម្ភផ្សេងៗ ដើម្បី ផ្តល់កន្លែងធ្វើការ ជូនកងកម្លាំងនគរបាល ឲ្យបានសមរម្យ និង មានទឹកចិត្ត កាន់តែខ្លាំង លើការងារ បម្រើសន្តិសុខ និងការផ្តល់សេវា ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម ។
លោកស្នងការក៏សូមអំពាវនាវ ដល់សប្បុរសជន ទាំងឡាយណា បើមានចិត្តចង់ចូលរួមចំណែក ឧបត្ថម្ភ ទាំងថវិកា ឫសម្ភារះសំណង់ផ្សេងៗ សម្រាប់កសាង អាគារប៉ុស្តិ៍ នគរបាលរដ្ឋបាល ផ្សេងទៀតនោះ លោកនឹងស្វាគមន៍ ហើយទទួល គ្រប់ពេលវេលា៕
លោកឧត្តមសេនីយ៍ស្នងការ ចុះពិនិត្យដំណើរសាងសង់ អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល នាពេលកន្លងទៅ
ពិធីបញ្ចុះបឋមសិលា អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ